ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនវៀតណាមដោយសារប្រធានាធិបតី ត្រាន់ ដាយក្វាង បានស្លាប់កាលពីថ្ងៃសុក្រ ទី ២១កញ្ញា ក្នុងជន្មាយុ ៦១ឆ្នាំដោយជំងឺ។
សេចក្ដីថ្លែង ការណ៍របស់លោកត្រាំ បានហៅលោក ត្រាន់ ដាយក្វាង ថា ជាមហាមិត្តរបស់អាមេរិកដែលលោកថា សមភាគីវៀតណាមរូបនេះ បានទទួលលោកយ៉ាងរាក់ទាក់អំឡុងលោកបានទៅធ្វើទស្សនកិច្ចនៅក្រុងហាណូយកាលពីឆ្នាំទៅ។
លោកត្រាំបានរៀបរាប់ថា៖«ខ្ញុំ មានការត្រេកអរចំពោះការតាំងចិត្តរបស់មេដឹកនាំវៀតណាមរូបនេះ ដែលបានធ្វើអោយស៊ីជម្រៅខ្លាំងថែមទៀតនៃដៃគូយ៉ាងទូលំទូលាយ ដែលយើងមិនអាចភ្លេច ការរួមចំណែករបស់លោកដើម្បីសន្តិភាពសន្តិសុខ និងភាពរីកចម្រើន នៅក្នុងតំបន់បានឡើយ។ សំឡេងរបស់លោកលោក ត្រាន់ ដាយក្វាង គឺសម្រាប់វៀតណាម មានមោទភាព ជារដ្ឋឯករាជ្យមួយនៅលើពិភពលោក»។
វៀតណាម និងអាមេរិកទើបតែជាមិត្តនឹងគ្នាឡើងវិញ នៅដើមទសវត្ស១៩៩០ បន្ទាប់ពីពិភពលោកបញ្ចប់សង្រ្កាមត្រជាក់។ ទីភ្នាក់ងារវៀតណាម VNA បានចុះផ្សាយថា រដ្ឋាភិបាលវៀតណាមនឹងប្រកាសកាន់ទុក្ខនិងធ្វើពិធីលាលោក ត្រាន់ ដាយក្វាង រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ២៦ដល់ ២៧កញ្ញា៕