en     km
en     km

គ្រាប់​មីន​ ៧១៨​គ្រាប់​ត្រូវ​បាន​យក​ចេញពី​ផ្ទៃដី​ ៥​ ហិច​តា​នៅ​ព្រះ​វិហារ​

Share

​ភ្នំពេញ​ ៖​ ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា​ ស៊ី​ម៉ាក់​ បាន​និយាយ​ថា​ រយៈ​ ៣១​ថ្ងៃ​ ខែកក្កដា​ ឆ្នាំ​២០១៨​ មន្ដ្រី​របស់​ ស៊ី​ម៉ាក់​ បាន​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៧១៨​គ្រាប់​ ពី​តំបន់​ទេសចរណ៍​ខេត្ដព្រះវិហារ​។​

​តាម​លោក​ ហេង​ រតនា​ នាយក​អង្គភាព​ ស៊ី​ម៉ាក់​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ កាលពីដើម​ស​ប្ដា​ហ៍​មុន​ថា​ ក្រុម​ចល័ត​ TSC​ លេខ​ ១៨​ របស់​អង្គភាព​ ស៊ី​ម៉ាក់​ មាន​សមាជិក​ ៧​រូប​ បាន​បោសសម្អាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ នៅ​ចម្ការ​មីន​ ស្ថិត​ក្នុង​ខេត្ដព្រះវិហារ​ ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​។​ ក្នុង​បេសកកម្ម​នេះ​ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ៧១៨​គ្រាប់​ លើ​ផ្ទៃដី​សរុប​ ៥២៨៧៥​ ម៉ែត្រក្រឡា​ ឬ​ស្មើ​ប្រមាណ​ជាង​ ៥​ហិច​តា​ ត្រូវ​បាន​យក​ចេញ​។​ គ្រាប់​មីន​ទាំងនោះ​មាន​ប្រភេទ​ PMD6​ ចំនួន​៣១១​គ្រាប់​ គ្រាប់​ប្រភេទ​ PMN​ (១១២​មី​លី​ម៉ែត្រ​)​ ចំនួន​ ៤៩៤​គ្រាប់​ និង​ គ្រាប់​ប្រភេទ​ POMZ​ ចំនួន​ ១៣​គ្រាប់​។​ បន្ថែម​ពី​នេះ​លោក​បញ្ជាក់​ថា​ ក្នុង​ចំណោម​គ្រាប់​ទាំង​អស់នេះ​ មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ ២​គ្រាន់​ និង​អំបែង​ចំនួន​ ១៥៩៤​គ្រាប់​។​

​លើស​ពី​នេះ​គ្រាប់​មីន​មួយ​ចំនួន​ បាន​បន្សាប​នៅ​នឹង​កន្លែង​ ហើយ​បាន​ដឹក​ជញ្ជូន​យក​ទៅ​ប្រគល់​ជូន​សារៈមន្ទីរ​សន្ដិភាព​សកម្មភាព​មី​នៅ​ខេត្ដសៀមរាប​។​

​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទៃដី​ នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​៕

Share

Image
Image
Image