ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar លើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ឱ្យចាប់អារម្មណ៍នឹងការប្រមូលស្នាដៃ និងបង្កើតស្នាដៃដោយផ្ដិតរូបភាពអំពីបេតិភណ្ឌវប្បធម៌កម្ពុជា ដើម្បីធ្វើការប្រកួតប្រជែងយកពានរង្វាន់លើកម្មវិធីនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ដើម្បីអបអរសាទរឆ្នាំនៃបេតិកភណ្ឌវប្បធម៌ សហភាពអឺរ៉ុប ប្រកាសធ្វើការប្រកួតប្រជែងស្នាដៃថតរូបពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ហើយការប្រកួតប្រជែង និងការទទួលយករូបថតប្រកួតប្រជែងចាប់ពីនេះ រហូតដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០១៨។
លោក George Edgar បានបញ្ជាក់ក្នុងសេចក្ដីប្រកាសដូចនេះថា៖បេតិកភណ្ឌវប្បធម៌មានឥទ្ធិពលមកលើអត្តសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង។ តាមរយៈកម្មវិធីប្រកួតនេះ យើងមានបំណងចង់ទាញការយកចិត្តទុកដាក់លើសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ចំពោះរូបយើងទាំងអស់គ្នា ទាំងនៅសហភាពអឺរ៉ុប នៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀតនៅក្នុងពិភពលោក”។
តាមសេចក្ដីប្រកាសព័ត៌មាននេះ គឺកម្មវិធីប្រកួតរូបថតនេះ ត្រូវបើកឲ្យចូលរួមសម្រាប់មនុស្សគ្រប់គ្នាដែលអាចផ្ញើររូបថតដែលមានគុណភាពច្បាស់ និងជាស្នាដៃដើមរបស់ខ្លួន (ក្នុងទម្រង់ជា JPEG និងទំហំយ៉ាងហោចណាស់ ៥ មេហ្គាភិចសែល) ដែលបានថតដោយប្រើទូរស័ព្ទស្មាតហ្វូន ឬម៉ាស៊ីនថត ហើយក្នុងនោះរង្វាន់ធំសម្រាប់ជ័យលាភី គឺប័ណ្ណដែលមានទឹកប្រាក់ចំនួន ៧០០ ដុល្លារសម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត។
លោក George Edgar បានបញ្ជាក់បន្ថែមថា ៖“កម្ពុជា ជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៌សម្បូរបែប។ យើងចង់បានរូបថតដែលជាស្នាដៃដើម អាចប្រាប់ពីដំណើររឿងណាមួយ ឬជាអារម្មណ៍ណាមួយ ហើយផ្ដោតលើទិដ្ឋភាពនានានៃវប្បធម៌របស់កម្ពុជា ក្នុងអត្ថន័យទូលំទូលាយបំផុត”។
សូមជម្រាបថា ការប្រកាសឈ្មោះជ័យលាភីនឹងត្រូវធ្វើឡើងជាសាធារណៈនៅចុងខែវិច្ឆិកា។ ក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃទី ០៦ ខែធ្នូ ជ័យលាភីលេខ ១ នឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានទឹកប្រាក់ ៧០០ ដុល្លារ សម្រាប់ជាវឧបករណ៍ម៉ាស៊ីនថត ។ ចំណែកលេខ ២ នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៦០០ ដុល្លារ ខណៈដែលលេខ ៣ ទទួលបានប័ណ្ណដែលមានទឹកប្រាក់ ៥០០ ដុល្លារ។
រូបថតរបស់ជ័យលាភីទាំងបីនាក់ និងរូបថតសម្រាំងល្អបំផុតចំនួន ១០ នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំដោយសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។ កាលផុតកំណត់ចុងក្រោយសម្រាប់ការផ្ញើរូបថតដើម្បីចូលរួម គឺថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨៕