ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា បញ្ហាជំងឺមិនឆ្លងកំពុងគំរាមកំហែងដល់សុខភាពនិងការអភិវឌ្ឍន៍ផ្នែកសង្គមកម្ពុជាឆាប់ៗ ព្រោះជំងឺមិនឆ្លងកំពុងមានការរីករាលដាលគួរឱ្យព្រួយបារម្ភដែលកម្ពុជាចាំបាច់មានវិធានការការពារជាបន្ទាន់។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
អង្គការសុខភាពពិភពលោក(WHO)និងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ UNDP បានដឹកនាំបេស កកម្មប្រមូលទិន្ន័យជាលើកដំបូងនៅកម្ពុជា ដើម្បីរកដំណោះហានិភ័យចំពោះអ្នកជំងឺមិនឆ្លង។ ការសិក្សាស្រាវជ្រាវកំណត់ខ្ទង់ចំណាយរបស់សង្គមនិងសេដ្ឋកិច្ចការនៃចំណាយទៅលើជំងឺមិនឆ្លង ហើយធ្វើការកំណត់ការអន្តរាគមន៍ដ៏មានប្រសិទ្ធភាពបំផុតនៅថ្នាក់ជាតិ។
នៅដំណាក់កាលនេះ កម្ពុជាកំពុងប្រឈមហានិភ័យនៃការរីករាលដាលជំងឺមិនឆ្លងដែលអាចនឹងគំរាមកំហែងឆាប់ៗនេះ ដល់សុខភាព និងការអភិវឌ្ឍន៍ផ្នែកសង្គម ប្រសិនបើមិនមានវិធានការទប់ស្កាត់ជាបន្ទាន់នោះទេ។
នៅកម្ពុជាមនុស្សសរុបច្រើនជាង ៦០ ភាគរយស្លាប់ដោយសារ ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺសួតរំាុរៃ ហើយមនុស្សម្នាក់ក្នុងចំណោមបួននាក់ស្លាប់មុនអាយុដោយជំងឺមិនឆ្លងដែលជាបញ្ហាចម្បងជាងគេ។
យោងតាមអង្គការសុខភាពពិភពលោក ឱ្យដឹងថា កត្តាគ្រោះថ្នាក់ជាទូទៅជំងឺមិនឆ្លងមានបួនសំខាន់ៗ។ ក្នុងនោះរួមមាន របបអាហារមិនល្អ អសកម្មរាងកាយ ការប្រើប្រាស់ថ្នាំជក់ និងផលប៉ះពាល់នៃការផឹកគ្រឿងស្រវឹង។
ប្រជាជនកម្ពុជាប្រហែល ២ លាននាក់ ប្រើប្រាស់ថ្នាំជក់ ដែលមាន ៤២.៥ ភាគរយ ជាមនុស្សប្រុសពេញវ័យជក់បារី ហើយ ២ភាគ៣ ឬប្រហែល ៦.៥២ លាននាក់ មនុស្សប្រុសពេញវ័យកម្ពុជាទទួលរងផលប៉ះពាល់ដោយស្រូបផ្សែងបារីពីនាក់ជក់នៅផ្ទះ។ គួរឱ្យព្រួយបារម្ភ ក្មេងជាងពាក់កណ្តាលរស់នៅក្នុងផ្ទះជាមួយមនុស្សដែលជក់បារីនៅចំពោះមុខរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត ល៉ូ យ៉ង់គូ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ផែនការសកម្មភាពចម្រុះជាតិស្តីពីជំងឺមិនឆ្លងឆ្នាំ២០១៨-២០២៧ ដែលចាប់ ផ្តើមបង្កើតឡើងក្នុងអំឡុងពេលបេសកម្មរបស់ការងារពិសេសUNបានក្លាយជាជំហានដ៏សំខាន់ ដើម្បីឆ្លើយតបថ្នាក់ជាតិនៃជំងឺមិនឆ្លង។
ប្រជាជនស្ទើរ ៩០ ភាគរយ ប្រើប្រាស់ឧស្ម័ន ឬអុស សម្រាប់ចម្អិនអាហារនាំអោយបំពុលបរិយានៅក្នុងផ្ទះជាកត្តារួមផ្សំបង្ករជំងឺផ្លូវដង្ហើមរុំារ៉ៃ ជំងឺមហារីកសួតដែលភាគច្រើនជាស្ត្រី ហើយក៏ដូចជាការស្លាប់ដោយជំងឺផ្លូវដង្ហើមក្នុងចំណោមកុមារ។ ប្រជាជនកម្ពុជា ៥ នាក់ ក្នុងចំណោម ១០ នាក់ បរិភោគបន្លែផ្លែឈើមិនគ្រប់គ្រាន់ទេ តែញុំាជាតិស្ករច្រើនពេកដោយបន្ថែមស្ករនិងអំពិលក្នុងអាហារ។
លោកវេជ្ជបណ្ឌិត ល៉ូ យ៉ង់គូ ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បន្ថែមថា ជំងឺមិនឆ្លងនៅកម្ពុជាមិនអាចដោះស្រាយដោយវិស័យសុខាភិបាលតែឯកបានទេ។ គោលនយោបាយ និងអន្តរាគមន៍ដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយជំងឺមិនឆ្លងអាស្រ័យទៅលើវិស័យជាច្រើនទៀត។
លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ជំងឺមិនឆ្លង ប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាល និងបង្វែរធនធានដែលខ្វះខាតចេញពីអាទីភាពផ្នែក សុខ ភាព និងអភិវឌ្ឍន៍ដទៃទៀត។
ក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ជំងឺលើស សម្ពាធឈាម ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរាំរៃ កំពុងមានអត្រាអ្នកជំងឺកើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។ ការកើនឡើងនេះ ក្រសួងសុខាភិបាលមើលឃើញថា ការផ្តល់សេវាបង្ការដំណាក់កាលបឋម ហើយការផ្តល់សេវាបង្ការដំណាក់កាលទី២ និងការផ្តល់សេវាជំងឺ មិនឆ្លងដំណាក់កាលធ្ងន់ធ្ងរនៅមានកម្រិតនៅឡើយ។
តាមរបាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា ជំងឺទឹកនោមផ្អែម ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក មានការកើនឡើងពី ២៥.៣០១ ករណី ក្នុងឆ្នាំ ២០១៤ ដល់ ៥៦.១៥២ ករណីក្នុងឆ្នាំ ២០១៧។
អ្នកជំងឺលើសឈាមសម្រាកព្យាបាលចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៧ មានការកើនឡើងពី ១៣.៩៦០ ករណី ដល់ ២១.៣០៩ ករណី។ រីឯអ្នកជំងឺបេះដូងមានការកើនឡើងពី២១.១០៣ ករណី ក្នុងឆ្នាំ ២០១៤ ទៅ២៤.៨៤៦ ករណី ក្នុងឆ្នាំ ២០១៧។
បើតាមរបាយការណ៍ពិពភលោកបង្ហាញថា អ្នកស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពុជាក្នុងឆ្នាំមុនមាន ៦១ ភាគរយ ហើយ ២៣ ភាគរយ ស្លាប់មុនអាយុដោយជំងឺនេះ។របាយការណ៍នេះរកឃើញថា បុរសកម្ពុជា១ភាគ៣ ប្រើប្រាស់ថ្នាំជក់ ហើយនៅឆ្នាំ ២០១៧ មនុស្សពេញវ័យជាង ១៧ ភាគរយលើសទម្ងន់ ៣.២ ភាគរយជាមនុស្សធាត់ និង៨.២ ភាគរយបង្កើនជាតិស្ករក្នុងឈាម ហើយ២១.១ភាគរយបង្កើនសម្ពាធឈាម។
ដើម្បីឆ្លើយតបជំងឺមិនឆ្លងប្រកបដោយប្រសិទ្ធភាព ក្រសួងសុខាភិបាលកំពុងពិនិត្យចុងក្រោយលើសេចក្តីព្រាងផែនការសកម្មភាពពហុវិស័យស្តីពីការបង្ការ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ ២០១៦ ដល់ ២០២៧៕