ភ្នំពេញ ៖ សត្វក្រពើមួយក្បាល ទម្ងន់ប្រហែល ១០០គីឡូ បានជាប់មងប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ មេឃុំថ្មដា អះអាងថា នេះជាក្រពើភ្នំ ហើយមិនមែនមានតែមួយក្បាលនោះទេ។ បើទោះជាកន្លងមកវាមិនធ្លាប់វាយប្រហារអ្នកភូមិក្ដី តែមេឃុំថ្មដា អំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ច ពេលដែលចុះរកត្រីម្ដងៗ។
លោក លៀ ស៊ីណា រាយការណ៍ ៖
លើទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងភូមិកណ្ដោល ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ បានជួបក្រពើមួយក្បាលទម្ងន់ ១០០គីឡូ ជាប់មង ស្ថិតនៅស្ទឹងមេទឹក។ ក្រោយពីឃើញសត្វក្រពើជាប់ មង ពលរដ្ឋរូបនោះបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីអន្ដរាគមន៍យកសត្វក្រពើមួយក្បាលនោះ។ នៅពេលនេះសត្វក្រពើមួយក្បាលនោះ កំពុងស្ថិតនៅទីបញ្ជាការវរការពារព្រំដែនគោកលេខ ៨២៥។
ទាក់ទិនសត្វក្រពើជាប់មងនេះ លោកមេឃុំថ្មដា បានប្រាប់វិទ្យុស្ដ្រីថា នេះជាក្រពើភ្នំ ហើយមិនមែនមានតែមួយក្បាលនេះទេ។ ជានិច្ចកាលគេតែងប្រទះឃើញសត្វក្រពើនេះ ស្ថិតក្នុងអន្លង់ជ្រៅៗ ចាប់ពី១០ម៉ែត្រឡើងទៅ។ លោកមេឃុំបន្ដថា ការដែលមិនមានការទៅចាប់យកក្រពើទាំងនោះចេញពីស្ទឺងនោះ ពីព្រោះតែកន្លងមកសត្វក្រពើទាំងនោះ មិនធ្លាប់បង្កគ្រោះថ្នាក់ ឬវាយប្រហារលើមនុស្សឡើយ ៖«ឲ្យតែអន្លង់រាងជ្រៅៗ ទឹកអត់សូវហូរ ជម្រៅ ១០ម៉ែត្រឡើងទៅ អាហ្នឹងមានហើយ ក្រពើ។ វានៅហ្នឹងតាមដំណើរវាអញ្ចឹងទៅ វានៅតាមដងស្ទឹងមេទឹកហ្នឹង ជួបប្រទះច្រើនកន្លែងដែរ។ ប៉ុន្ដែមិនដែលឃើញវាខាំមនុស្សណាមួយទេអត់ទេ»។
ទាក់ទិនករណី លោកមេឃុំថ្មដា សំណូមពរឲ្យប្រជាពលរដ្ឋដែលតែងតែទៅដាក់មង រកត្រីនៅតំបន់ស្ទឹងមេទឹកនេះ ត្រូវមានការប្រុងប្រយ័ត្ន។ គួរទៅដោយគ្នាចាប់ពីរនាក់ឡើងទៅ ហើយមិនគួរទៅតែម្នាក់ឯងទេ។ បើទោះជាសត្វក្រពើ នៅតំបន់នេះ មិនធ្លាប់វាយប្រហារលើមនុស្សក៏ដោយ តែគួរតែមានការប្រុងប្រយ័ត្ន។
ក្រពើភ្នំ ឬគេហៅម្យ៉ាងទៀតបានថា ក្រពើត្រី សត្វក្រពើប្រភេទនេះ គឺជាពពួកសត្វល្មួនជិតផុតពូជបំផុតនៅលើសាកលលោក ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ចំនួនរបស់ក្រពើភ្នំ ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅប៉ុន្មានឆ្នាំចុងក្រោយ។ តាមឯកសាររបស់អង្គការ WCS បានបញ្ជាក់ថា សត្វក្រពើភ្នំ ឬក្រពើត្រីនេះ មានរស់នៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងប្រទេសវៀតណាម តែប៉ុណ្ណោះ។ បន្ថែមពីនេះចំនួនរបស់ពួកវា នៅលើសាកលលោក មានប្រមាណជា ៤១០ក្បាល ហើយចន្លោះពី ១០០-៣០០ក្បាល កំពុងរស់នៅក្នុងព្រៃធម្មជាតិ នៃប្រទេសកម្ពុជា។ តែបើតាម អង្គការ Fauna and Flora International បាននិយាយថា នៅជូរភ្នំក្រវ៉ាញខេត្ដពោធិ៍សាត់ មានវត្ដមានក្រពើភ្នំ ប្រមាណជា ៦០ក្បាល កំពុងរស់នៅទីនោះ។
ក្រពើភ្នំ អាចមានទម្ងន់រហូតដល់ ៣៥០ គីឡូក្រាមឡើងទៅ និងមានបណ្ដោយខ្លួន ៤ម៉ែត្រ។ វាអាចសំងំនៅក្នុងទឹក បានជាច្រើនម៉ោង ដើម្បីរង់ចាប់ចំណីរបស់វា។ ធ្មេញក្រពើ នឹងដុះសារជាថ្មីរហូតដល់ ៣០០០ដង ដើម្បីជំនួសធ្មេញដែលខូចបាក់បែក ក្នុងរយៈពេល ៧០ឆ្នាំនៃវដ្ដជីវិតរបស់វា។ ក្រពើភ្នំ បច្ចុប្បន្នបានស្ថិតក្នុងការគំរាមកំហែង ឈានទៅរកការវិនាសផុតពូជ ព្រោះតែការបរបាញ់ ការបាត់បង់ទីជម្រក៕