ភ្នំពេញ ៖ ប្រធានអង្គការអភិរក្សសត្វព្រៃ WCS បានលើកឡើងថា ចំនួនរបស់អណ្ដើកហ្លួងគិតមកដល់ឆ្នាំ២០១៨នេះ មានការកើនឡើង។ ប៉ុន្ដែពួកវានៅតែប្រឈមហានិភ័យខ្ពស់ ព្រោះការបាត់បង់ទីជម្រក និងការចាប់យកទៅធ្វើជាអាហារ។
លោក លៀ ស៊ីណា រាយការណ៍ ៖
សត្វអណ្ដើកហ្លូង គឺ ជាប្រភេទសត្វល្មួន ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCNគឺជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត នៅលើសាកលោក។ ល្មួនប្រភេទនេះ មានវត្ដមាននៅតែប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា និងប្រទេសថៃតែប៉ុណ្ណោះ។ យោងតាមការរកឃើញរបស់អង្គការអភិរក្សសត្វព្រៃ ចំនួនរបស់អណ្ដើកហ្លួង នៅលើសាកលលោក មានមិនដល់ ៥០០ក្បាលនោះទេ។
សម្រាប់ប្រទេសកម្ពុជា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ពួកវាមានចំនួនប្រមាណជាង ៥០ក្បាលប៉ុណ្ណោះ។ លោកឲ្យដឹងបន្ដថា ពួកវាគឺមានរស់នៅតែព្រៃធម្មជាតិ ស្រុកស្រែអំបិល ខេត្ដកោះកុងតែប៉ុណ្ណោះ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ WCS ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា សត្វអណ្ដើកហ្លួង ក្រោយពីរកឃើញវត្ដមានជាថ្មីនៅឆ្នាំ២០០០។ គិតមកដល់ឆ្នាំ២០១៨នេះ ចំនួនរបស់ពួកវា គឺមានការកើនឡើង ប៉ុន្ដែមិនមានចំនួននោះទេ។ យ៉ាងណាលោកនៅមានក្ដីបារម្ភពីការថយចុះចំនួនរបស់ពួកវា ពីព្រោះតែការបាត់បង់ទីជម្រក និងការចាប់យកទៅធ្វើជាចំណីអាហារ ៖«ដោយសារចំនួនរបស់វាក្នុងធម្មជាតិមានតិច ហើយហានិភ័យព្រោះការបាត់បង់ទីជម្រក តាមរយៈការបូមខ្សាច់ តាមរយៈការចាប់ធ្វើចំណីអាហារ ល និងល។ ដោយចំនួនរបស់វាតិចផង ហើយនិងជម្រករបស់វាមានតែក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល។ អញ្ចឹងបើយើងអត់មានការអភិរក្សទេ គឺប្រភេទសត្វអណ្ដើកហ្លួងគឺបាត់រូបរាងតែម្ដង»។
តែយ៉ាងណាប្រធានអង្គការ WCS សង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនធំបានយល់ដឹងពីសារប្រយោជន៍ របស់សត្វព្រៃ ក៏ដូចជាសត្វអណ្ដើកហ្លួងនេះជាដើម។ លោកសំណូមពរថា ដើម្បីបន្ដចូលរួមរក្សាវត្ដមានដ៏តិចតូចរបស់ពពួកសត្វអណ្ដើកហ្លួងនៅកម្ពុជានេះ សូមឲ្យប្រជាពលរដ្ឋចូលរួមបន្ថែមទៀត ក្នុងករណីដែលរកឃើញសត្វអណ្ដើកហ្លួង នៅតាមដងព្រែកស្រែអំបិល សូមយកមកប្រគល់ឲ្យអង្គការ WCS ឬក៏រដ្ឋបាលជលផលដែលមានការិយាល័យនៅក្នុងតំបន់នោះ។ ជាងនេះលោកស្នើ សូមកុំបរិភោគសត្វអណ្ដើកហ្លួងនេះ ពីព្រោះតែវាជាសត្វកម្រ ហើយក៏មិនមានជាតិប្រូតេអ៊ិនច្រើនអ្វីដែរ។
ជាមួយគ្នានេះលោកក៏សំណូមផងដែរ សុំឲ្យរដ្ឋាភិបាលបន្ដជួយអភិរក្សសត្វអណ្ដើកហ្លួងនេះ ដោយធ្វើយ៉ាងណា ការពារទីជម្រករបស់ពួកវា ដើម្បីអាចឲ្យពួកវាបន្ដពូជ និងមានវត្ដមានកាន់តែច្រើនឡើងនៅកម្ពុជា។ សត្វអណ្ដើកហ្លួង ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មួនតំណាងឲ្យប្រទេសកម្ពុជា ដោយព្រះរាជក្រិត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ មូលហេតុដែលគេដាក់ឈ្មោះថា អណ្ដើកហ្លួង ពីព្រោះតែកាលពីមុន គឺមានតែក្រុមគ្រួសាររាជវង្សប៉ុណ្ណោះ ដែលអាចសោយសាច់ និងពងរបស់ពួកវាបាន។
សត្វអណ្ដើកហ្លួង ធ្លាប់ត្រូវបានគេគិតថា ពួកវាបានផុតពូជពីកម្ពុជាអស់ទៅហើយ ក៏ប៉ុន្ដែនៅឆ្នាំ២០០០ រដ្ឋបាលជលផលខេត្ដកោះកុង និងអង្គការ WCS បានសិក្សារកឃើញចំនួនសេសសល់តិចតូចបំផុត រស់នៅតាមដងព្រែកស្រែអំបិល ខេត្ដកោះកុង។ ក្រោយពីរកឃើញ វត្ដមានរបស់អណ្ដើកហ្លួង នៅឆ្នាំ២០០១ រដ្ឋបាលជលផលខេត្ដកោះកុង និងអង្គការ WCS បានរៀបចំកម្មវិធីការពារសំបុក ដោយជួលប្រជាសហគមន៍នៅក្នុងតំបន់នោះការពារសំបុក តាំងពីពងរហូតដល់ញាស់ ហើយអង្គការផ្ដល់ជាប្រាក់កម្រៃសម្រាប់ពួកគាត់ ជំនួសឲ្យការប្រមូលយកពងកូនសត្វអណ្ដើកហ្លួងទៅលក់៕