ភ្នំពេញ៖ ក្នុងអំឡុងខែកញ្ញាឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន១៤ ដែលមានទុនវិនិយោគសរុបចំនួន៣ម៉ឺន ៦ពាន់ ៥៩៥លានដុល្លារ។រោងចក្រសហគ្រាសដែលដាក់ទុនវិនិយោគនេះនឹងអាចផ្តល់កន្លែងការងារដល់កម្មករបានប្រមាណ១ ម៉ឺន៨៧២១កន្លែង ហើយភាគច្រើននៃក្រុមហ៊ុនទាំងនេះ គឺផ្តោតលើវិស័យកាត់ដេរសំលៀកបំពាក់និងដេរស្បែកជើង។
យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC គម្រោងដែលត្រូវបានអនុម័តយល់ព្រមនោះ មានចំនួន ១៤ក្រុមហ៊ុន រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ១០ទីតាំងនៅភ្នំពេញ និងខេត្តកណ្តាល និងរោងចក្រផលិតកេសកាតុងចំនួន២ រោងចក្រផលិតគ្រឿងសង្ហារឹមចំនួនមួយកន្លែង និងរោងចកែច្នៃសំណល់សម្រាមចំនួនមួយផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ៩។ ទុនវិនិយោគសរុបនៃគម្រោងដែលត្រូវបានអនុម័តទាំងនេះមានចំនួនប្រមាណ ៣ពាន់ ៥០០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត ១០ម៉ឺនកន្លែង។
តួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១៩គម្រោង ខណៈដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន ១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំងរហូតដល់ទៅ ៧៧%។
ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល មានការកើនទ្បើង ២២% ដែលក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក ២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨៕
អត្ថបទ ៖ លោក កែវ សុខា