គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ចាត់ទុកសារនយោបាយរវាងគណបក្សធំពីរដែលមានអាសនៈក្នុងរដ្ឋសភា ថាបង្ហាញអំពីការបំភិតបំភ័យដល់វិស័យឯកជន និងប្រជាពលរដ្ឋ។
យោងសេចក្តីថ្លែងការណ៍របស់ គ.ប.ម ចេញថ្ងៃទី៥ ខែតុលា ឲ្យដឹងថា គ.ប. ម ចាត់ទុកសារនយោបាយឆ្លើយឆ្លងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អំពីរឿងដីធ្លី គឺមិនបានឆ្លុះបញ្ចាំងអំពីដំណោះស្រាយសមស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរីនោះទេ។ ក្នុងសេចក្ដីថ្លែងការណ៍នោះ គ.ប.ម បានចាត់ទុកសារនយោបាយដែលមានគោលគំនិតរឹបអូសដីពីអ្នកមាន ឲ្យទៅអ្នកក្រ ជារឿងមិនត្រឹមត្រូវ ក្នុងរបបទីផ្សារសេរី។
សេចក្ដីថ្លែងការណ៍បន្តថា សារនយោបាយអំពីការកើតមានសង្គ្រាម បើមានការផ្លាស់ប្តូរអ្នកដឹកនាំនាពេលអនាគតនោះ មិនឆ្លុះបញ្ចាំងពីការមិនទទួលខុសត្រូវរបស់មេដឹកនាំប្រទេស ដែលកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។
នៅក្នុងសេចក្តីថ្លែងការដដែលនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឲ្យដឹងដែរថា រដ្ឋាភិបាលត្រូវតែធានានូវសិទ្ធិដីធ្លីដល់បុគ្គលិកគ្រប់រូប រួមទាំងប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកវិនិយោគទុនក្នុងវិស័យកសិកម្ម រដ្ឋត្រូវជួយកសិករដែលមានដីតិចឲ្យចេះបង្កើនផលិតកម្ម តាមរយៈការងារផ្សព្វផ្សាយ កសិកម្ម និងពួកគេអាចមានលទ្ធភាពបានទុនកម្ចី ដែលមានការប្រាក់ទាប សម្រាប់វិនិយោគបង្កើនផលិតកម្ម និងរដ្ឋាភិបាលត្រូវប្រគល់ដីរបស់រដ្ឋ ដែលនៅទំនេរដល់កសិករ ដែលអត់ដីតាមរយៈ សម្បទានសង្គមកិច្ច។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្ថែមថា ដើម្បីធានាឲ្យមានការគ្រប់គ្រង និងវិនិយោគលើវិស័យដីធ្លី ប្រកបដោយប្រសិទ្ធភាព សមធម៌ និងសុចរិតភាព គណបក្សខ្លួន នឹងរៀបចំកម្មវិធីនយោបាយប្រកបដោយការចូលរួមទូលំទូលាយ ដើម្បីដោះស្រាយបញ្ហានេះ ជាមួយស្មារតីយល់ដឹងអំពីសេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។