ភ្នំពេញ ៖ ជប៉ុនបានផ្ដល់ប្រាក់ចំនួន ១លានដុល្លារ ដល់កម្ពុជាដើម្បីជួសជុលផ្នែកខ្លះ នៃប្រាសាទបាយ័ន តាមរយៈអង្គការ UNESCO ក្រោមកិច្ចសហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រៅពីការជួសជុលប្រាសាទបាយ័ន ប្រាសាទផ្សេងៗទៀត ក៏ក្រសួងក៏មានគម្រោងជួសជុលផ្សេងៗទៀតដែរ។
លោក លៀ ស៊ីណា រាយការណ៍ ៖
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ម្សិលមិញ បានចុះអត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាជាមួយអង្គការ UNESCO ដើម្បីជួសជុលផ្នែកមួយចំនួន របស់ប្រាសាទបាយ័ន ដែលរងការខូចខាត ហើយការចំណាយលើការជួសជុលនេះ តាមរយៈជំនួយរបស់ជប៉ុន។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានបញ្ជាក់ថា ជប៉ុនបានផ្ដល់ប្រាក់មកកម្ពុជា មានចំនួន ១លានដុល្លារ ដើម្បីជួសជុល ប្រាង្គកណ្ដាល និងទីលានជុំវិញ ប្រាង្គកណ្ដាល នៃប្រាសាទបាយ័ន។ គម្រោង នៃការជូសជុលនេះ គឺមានរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
លោកស្រីរដ្ឋមន្ដ្រី បន្ដទៀតថា ការជួសជុលប្រាសាទបាយ័ន ពីព្រោះតែប្រាសាទនេះ មានការទាក់ទាញច្រើន ហើយក៏ជាប្រាសាទដ៏អស្ចារ្យមួយ ក្នុងចំណោមប្រាសាទផ្សេងៗ នៃស្ថាបត្យកម្មរបស់ខ្មែរ។ លោកស្រីបន្ដថា ជប៉ុន បានជួយកម្ពុជា ដើម្បីជួសជុលប្រាសាទបុរាណ ដែលរងការខូចខាត មកជាយូរហើយ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល២៥ឆ្នាំ។ លោកស្រីអះអាងថា កម្ពុជានឹងខិតខំបន្ដកិច្ចសហការឲ្យបានកាន់តែល្អ ទាំងភាគីជប៉ុន និងអង្គការ UNESCO ៖«ដូច្នេះតាំងពីដើមកគឺជប៉ុនជួយរហូត សូម្បីតែស្ពានហាល ខាងលិចអង្គរផ្លូវចូលហ្នឹងណា។ ដើម្បីរើស្ពានហាលឡើងវិញទាំងអស់ហ្នឹងក៏ជាគម្រោងជប៉ុនដែរ។ ជប៉ុនជួយច្រើនណាស់ ប្រាសាទភាគច្រើននៅអង្គរគឺបានគម្រោងជប៉ុនជូសជុលជួយយើង។ ដូច្នេះយើងនឹងខិតខំបន្ដកិច្ចសហការហ្នឹងទាំងភាគីជប៉ុន និង UNESCO»។
បន្ថែមពីនេះលោកស្រីរដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រៅពីគម្រោងជូសជុលប្រាសាទបាយ័ន ក្រសួងវប្បធម៌នៅមានគម្រោងជាច្រើនទៀត ដើម្បីបន្ដជួសជុលប្រាសាទមួយចំនួន ដែលរងការខូចខាត។ ជាក់ស្ដែងមានដូចជាប្រាសាទមេបុណ្យខាងលិច និងទីលានជល់ដំរីជាដើម។ ក្រៅពីប្រទេសជប៉ុន ក៏មានប្រទេសជាមិត្ដដទៃទៀត ត្រៀមដើម្បីផ្ដល់ការគាំទ្រដល់ការជួសជុលប្រាសាទទាំងនេះ ៖«គម្រោងមានច្រើនណាស់ប្អូន នៅក្នុងតំបន់អប្សរាអង្គរ។ យើងមានគម្រោងជាមួយខាងភាគីបារាំង ដែលនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ ប្រាសាទមេបុណ្យខាងលិច បន្ទាប់មកទៀតមានប្រាសាទដទៃៗទៀត ដែលជាការចូលរួមរបស់ដៃគូអន្ដរជាតិជាហូរហែមានតាំងពីខាងកូរ៉េឡើងទៅ ខាងចិនក៏មានជួយយើង។ យើងបម្រុងនឹងជូសជុលនៅទីលានជល់ដំរី ហ្នឹងក៏ជាកម្មវិធីមួយបន្ដពីប្រាសាទបារយ័នទៅ។ ទីលានជល់ដំរី ជួយជូសជុលតាមរយៈរដ្ឋាភិបាលកូរ៉េ»។
ប្រាសាទបាយ័ន ជាប្រាសាទដែលស្ថិតនៅចំកណ្ដាល នៃទីក្រុងអង្គរ។ ប្រាសាទបាយ័ន ជាប្រាសាទខ្មែរ ដ៏គួរឲ្យទាក់ទាញបំផុតនៅឧទ្យានអង្គរ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័ន មានតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូលចំនួន ៥ ទៀត ដែលសរុបទាំងអស់ ៥៤កំពូល តំណាងឲ្យខេត្ដក្រុង របស់ខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ ភ្ញៀវទេសចរណ៍ បានមកទស្សនាប្រាសាទនានា ដែលនាំឲ្យកម្ពុជាទទួលបានចំណូល ៦១.៤លានដុល្លារ ពីការលក់សំបុត្រ នៅប្រាសាទអង្គរវត្ដ នាពាក់កណ្ដាលឆ្នាំ២០១៨ ដែលចំនួននេះ គឺបានកើនឡើងជិត ១៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧៕