en     km
en     km

ក្រពើ​ភ្នំ​មួយ​ក្បាល​ ជាប់​មង​ពលរដ្ឋ​នៅ​ខេត្ដពោធិ៍សាត់​

Share

​ភ្នំពេញ​ ៖​ សត្វ​ក្រពើ​មួយ​ក្បាល​ ទម្ងន់ប្រហែល​ ១០០​គីឡូ​ បាន​ជាប់​មង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្ដពោធិ៍សាត់​។​ មេឃុំ​ថ្មដា​ អះអាង​ថា​ នេះ​ជា​ក្រពើ​ភ្នំ​ ហើយ​មិនមែន​មាន​តែ​មួយ​ក្បាល​នោះ​ទេ​។​ បើ​ទោះជា​កន្លង​មក​វា​មិន​ធ្លាប់​វាយប្រហារ​អ្នក​ភូមិ​ក្ដី​ តែ​មេឃុំ​ថ្មដា​ អំពាវនាវ​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ពេល​ដែល​ចុះ​រក​ត្រី​ម្ដងៗ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ខៀវ​ កា​ញា​រិ​ទ្ធិ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ កន្លង​ទៅ​ ប្រជាពលរដ្ឋ​មួយ​រូប​ រស់នៅ​ក្នុងភូមិ​កណ្ដោល​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្ដពោធិ៍សាត់​ បាន​ជួប​ក្រពើ​មួយ​ក្បាល​ទម្ងន់​ ១០០​គីឡូ​ ជាប់​មង​ ស្ថិត​នៅ​ស្ទឹង​មេទឹក​។​ ក្រោយ​ពី​ឃើញ​សត្វ​ក្រពើ​ជាប់​ មង​ ពលរដ្ឋ​រូប​នោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​អន្ដរាគមន៍​យក​សត្វ​ក្រពើ​មួយ​ក្បាល​នោះ​។​ នៅ​ពេល​នេះ​សត្វ​ក្រពើ​មួយ​ក្បាល​នោះ​ កំពុង​ស្ថិត​នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​ ៨២៥​។​

​ទាក់ទិន​សត្វ​ក្រពើ​ជាប់​មង​នេះ​ លោក​មេឃុំ​ថ្មដា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ នេះ​ជា​ក្រពើ​ភ្នំ​ ហើយ​មិនមែន​មាន​តែ​មួយ​ក្បាល​នេះ​ទេ​។​ ជា​និច្ចកាល​គេ​តែង​ប្រទះ​ឃើញ​សត្វ​ក្រពើ​នេះ​ ស្ថិត​ក្នុង​អន្លង់​ជ្រៅៗ​ ចាប់ពី​១០​ម៉ែត្រ​ឡើង​ទៅ​។​ លោក​មេឃុំ​បន្ដ​ថា​ ការ​ដែល​មិន​មានការ​ទៅ​ចាប់​យក​ក្រពើ​ទាំងនោះ​ចេញពី​ស្ទឺ​ង​នោះ​ ពីព្រោះ​តែ​កន្លង​មក​សត្វ​ក្រពើ​ទាំងនោះ​ មិន​ធ្លាប់​បង្ក​គ្រោះថ្នាក់​ ឬ​វាយប្រហារ​លើ​មនុស្ស​ឡើយ​ ៖«​ឲ្យ​តែ​អន្លង់​រាង​ជ្រៅៗ​ ទឹក​អត់​សូវ​ហូរ​ ជម្រៅ​ ១០​ម៉ែត្រ​ឡើង​ទៅ​ អាហ្នឹង​មាន​ហើយ​ ក្រពើ​។​ វា​នៅ​ហ្នឹង​តាម​ដំណើរ​វា​អ​ញ្ចឹ​ង​ទៅ​ វា​នៅ​តាម​ដងស្ទឹង​មេទឹក​ហ្នឹង​ ជួប​ប្រទះ​ច្រើន​កន្លែង​ដែរ​។​ ប៉ុន្ដែ​មិន​ដែល​ឃើញ​វា​ខាំ​មនុស្ស​ណាមួយ​ទេ​អត់​ទេ​»​។​

​ទាក់ទិន​ករណី​ លោក​មេឃុំ​ថ្មដា​ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តែងតែ​ទៅ​ដាក់​មង​ រក​ត្រី​នៅ​តំបន់​ស្ទឹង​មេទឹក​នេះ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។​ គួរ​ទៅ​ដោយ​គ្នា​ចាប់ពីរ​នាក់​ឡើង​ទៅ​ ហើយ​មិន​គួរ​ទៅ​តែ​ម្នាក់ឯង​ទេ​។​ បើ​ទោះជា​សត្វ​ក្រពើ​ នៅ​តំបន់​នេះ​ មិន​ធ្លាប់​វាយប្រហារ​លើ​មនុស្ស​ក៏​ដោយ​ តែ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​។​

​ក្រពើ​ភ្នំ​ ឬ​គេ​ហៅ​ម្យ៉ាងទៀត​បាន​ថា​ ក្រពើ​ត្រី​ សត្វ​ក្រពើ​ប្រភេទ​នេះ​ គឺជា​ពពួកសត្វ​ល្មួ​ន​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​ ចំនួន​របស់​ក្រពើ​ភ្នំ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។​ តាម​ឯកសារ​របស់​អង្គការ​ WCS​ បាន​បញ្ជាក់​ថា​ សត្វ​ក្រពើ​ភ្នំ​ ឬ​ក្រពើ​ត្រី​នេះ​ មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ថៃ​ និង​ប្រទេស​វៀតណាម​ តែ​ប៉ុណ្ណោះ​។​ បន្ថែម​ពី​នេះ​ចំនួន​របស់​ពួក​វា​ នៅ​លើ​សាកលលោក​ មាន​ប្រមាណ​ជា​ ៤១០​ក្បាល​ ហើយ​ចន្លោះ​ពី​ ១០០-៣០០​ក្បាល​ កំពុង​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ នៃ​ប្រទេស​កម្ពុជា​។​ តែបើ​តាម​ អង្គការ​ Fauna​ and​ Flora​ International​ បាន​និយាយ​ថា​ នៅ​ជូរ​ភ្នំ​ក្រ​វ៉ា​ញ​ខេត្ដពោធិ៍សាត់​ មាន​វត្ដមាន​ក្រពើ​ភ្នំ​ ប្រមាណ​ជា​ ៦០​ក្បាល​ កំពុង​រស់នៅ​ទីនោះ​។​

​ក្រពើ​ភ្នំ​ អាច​មាន​ទម្ងន់​រហូត​ដល់​ ៣៥០​ គីឡូក្រាម​ឡើង​ទៅ​ និង​មាន​បណ្ដោយ​ខ្លួន​ ៤​ម៉ែត្រ​។​ វា​អាច​សំងំ​នៅ​ក្នុង​ទឹក​ បានជា​ច្រើន​ម៉ោង​ ដើម្បី​រង់​ចាប់​ចំណី​របស់​វា​។​ ធ្មេញ​ក្រពើ​ នឹង​ដុះ​សារ​ជា​ថ្មី​រហូត​ដល់​ ៣០០០​ដង​ ដើម្បី​ជំនួស​ធ្មេញ​ដែល​ខូច​បាក់បែក​ ក្នុង​រយៈពេល​ ៧០​ឆ្នាំ​នៃ​វដ្ដ​ជីវិត​របស់​វា​។​ ក្រពើ​ភ្នំ​ បច្ចុប្បន្ន​បាន​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​ ព្រោះតែ​ការ​បរបាញ់​ ការ​បាត់បង់​ទីជម្រក​៕

Share

Image
Image
Image