ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋត្រូវចេះបង្ការការពារសុខភាពមកពីការពុលចំណីអាហារ ឬស្រានៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ កញ្ញា ដល់ ១០ តុលា។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សព្វផ្សាយនៅថ្ងៃទី ២៥ កញ្ញា ឱ្យដឹងថា ក្រសួងអំពាវនាវឱ្យសាធារណជនត្រូវចូលរួមអនុត្តវិធានការបង្ការ ដើម្បីចៀសផុតពីបញ្ហាសុខភាពដោយសារពុលចំណីអាហារ។ ការពុលអាហារភាគច្រើនអាចបណ្តាលមកពីការចំអិនអាហារគ្មានអនាម័យ ហើយការបិទស្រាខុសលក្ខណៈបច្ចេកទេសត្រឹមត្រូវអាចបណ្ដាលឱ្យអ្នកទទួលទានស្លាប់ដែរ។
ក្រសួងសុខាភិបាល ពន្យល់ថា រោគសញ្ញាពុលចំណីអាហារមានអាការក្អួត ចង្កោរ រាក រាកមួល និងអាការពុលស្រាមានរោគសញ្ញា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ករណីទាំំងពីរនេះអាចបណ្តាលឱ្យស្លាប់បើយឺតយ៉ាវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។
ករណីនេះ ក្រសួងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបញ្ឈប់ផឹកស្រាស ឬ ស្រាថ្នាំ បិទមិនត្រឹមត្រូវតាមបច្ចេកទេស ព្រោះស្រាស ឬ ស្រាថ្នាំ ភាគច្រើនរកឃើញមានកម្រិតមេតាណុលខ្ពស់នៅពេលក្រសួងពិនិត្យលើសំណាកដែលប្រជាពលរដ្ឋពុលកន្លងមក។
លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋ ត្រូវប្រ់ប្រាស់ទឹក ស្អាត និងចម្អិនអាហារឱ្យបានឆ្អិនល្អ លាងដៃនឹងសាប៊ូជាប្រចាំ លាងសម្អាតបន្លែផ្លែឈើ ឱ្យបានស្អាត សម្អាតសម្ភារឱ្យស្អាតល្អមុនប្រើប្រាស់ ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា និងកុំប្រើប្រាស់ចំណីអាហារហួសកាលបរិច្ឆេក។
កាលពីខែកក្កដា ឆ្នាំ ២០១៨ យ៉ាងតិចអ្នកភូមិពីរនាក់នៅស្រុកស្នួល ខេត្តក្រចេះ បានពុលស្រាសបណ្តាលឱ្យស្លាប់ក្នុងចំណោមអ្នកភូមិពុលស្រា ៧៣ នាក់ផ្សេងទៀត។ករណីពុលស្រាសដូចនេះបណ្ដាលស្លាប់មនុស្ស ១៤ និងមនុស្សជិត ៣០០ នាក់ធ្លាក់ខ្លួនឈឺ នៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីខែ ឧសភា ឆ្នាំ ២០១៨។
របាយការណ៍ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកភូមិពុលស្រាសមាន ១៣នាក់ ក្នុងនោះស្លាប់ពីរនាក់ក្នុងឆ្នាំ ២០១៧ នៅខេត្តមណ្ឌលគិរី។ ឆ្នាំ ២០១៦ អ្នកភូមិពុលស្រា ៩២ នាក់ ក្នុងនោះស្លាប់ ១៥ នាក់ នៅខេត្តកំពងឆ្នាំង ហើយនៅឆ្នាំ ២០១៥ អ្នកភូមិពុលស្រាមាន ២៨៤ នាក់ ក្នុងនោះស្លាប់ ៣៣ នាក់ នៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី៕