ពីមួយឆ្នាំទៅមួយឆ្នាំនៅពេលដែលមានពិធីបុណ្យប្រពៃណីជាតិធំៗម្ដងៗ រថយន្ដឈ្នួលតែងតែឡើងថ្លៃឈ្នួលយ៉ាងគំហុក។ ការឡើងថ្លៃឈ្នួលខ្ពស់នេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការលំបាកក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ដោយត្រូវចំណាយប្រាក់ច្រើន ទៅលើឡានឈ្នួលឬឡានក្រុង។ អាស្រ័យដោយការសង្កេតឃើញនូវទម្លាប់មិនល្អនេះ ទើបប្រជាពលរដ្ឋ កម្មករ កម្មការនី បានអំពាវនាវ ដល់រថយន្ដឈ្នួលទាំងអស់ កុំឲ្យមានការដំឡើងថ្លៃឈ្នួលខ្ពស់ពេក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់ ។ ទាំងមន្ដ្រីរាជការ ទាំងកម្មករ កម្មការនីបានឈប់សម្រាកពីការងារ ហើយត្រូវធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ឬបងប្អូន សាច់ញាតិនៅឯស្រុកកំណើតរៀងៗខ្លួន។
ជារៀងរាល់ឆ្នាំ ខណៈពេលមានពិធីបុណ្យបែបនេះ តម្លៃឡានឈ្នួលកាន់តែឡើងខ្ពស់មួយទ្វេជាពីរ ដែលធ្វើឲ្យអ្នកធ្វើដំណើរ មានការព្រួយបារម្ភទៅលើប្រាក់ដែលត្រូវចំណាយ។
ជាក់ស្ដែង កញ្ញាសៀប ស្រីស្រស់ ជាកម្មការនីរោងចក្រមកពីខេត្តបាត់ដំបង ។ កញ្ញានិយាយថា ថ្លៃឈ្នួលឡានមានតម្លៃថ្លៃ តែប្រាក់ខែបានតិច មិនអាចគ្រប់គ្រាន់ថ្លៃឡាន និងត្រូវទុកលុយមួយ ចំនួនជូនដល់ឪពុកម្ដាយថែមទៀត។
ស្រីស្រស់និយាយថា ថ្លៃឈ្នួលឡានមានការឡើងថ្លៃខ្ពស់ធ្វើឲ្យកញ្ញាពិបាកក្នុងការធ្វើដំណើរ ព្រោះថា ប្រាក់ខែដែលបើកមកបានតិចតូចប៉ុណ្ណោះ ហើយថែមទាំងត្រូវចំណាយទៅលើឡានឈ្នួល ថែមទៀង។ កញ្ញាថា ថ្លៃឈ្នួលឡានក្នុងថ្ងៃធម្មតាតម្លៃតែ៣០០០០រៀល តែនៅពេលថ្ងៃបុណ្យ មកដល់ តម្លៃឡានឡើងខ្ពស់ជាងពាក់កណ្ដាលគឺ៥០០០០ទៅ៦០០០០រៀលឯណោះ។ «ខ្ញុំមកពីធ្វើការខាងរោងចក្រដែរទេបង ភ្ជុំហ្នឹងព្រោះអីពួកខ្ញុំអត់សូវបានលុយប៉ុន្មានទេ ដល់ ពេលឡានក្រុងឡើងថ្លៃចឹង ពួកខ្ញុំពិបាក ។ ព្រោះអីយើងអត់សូវមានលុយ ដល់ពេលគេយកថ្លៃចឹង យើងមានលុយឯណាឲ្យប៉ាម៉ែនៅផ្ទះ ។ ហើយណាមួយនិយាយទៅពិបាកដែរហ្នឹងណា៎! ឡានក្រុងគាត់ឡើងថ្លៃពេក ។ ថ្ងៃធម្មតា តា៣០០០០គត់ទេ ដល់ថ្ងៃបុណ្យថ្ងៃទានចឹង៥ម៉ឺន ៦ម៉ឺនឡើងពាក់កណ្ដាល ព្រោះអីពេលដែលយើងបើកលុយហ្នឹង យើងអត់សូវមានលុយ ណាឲ្យឡានក្រុងប៉ុន្មានទេ»។
កញ្ញាសំណូមពរ ឲ្យម្ចាស់ឡានក្រុងបញ្ចុះតម្លៃថ្លៃឈ្នួលកុំឲ្យយកថ្លៃខ្លាំងពេក ព្រោះអ្នកធ្វើការ ទាំងអស់បានប្រាក់ខែតិចតូចប៉ុណ្ណោះ។ «សំណូមពរឲ្យមា្ចស់ឡានក្រុងហ្នឹងបញ្ចុះតម្លៃខ្លះផងបង កុំឲ្យឡើងថ្លៃខ្លាំងពេក ព្រោះអីដល់ពេលគ្នាបើកលុយហ្នឹង គ្នាក៏អត់សូវមានលុយប៉ុន្មានដែរ ព្រោះអីគ្នាធ្វើការ។ សំណូមពរឲ្យគាត់ បញ្ចុះតម្លៃបន្ដិចផងបង»។
ចំណែកឯកញ្ញាស្រី ណិច មកពីខេត្តបាត់ដំបង បាននិយាយថា នៅពេលភ្ជុំបិណ្ឌម្ដងៗ រថយន្ដ តែងតែឡើងថ្លៃ គឺចាប់តាំងពីបិណ្ឌមួយរហូតដល់ភ្ជុំធំ។ កញ្ញាថា នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ កញ្ញាជិះឡានពីបាត់ដំបងមកទីក្រុងភ្នំពេញតម្លៃតែ២៥០០០ប៉ុណ្ណោះ តែថ្ងៃបុណ្យមកដល់ ឡានឈ្នួលឡើងរហូតដល់ទៅ ៣៥០០០រៀល ។ កញ្ញាថា ការឡើងថ្លៃឈ្នួលរថយន្ដនេះគឺអាចឡើងរហូតដល់ទៅ ៦០%ទៅ៧០%ឯណោះ។
កញ្ញាបន្ថែមថា កញ្ញាត្រូវចំណាយអស់ច្រើនទៅលើថ្លៃរថយន្ដឈ្នួល និងត្រូវចំណាយទៅលើ បុណ្យភ្ជុំថែមទៀត។ កញ្ញាថា ថ្លៃឈ្នួលឡានក្នុងថ្ងៃធម្មតា ខុសពីថ្ងៃបុណ្យភ្ជុំរហូតដល់ទៅ ១ម៉ឺនទៅ១ម៉ឺន៥ពាន់រៀល «ពេលភ្ជុំបិណ្ឌចឹងឡើងថ្លៃ ដូចថាពីបិណ្ឌមួយ រហូតដល់ភ្ជុំចឹងឡើងថ្លៃប្រហែលជា ដូចជាខ្ញុំជិះមកពីបាត់ដំបងពេលមុនភ្ជុំហ្នឹង២៥០០០អីហ្នឹង ឥឡូវឡើង៣ម៉ឺន៥ពាន់ ឬ៣ម៉ឺន៣ពាន់អីចឹង ។ ពេលជិតគៀកភ្ជុំមែនទែន ក៏ឡើងដល់១០ដុល្លារហ្មងអញ្ចឹង។ ការឡើងវាជិតចង់ថា៦០%ទៅ៧០% ។ និយាយទៅពិបាក ក្នុងការដូចខ្ញុំទៅបីនាក់ចឹងគ្រាន់សំបុត្រឡានអំមិញអស់ដប់ម៉ឺនបាត់ហើយ ។ អញ្ចឹងក្នុងការចំណាយទៅភ្ជុំផងអីផង ហើយចំណាយថ្លៃឡានផង វាអស់់ច្រើនមែនទែន ។ ខុសគ្នាមើល៍ ប្រហែលជា ១ម៉ឺនទៅ១ម៉ឺន៥ពាន់ ។ ថ្ងៃធម្មតា ២ម៉ឺន៥ពាន់ ឬ២ម៉ឺន៣ពាន់ បើមកពីបាត់ដំបងតែ២ម៉ឺន៣ពាន់ទេ តែពេលទៅវិញ២ម៉ឺន៥ពាន់ចឹងណា៎»។
រីឯអ្នកស្រី យុគ លៀង មកពីខេត្តស្វាយរៀងបាននិយាយថា អ្នកស្រីទៅលេងកូននៅ ឯខេត្តពោធិ៍សាត់ តែអ្នកស្រីមានលុយតិចតួចប៉ុណ្ណោះ ហើយត្រូវទិញឥវ៉ាន់ផ្ញើរចៅផង ថែម ទាំងថ្លៃឡានក៏ឡើងថ្លៃទៀត។ អ្នកស្រីថា កាលពីមុនថ្លៃឡានតម្លៃតែ២ម៉ឺនរៀល តែឥឡូវ ឡើង រហូតដល់ទៅ៣ម៉ឺនទៅ៤ម៉ឺនរៀល។ អ្នកស្រីសំណូមពរ កុំឲ្យរថយន្ដឈ្នួលដំឡើងថ្លៃ ច្រើនពេក ព្រោះអ្នកស្រីមិនមានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើដំណើរនោះទេ «អ៊ំនេះមានលុយបន្ដិចបន្ដួច ហើយទៅលេងកូនហ្នឹងណា៎! ហើយវាអត់លុយអត់កាក់ហើយឡានឡើងថ្លៃ ហើយមានអីទិញអីវ៉ាន់ឲ្យចៅ ផ្ញើឲ្យចៅឲ្យអីហះ! ទៅលេងកូន នៅពោធិ៍សាត់លើកមុនតែ២ម៉ឺនទេណា៎! ឥឡូវឡើងដល់៣ម៉ឺន ៤ម៉ឺន ហើយអ៊ំពិបាកចិត្តដែរហ្នឹងណា៎! ធ្វើម៉េចមកវិញមិនដឹងបានលុយកាក់ពីណាមកវិញ ។ ណែ៎អត់មានថាចុះអី លឺថាចុះ មានចុះអី មានតែឡើងទៀត។ អ៊ំពិបាកចិត្តកន្លែងហ្នឹង ។ សំណូមពរកុំឲ្យឡើងថ្លៃច្រើនពេក ឲ្យល្មមបានហើយ អ៊ំអត់លុយ»។
ដោយឡែកម្ចាស់រថយន្ដឈ្នួលនៅផ្សារអូឡាំពិកគឺលោក សុខ នី ដែលដឹកអ្នកដំណើរពីភ្នំពេញ ទៅទីក្រុងបាវិត បាននិយាយថា នៅថ្ងៃធម្មតា លោកយកតម្លៃតែ១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ តែសម្រាប់ថ្ងៃបុណ្យវិញ តម្លៃឈ្នួលអាចមានការឡើងថ្លៃ២ម៉ឺនរៀល «ខ្ញុំឡើងតើ! ម្នាក់សុំគេ៥ពាន់ ព្រោះឡានមកទទេ ក្នុងម្នាក់ចឹងដូចថាថ្ងៃធម្មតាចឹង យកគេ ១ម៉ឺន៥ពាន់ ដល់ពេលខែបុណ្យទានចឹងខ្ញុំសុំគេ២ម៉ឺនហ្នឹងហើយ ព្រោះឡានយើងទទេ ខែបុណ្យខែទានគេអង្គុយក៏គេមិនថាអីដែរ ។ បាទ សម្ដេចប្រកាសកុំឲ្យឡើងថ្លៃ យើងសុំគេទៅ បើបានបាន បើគេមិនឲ្យអត់ទៅ បើគេមានអ៊ីវ៉ាន់ច្រើនចឹង បើសុំគេ២០០០០តើ សុំអីវ៉ាន់ចឹងតើ តម្លៃធម្មតា១៥០០០ ,២០០០០តឹងអ៊ីវ៉ាន់ចឹងតើដូចគេដាក់លើតុលើអីចឹងណា»។
លោកបន្ថែមថា ការឡើងថ្លៃឈ្នួលនេះគឺដោយសារភ្ញៀវមានអ៊ីវ៉ាន់ច្រើន ទើបលោកត្រូវគិតថ្លៃ អ៊ីវ៉ាន់បន្ថែម។ លោកថា បើមិនមានការឡើងថ្លៃឈ្នួល គឺមិនចំណេញ ព្រោះថានៅពេលដឹកអ្នកដំណើរនៅតាមផ្លូវ ត្រូវបង់ឲ្យប៉ូលីសស្ទើរគ្រប់កន្លែង ដោយក្នុងមួយកន្លែងត្រូវបង់តម្លៃ ១ម៉ឺនរៀល «ប៉ូលីសតាមផ្លូវច្រើនណាស់ សម្ដេចប្រកាសឲ្យប៉ូលីសចាប់ឡានហើយឥឡូវ ដល់ពេលចឹងឡាន គ្នាឡានគ្មានលុយទេ បង់ឲ្យប៉ូលីសទេ ប៉ូលីសមួយកន្លែង១ម៉ឺន មួយកន្លែង១ម៉ឺនចឹង ងាប់ហើយឡានវេទនាណាស់»។
រីឯលោកញ៉េវ ជាអ្នករត់ឡានឈ្នួលនៅផ្សារដើមគរឯណេះវិញ លោកថា បើសិនជាមានអ្នកជិះ ច្រើន ហើយខ្វះឡាន តម្លៃឡានអាចឡើងថ្លៃក្នុងម្នាក់២ម៉ឺនរៀល។ លោកថា ការឡើងថ្លៃឈ្នួលរថយន្ដនៅពេលភ្ជុំវាមិនបានចំណេញប៉ុន្មាននោះទេ គឺប្រាក់ ចំណូលដែលបាន នៅចាញ់ថ្ងៃធម្មតានៅឡើយ ពីព្រោះថា ត្រូវផាត់ថ្លៃប្រេងសាំងថែមទាំង ត្រូវបង់ថ្លៃបេនឡាន ហើយនឹងថ្លៃអាហារ គឺប្រាក់នៅសល់តែបន្ដិចបន្ដួចប៉ុណ្ណោះ «វាអត់ទៀង!សំខាន់កាលណាអ្នកជិះ កាលណាមានអ្នកជិះច្រើនខ្វះឡានជិះ អានឹងយើងអាច ឡើងថ្លៃព្រោះយើងទៅចឹង ឧបមាថា យើងដឹកគេ សុំគេម្នាក់បាន២០០០០ ។ ឧទាហរណ៍ទេណា ២០០០០យើងដឹកដល់ទៅ៨នាក់ ៩នាក់ទាំងតាកុង ។ ៩នាក់ទាំងតាកុង ៨នាក់នឹងវាបាន ១៦ម៉ឺនៗផាត់ប្រេងនឹង៥០០០០នៅសល់តា១១ម៉ឺនទេ ។ ១១ម៉ឺនបេនយកអស់២០០០០ទៀត សល់តា៩០០០០ទេ ថ្លៃតាកុងបាយអស់១០០០០ទៀត នៅសល់៨០០០០អញ្ចឹងចាញ់ថ្ងៃធម្មតាទេ»។
ថ្មីៗនេះ លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន បានអំពាវនាវដល់អ្នករត់ឡានឈ្នួលកុំឲ្យដំឡើងថ្លៃស្រេចតែចិត្ត ជាហេតុធ្វើឲ្យបន្ថែមចំណាយច្រើនសម្រាប់ កម្មករ កម្មការនី សិស្សនិស្សិត ដែលត្រូវធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើត «ឲ្យតែដល់ពេលបុណ្យទានការធ្វើដំណើរឡើងថ្លៃហ្មង អញ្ចឹងអំពាវនាវទុកឲ្យហើយ ព្រោះឆ្នាំ ហ្នឹងខ្ញុំអត់បាននៅភ្ជុំនៅស្រុកខ្មែរទៀត ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យោងទៅលើស្មារតីគិតគួរចំពោះប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការនី សិស្សនិស្សិត ដែលរៀននៅទីក្រុងភ្នំពេញឲ្យត្រូវ ធ្វើដំណើរទៅកាន់ភូមិកំណើត ដើម្បីចូលរួមភ្ជុំបិណ្ឌហក គឺវាត្រូវចំណាយខ្ពស់ទៅលើអាតម្លៃ នៃការធ្វើដំណើរតាមរយ:ការតម្លើងថ្លៃស្រេចចិត្តរបស់រថយន្ដឈ្នួលទាំងឡាយ»៕