en     km
en     km

សហភាព​អឺរ៉ុប​ លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ ចូលរួម​ប្រកួត​រូបថត​អំពី​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​

Share

​ភ្នំពេញ​៖​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ លោក​ George​ Edgar​ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ ឱ្យ​ចាប់អារម្មណ៍​នឹង​ការ​ប្រមូល​ស្នាដៃ​ និង​បង្កើត​ស្នាដៃ​ដោយ​ផ្ដិត​រូបភាព​អំពី​បេ​តិ​ភណ្ឌ​វប្បធម៌​កម្ពុជា​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​យក​ពានរង្វាន់​លើ​កម្មវិធី​នេះ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ ដើម្បី​អបអរសាទរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​ សហភាព​អឺរ៉ុប​ ប្រកាស​ធ្វើការ​ប្រកួតប្រជែង​ស្នាដៃ​ថតរូប​ពាក់ព័ន្ធ​នឹង​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​ ហើយ​ការ​ប្រកួតប្រជែង​ និង​ការ​ទទួលយក​រូបថត​ប្រកួតប្រជែង​ចាប់ពី​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣១​ តុលា​ ឆ្នាំ​២០១៨​។​

​លោក​ George​ Edgar​ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ដូចនេះ​ថា​៖​បេតិកភណ្ឌ​វប្បធម៌​មាន​ឥទ្ធិពល​មក​លើ​អត្តសញ្ញាណ​ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​។​ បេតិកភណ្ឌ​វប្បធម៌​ស្ថិត​នៅ​ជុំវិញ​ខ្លួន​យើង​ទាំងអស់​គ្នា​ នៅ​ទីក្រុង​ ទីប្រជុំជន​ នៅ​តំបន់​ទេសភាព​ ធម្មជាតិ​ និង​ទីតាំង​បុរាណវិទ្យា​របស់​យើង​ទៀត​ផង​។​ តាម​រយៈ​កម្មវិធី​ប្រកួត​នេះ​ យើង​មាន​បំណង​ចង់​ទាញ​ការ​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​បេតិកភណ្ឌ​វប្បធម៌​ចំពោះ​រូបយើង​ទាំងអស់​គ្នា​ ទាំង​នៅ​សហភាព​អឺរ៉ុប​ នៅ​កម្ពុជា​ ក៏​ដូច​ជាទី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​”​។​

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ គឺ​កម្មវិធី​ប្រកួត​រូបថត​នេះ​ ត្រូវ​បើក​ឲ្យ​ចូលរួម​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​អាច​ផ្ញើរ​រូបថត​ដែល​មានគុណ​ភាព​ច្បាស់​ និង​ជា​ស្នាដៃ​ដើម​របស់​ខ្លួន​ (​ក្នុង​ទម្រង់​ជា​ JPEG​ និង​ទំហំ​យ៉ាង​ហោច​ណាស់​ ៥​ មេ​ហ្គា​ភិ​ច​សែ​ល​)​ ដែល​បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ឬ​ម៉ាស៊ីន​ថត​ ហើយ​ក្នុង​នោះ​រង្វាន់​ធំ​សម្រាប់​ជ័យ​លា​ភី​ គឺ​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៧០០​ ដុល្លារ​សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​។​

​លោក​ George​ Edgar​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖“​កម្ពុជា​ ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​សម្បូរ​បែប​។​ យើង​ចង់បាន​រូបថត​ដែល​ជា​ស្នាដៃ​ដើម​ អាច​ប្រាប់​ពី​ដំណើររឿង​ណាមួយ​ ឬ​ជា​អារម្មណ៍​ណាមួយ​ ហើយ​ផ្ដោត​លើ​ទិដ្ឋភាព​នានា​នៃ​វប្បធម៌​របស់​កម្ពុជា​ ក្នុង​អត្ថន័យ​ទូលំទូលាយ​បំផុត​”​។​

​សូម​ជម្រាប​ថា​ ការ​ប្រកាស​ឈ្មោះ​ជ័យ​លា​ភី​នឹង​ត្រូវធ្វើ​ឡើងជា​សាធារណៈ​នៅ​ចុងខែ​វិច្ឆិកា​។​ ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​ទី​ ០៦​ ខែធ្នូ​ ជ័យ​លា​ភី​លេខ​ ១​ នឹង​ទទួល​បាន​រង្វាន់​ជា​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់​ ៧០០​ ដុល្លារ​ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​ ។​ ចំណែក​លេខ​ ២​ នឹង​ទទួល​បាន​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់​ ៦០០​ ដុល្លារ​ ខណៈ​ដែល​លេខ​ ៣​ ទទួល​បាន​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់​ ៥០០​ ដុល្លារ​។​

​រូបថត​របស់​ជ័យ​លា​ភី​ទាំង​បី​នាក់​ និង​រូបថត​សម្រាំង​ល្អ​បំផុត​ចំនួន​ ១០​ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កាល​ផុតកំណត់​ចុង​ក្រោយ​សម្រាប់​ការ​ផ្ញើ​រូបថត​ដើម្បី​ចូលរួម​ គឺ​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​ ២០១៨៕

Share

Image
Image
Image