en     km
en     km

ក្រសួង​វប្បធម៌​ ចុះ​អនុស្សា​រណៈ​ជាមួយ​អង្គការ​ UNESCO​ ដើម្បី​ជូ​ស​ជុល​ប្រាសាទបាយ័ន​

Share

​ភ្នំពេញ​ ៖​ ជប៉ុន​បាន​ផ្ដល់​ប្រាក់​ចំនួន​ ១​លាន​ដុល្លារ​ ដល់​កម្ពុជា​ដើម្បី​ជួសជុល​ផ្នែក​ខ្លះ​ នៃ​ប្រាសាទបាយ័ន​ តាម​រយៈ​អង្គការ​ UNESCO​ ក្រោម​កិច្ចសហការ​ជាមួយ​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​។​ ក្រៅពី​ការ​ជួសជុល​ប្រាសាទបាយ័ន​ ប្រាសាទ​ផ្សេងៗ​ទៀត​ ក៏​ក្រសួង​ក៏​មាន​គម្រោង​ជួសជុល​ផ្សេងៗ​ទៀត​ដែរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សី​ល្បៈ​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ម្សិលមិញ​ បាន​ចុះ​អត្ថ​លេខា​លើ​អនុស្សា​រណៈ​ យោគយល់​គ្នា​ជាមួយ​អង្គការ​ UNESCO​ ដើម្បី​ជួសជុល​ផ្នែក​មួយ​ចំនួន​ របស់​ប្រាសាទបាយ័ន​ ដែល​រង​ការ​ខូចខាត​ ហើយ​ការ​ចំណាយ​លើ​ការ​ជួសជុល​នេះ​ តាម​រយៈ​ជំនួយ​របស់​ជប៉ុន​។​

​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ បាន​បញ្ជាក់​ថា​ ជប៉ុន​បាន​ផ្ដល់​ប្រាក់​មក​កម្ពុជា​ មាន​ចំនួន​ ១​លាន​ដុល្លារ​ ដើម្បី​ជួសជុល​ ប្រាង្គ​កណ្ដាល​ និង​ទីលាន​ជុំវិញ​ ប្រាង្គ​កណ្ដាល​ នៃ​ប្រាសាទបាយ័ន​។​ គម្រោង​ នៃ​ការ​ជូ​ស​ជុល​នេះ​ គឺ​មាន​រយៈពេល​ ៣​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២០​។​

​លោកស្រី​រដ្ឋមន្ដ្រី​ បន្ដ​ទៀត​ថា​ ការ​ជួសជុល​ប្រាសាទបាយ័ន​ ពីព្រោះ​តែ​ប្រាសាទ​នេះ​ មានការ​ទាក់ទាញ​ច្រើន​ ហើយ​ក៏​ជា​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​ ក្នុង​ចំណោម​ប្រាសាទ​ផ្សេងៗ​ នៃ​ស្ថាបត្យកម្ម​របស់​ខ្មែរ​។​ លោកស្រី​បន្ដ​ថា​ ជប៉ុន​ បាន​ជួយ​កម្ពុជា​ ដើម្បី​ជួសជុល​ប្រាសាទបុរាណ​ ដែល​រង​ការ​ខូចខាត​ មក​ជា​យូរហើយ​ ដែល​គិត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈពេល​២៥​ឆ្នាំ​។​ លោកស្រី​អះអាង​ថា​ កម្ពុជា​នឹង​ខិតខំ​បន្ដ​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ល្អ​ ទាំង​ភាគី​ជប៉ុន​ និង​អង្គការ​ UNESCO​ ៖«​ដូច្នេះ​តាំងពី​ដើម​ក​គឺ​ជប៉ុន​ជួយ​រហូត​ សូ​ម្បី​តែ​ស្ពាន​ហាល​ ខាងលិច​អង្គរ​ផ្លូវ​ចូល​ហ្នឹង​ណា​។​ ដើម្បី​រើ​ស្ពាន​ហាល​ឡើង​វិញ​ទាំងអស់​ហ្នឹង​ក៏​ជា​គម្រោង​ជប៉ុន​ដែរ​។​ ជប៉ុន​ជួយ​ច្រើន​ណាស់​ ប្រាសាទ​ភាគច្រើន​នៅ​អង្គរ​គឺ​បាន​គម្រោង​ជប៉ុន​ជូ​ស​ជុល​ជួយ​យើង​។​ ដូច្នេះ​យើង​នឹង​ខិតខំ​បន្ដ​កិច្ចសហការ​ហ្នឹង​ទាំង​ភាគី​ជប៉ុន​ និង​ UNESCO»​។​

​បន្ថែម​ពី​នេះ​លោកស្រី​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់​ថា​ ក្រៅពី​គម្រោង​ជូ​ស​ជុល​ប្រាសាទបាយ័ន​ ក្រសួង​វប្បធម៌​នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត​ ដើម្បី​បន្ដ​ជួសជុល​ប្រាសាទ​មួយ​ចំនួន​ ដែល​រង​ការ​ខូចខាត​។​ ជាក់ស្ដែង​មាន​ដូច​ជា​ប្រាសាទមេបុណ្យខាងលិច​ និង​ទី​លានជល់ដំរី​ជាដើម​។​ ក្រៅពី​ប្រទេស​ជប៉ុន​ ក៏​មាន​ប្រទេស​ជា​មិត្ដ​ដទៃ​ទៀត​ ត្រៀម​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​ជួសជុល​ប្រាសាទ​ទាំងនេះ​ ៖«​គម្រោង​មាន​ច្រើន​ណាស់​ប្អូន​ នៅ​ក្នុង​តំបន់​អប្សរា​អង្គរ​។​ យើង​មាន​គម្រោង​ជាមួយ​ខាង​ភាគី​បារាំង​ ដែល​នឹង​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប្រាសាទមេបុណ្យខាងលិច​ បន្ទាប់​មក​ទៀត​មាន​ប្រាសាទ​ដទៃៗ​ទៀត​ ដែល​ជា​ការ​ចូលរួម​របស់​ដៃគូ​អន្ដរជាតិ​ជា​ហូរហែ​មាន​តាំងពី​ខាង​កូរ៉េ​ឡើង​ទៅ​ ខាង​ចិន​ក៏​មាន​ជួយ​យើង​។​ យើង​បម្រុង​នឹង​ជូ​ស​ជុល​នៅ​ទី​លានជល់ដំរី​ ហ្នឹង​ក៏​ជា​កម្មវិធី​មួយ​បន្ដ​ពី​ប្រាសាទ​បារ​យ័ន​ទៅ​។​ ទី​លានជល់ដំរី​ ជួយ​ជូ​ស​ជុល​តាម​រយៈ​រដ្ឋាភិបាល​កូរ៉េ​»​។​

​ប្រាសាទបាយ័ន​ ជា​ប្រាសាទ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ នៃ​ទីក្រុង​អង្គរ​។​ ប្រាសាទបាយ័ន​ ជា​ប្រាសាទខ្មែរ​ ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​ឧទ្យាន​អង្គរ​។​ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​ ១២​ និង​ដើម​សតវត្ស​ទី​ ១៣​ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។​ ប្រាសាទបាយ័ន​ មាន​តួ​ប៉ម​នីមួយៗ​ មានមុខ​បួន​ ដែល​មាន​កំពូល​ ៤៩​ និង​កំពូល​ក្លោ​ង​ទ្វារ​ចូល​ចំនួន​ ៥​ ទៀត​ ដែល​សរុប​ទាំងអស់​ ៥៤​កំពូល​ តំណាង​ឲ្យ​ខេត្ដ​ក្រុង​ របស់​ខ្មែរ​ ទាំង​ ៥៤​ នៅ​សម័យ​កាលនោះ​។​ ភ្ញៀវ​ទេសចរណ៍​ បាន​មក​ទស្សនា​ប្រាសាទ​នានា​ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណូល​ ៦១.៤​លាន​ដុល្លារ​ ពី​ការ​លក់​សំបុត្រ​ នៅ​ប្រាសាទអង្គរវត្ដ​ នា​ពាក់កណ្ដាល​ឆ្នាំ​២០១៨​ ដែល​ចំនួន​នេះ​ គឺ​បាន​កើនឡើង​ជិត​ ១៨​ភាគរយ​ បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧៕

Share

Image
Image
Image