ភ្នំពេញ៖ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៨នេះ ក្រសួងសុខាភិបាលបានផ្តល់ការព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀនមានការកើនឡើងជាង ១០០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជនញៀនថ្នំាជាង៣០០០នាក់មកទទួលសេវាពន្យាបាលនៅតាមមណ្ឌលសុខភាព។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ ស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀនទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល បង្ហាញថា ជនញៀនថ្នាំញៀនមកទទួលសេវាព្យាបាលបន្សាបចំនួន ៣២៣១ នាក់ នៅតាមមណ្ឌលសុខភាព។
ក្នុងនោះអ្នកញៀនគ្រឿងញៀនជាបុរសមានចំនួន ៣០១៩ នាក់ ស្មើនឹង ៩៣ ភាគរយ ហើយអ្នកញៀនគ្រឿងញៀនជាស្រីមានចំនួន ២១២ នាក់ ស្មើនឹង ៧ ភាគរយ។ អ្នកញៀនគ្រឿង ញៀន ត្រូវបានរកឃើញថា បានប្រើប្រាស់ថ្នាំញៀនប្រភេទអំហ្វេតាមីន និងហេរូអ៊ីន។
ក្នុងឆមាសទី១ អ្នកញៀនគ្រឿងញៀនមកទទួលសេវាព្យាបាលមានកំណើន ១០២ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានចំនួន ១៥៩៦ នាក់។
របាយការណ៍នេះ បន្ថែមថា ការផ្តល់សេវាព្យាបាលនៅតាមមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅឆមាសទី១ សរុបមានចំនួន ៨៨២១ នាក់។
ជនញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទា សរុបមានចំនួន ១២០៥២ នាក់។
ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្នែកលើសហគមន៍ទាមទារឱ្យមានកិច្ចសហការអន្តរវិស័យក្នុងភាពជាដៃគូរវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្ត្រីអនុវត្តច្បាប់ ជាចាំបាច់មិនអាចខ្វះបាន។ ក្រសួងសុខាភិបាល មានការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងយន្តការភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនានា។
របាយការណ៍ប្រចាំឆ្នាំ២០១៧របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៨ពាន់ ករណី កើនឡើងជិត ៤ពាន់ករណី ស្មើនឹងជាង ៩២ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦ មានជាង ៤ពាន់ ករណី។
អ្នកញៀនថ្នាំប្រភេទអំហ្វេតាមីន ហេរ៉ូអ៊ីន និងអាភៀនបានទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋជាង ៣ពាន់ នាក់ និងព្យាបាលក្នុងមណ្ឌលបន្សាបគ្រឿងញៀនជាង ១ម៉ឺន ២ពាន់ កើនឡើងជិត ៥ ពាន់នាក់។
លោកនាយឧត្តមសេនីយ៍ កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ក្នុងដំណាក់កាលទី ៣ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀន អាជ្ញាធរឃាត់ខ្លួនជនសង្ស័យជាង ៥៧០០ នាក់ និងបង្ក្រាបបទល្មើសជាង ២៨០០ ករណី។
ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកគ្រឿងញៀនជាង ៧០០០នាក់ ហើយអាជ្ញាធរធ្វើការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋជាង ១លាន ៦ សែននាក់។
បើតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០១៧ រកឃើញថា អ្នកប្រើប្រាស់គ្រឿងញៀននៅតាមភូមិ ឃុំជាង ១៤០០០ នាក់ ស្មើនឹង ៣៦ ភាគរយ មិនទាន់ទទួលបានសេវាព្យាបាលនិងស្តារនីតិសម្បទា៕