ភ្នំពេញ ៖ ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បាននិយាយថា រយៈ ៣១ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨ មន្ដ្រីរបស់ ស៊ីម៉ាក់ បានបោសសម្អាតមីនប្រឆាំងមនុស្សចំនួន ៧១៨គ្រាប់ ពីតំបន់ទេសចរណ៍ខេត្ដព្រះវិហារ។
តាមលោក ហេង រតនា នាយកអង្គភាព ស៊ីម៉ាក់ បានសរសេរលើបណ្ដាញសង្គមរបស់លោក កាលពីដើមសប្ដាហ៍មុនថា ក្រុមចល័ត TSC លេខ ១៨ របស់អង្គភាព ស៊ីម៉ាក់ មានសមាជិក ៧រូប បានបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស នៅចម្ការមីន ស្ថិតក្នុងខេត្ដព្រះវិហារ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍។ ក្នុងបេសកកម្មនេះ គ្រាប់មីនប្រឆាំងមនុស្ស ៧១៨គ្រាប់ លើផ្ទៃដីសរុប ៥២៨៧៥ ម៉ែត្រក្រឡា ឬស្មើប្រមាណជាង ៥ហិចតា ត្រូវបានយកចេញ។ គ្រាប់មីនទាំងនោះមានប្រភេទ PMD6 ចំនួន៣១១គ្រាប់ គ្រាប់ប្រភេទ PMN (១១២មីលីម៉ែត្រ) ចំនួន ៤៩៤គ្រាប់ និង គ្រាប់ប្រភេទ POMZ ចំនួន ១៣គ្រាប់។ បន្ថែមពីនេះលោកបញ្ជាក់ថា ក្នុងចំណោមគ្រាប់ទាំងអស់នេះ មានគ្រាប់មិនទាន់ផ្ទុះចំនួន ២គ្រាន់ និងអំបែងចំនួន ១៥៩៤គ្រាប់។
លើសពីនេះគ្រាប់មីនមួយចំនួន បានបន្សាបនៅនឹងកន្លែង ហើយបានដឹកជញ្ជូនយកទៅប្រគល់ជូនសារៈមន្ទីរសន្ដិភាពសកម្មភាពមីនៅខេត្ដសៀមរាប។
មជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា ធ្លាប់ប្រាប់ឲ្យដឹងថា ផ្ទៃដី នៃប្រទេសកម្ពុជា ដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា។ ក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីបាន ៨ពាន់ ៦៣៦ហិចតា ។ ក្នុងនោះ គឺបានកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ៣ម៉ឺន ៧ពាន់ ៤៤៨គ្រាប់៕