ភ្នំពេញ ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ ហៅកាត់ថា សង់ត្រាល់ បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យក្រុមហ៊ុន ពីរ ដែលផ្គត់ផ្គង់រោងចក្រ ជូ ហួយ ស្ថិតក្នុងខេត្ដកំពង់ចាម ចេញសេចក្ដីថ្លែងការណ៍ជាសារធារណៈ ស្ដីពីប្រភពក្រមសីលធម៌ និងអន្ដរាគមន៍ភ្លាមៗ ដើម្បីធានាពីសុវត្ថិភាពរបស់កម្មករ ក្នុងរោងចក្រនេះ។ តែយ៉ាងប្រធានមន្ទីរការងារខេត្ដកំពង់ចាម អះអាងថា រោងចក្រនេះគ្មានបញ្ហាបច្ចេកទេសនោះទេ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
សេចក្ដីថ្លែងការណ៍ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២០ កញ្ញា របស់អង្គការ សង់ត្រាល់ បាននិយាយថា ឧបទ្ទវហេតុ នៃការដួលសន្លប់ ជាទូទៅនៅតាមរោងចក្រជាច្រើន នៅក្នុងប្រទេសកម្ពុជា គឺបង្កឡើងដោយសីតុណ្ហភាព នៅកន្លែងការងារខ្ពស់ កង្វះខ្យល់ និងកង្វះអាហារូបត្ថម្ភ ដែលបណ្ដាលមកពីប្រាក់ឈ្នួលទាប។ អង្គការ សង់ត្រាល់ ទាមទារឲ្យក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia ចេញសេចក្ដីថ្លែងការណ៍ ជាសាធារណៈ ស្ដីពីប្រភពក្រមសីលធម៌ និងអន្ដរាគមន៍ ភ្លាមៗដើម្បីធានាថា កម្មករនៅក្នុងសង្វាក់ ផ្គត់ផ្គង់ របស់ពួកគេ មានលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។
ការទាមទាររបស់អង្គការ សង់ត្រាល់ ធ្វើឡើងបន្ទាប់ពីមានករណីដួលសន្លប់របស់កម្មករ ក្នុងរោងចក្រ ជូ ហួយ ស្ថិតក្នុងខេត្ដកំពង់ចាម ក្នុងរយៈពេល ៩ខែ មានបីលើក។ អង្គការនេះបានសរសេរថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កម្មករ ចំនួន ២៧នាក់បានដួលសន្លប់ ហើយកាលពីថ្ងៃទី២៦ ខែមករា កម្មករជាង ៦០នាក់បានដួលសន្លប់ ពីព្រោះតែរោងចក្រមិនមានខ្យល់គ្រប់គ្រាន់។ ការដួលសន្លប់នេះបានកើតឡើងម្ដងទៀត នៅថ្ងៃទី១២ ខែកក្កដា ដែលកាលនោះមានកម្មករចំនួន ៥០នាក់។
កម្មករដួលសន្លប់ ក្នុងរោងចក្រ ជូ ហួយ សម្រាប់អង្គការ សង់ត្រាល់ បានអះអាងថា តាមអ្វីដែលខ្លួនរកឃើញកម្មករបាននិយាយថា គឺពិតជាមានសីតុណ្ហភាពក្ដៅខ្លាំងនៅក្នុងរោងចក្រ ជូ ហួយ។ លើសពីនេះ កាលពីអំឡុងខែកក្កដា កម្មករ ជាញឹកញាប់ត្រូវធ្វើការថែមម៉ោង ប្រាំម៉ោងក្នុងមួយថ្ងៃ ហើយពួកគេចេញពីធ្វើការនៅម៉ោង ០៩យប់។ ក្រុមកម្មករត្រូវចំណាយពេលយ៉ាងតិច ១ម៉ោង ទៅ ១ម៉ោង កន្លះ ទម្រាំទៅដល់ផ្ទះ។ ពួកគេបានគេងតិចជាង ០៦ម៉ោង មុននឹងពួកគេចាប់ផ្ដើមការងារនៅថ្ងៃបន្ទាប់។ បរិមាណនៃការធ្វើការថែមម៉ោងហួសហេតុពេក គឺខុសនឹងច្បាប់នៅកម្ពុជា។
ក្រៅពីជួបកម្មករដោយផ្ទាល់ហើយ អង្គការ សង់ត្រាល់ បានលើកឡើងថា ករណីកម្មករ ដួលសន្លប់កាលពីខែកក្កដា នាយករដ្ឋានការងារខេត្ដនេះ បានលើកឡើងថា មកពីកង្វះខ្យល់ចេញចូល មិនគ្រប់គ្រាន់ជាមូលហេតុ នៃធ្វើឱ្យកម្មករដួលសន្លប់។ ក្រោយពីរកឃើញចំណុចទាំងអស់នេះ អង្គការមួយនេះ បានទាក់ទងទៅក្រុមហ៊ុន ហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia ប៉ុន្ដែក្រុមហ៊ុនទាំងពីរនេះ បានបដិសេធ ថា គ្មានឧបទ្ទវហេតុនោះ បានកើតឡើងទេ។ បើទោះជាហេតុការណ៍នេះ បានផ្សព្វផ្សាយយ៉ាងទូលាយ ក្នុងសារព័ត៌មានជាភាសាខ្មែរ និងភាសាអង់គ្លេស ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ បានអះអាង ប្រាប់អង្គការ សង់ត្រាល់ ទៀតថា រោងចក្រ ជូ ហួយ មានប្រព័ន្ធខ្យល់គ្រប់គ្រាន់ និងត្រឹមត្រូវ។
រោងចក្រ ជូ ហួយ គឺជាក្រុមហ៊ុនកាត់ដេរមួយ គ្រប់គ្រងដោយជនជាតិ តៃវ៉ាន់ មានឈ្មោះថា Mu Hsin-Yuan។ រោងចក្រនេះបានចុះបញ្ជីជារោងចក្រផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុន ក្រុមហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia។ អង្គការ សង់ត្រាល់ កត់សម្គាល់ឃើញថា ក្រមសីលធម៌រួមរបស់ក្រុមហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia គឺតម្រូវឲ្យនិយោជក អនុវត្ដ តាមតម្រូវការច្បាប់ និងដែនកំណត់ នៃការធ្វើការងារបន្ថែមម៉ោង ហើយធានាថា លក្ខខណ្ឌ ការងារនៅរោងចក្រ ផ្គត់ផ្គង់ត្រូវមានសុវត្ថិភាព ស្អាត ដែលស្របតាមច្បាប់ ហើយនិងបទបញ្ជាទាំងអស់។
ក្រោយពីមានករណី សន្លប់បីដងក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៨នេះ អង្គការ សង់ត្រាល់ ទាមទារឲ្យក្រុមហ៊ុនទាំងពីរនេះ គឺក្រុមហ៊ុន Kmart Australia និងក្រុមហ៊ុន Target Australia ចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈ របស់ខ្លួនស្ដីពីប្រភពក្រមសីលធម៌ និងអន្ដរាគមន៍ភ្លាម ដើម្បីធានាថា កម្មករនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ពួកគេមានលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។
យ៉ាងណាជុំវិញករណីដួលសន្លប់ថ្មីៗនេះ ប្រធានមន្ទីរការងារខេត្ដកំពង់ចាម លោក ចេង ហ៊ាង បានប្រាប់វិទ្យុស្ដ្រីថា រោងចក្រនេះក្រោយពីកើតហេតុភ្លាមៗ កាលពីពេលព្រឹកថ្ងៃទី១៨ ខែកញ្ញា លោក និងក្រុមបច្ចេកទេស បានចុះទៅដល់រោងចក្រនេះ ជាថ្មី ក៏ប៉ុន្ដែប្រព័ន្ធបច្ចេក ខ្យល់ចេញចូល និងបរិយាកាសការងារបានកែសម្រួល ត្រឹមត្រូវតាមស្ដងដាអស់ហើយ ៖«ខ្ញុំទៅហើយ ខ្ញុំទៅដល់កន្លែងតើ កន្លែងហ្នឹងគឺគេបានកែលម្អ លក្ខខណ្ឌការងារ ពាក់ព័ន្ធទៅនិងបរិយាកាស អីហ្នឹងបានល្អហើយ ខ្យល់អីហ្នឹង អត់បញ្ហាទេ»។
លោកបន្ដថា ឧបទ្ទវហេតុដែលកើតឡើងពីថ្ងៃទី១៨ កញ្ញានោះ គឺបណ្ដាលមកពីកម្មការិនីម្នាក់ ដែលមានជំងឺគ្រុនផ្ដាសាយ ហើយមិនបានទៅរកពេទ្យ ទើបធ្វើឲ្យជំងឺបង្កឲ្យមានអាការ រងា ស្រៀវស្រាញ និងវិលមុខ ហើយក៏ដួលសន្លប់ ខណៈដែលក្នុងរោងចក្រមានមនុស្សច្រើន។
ជុំវិញបញ្ហានៃការដួលសន្លប់នេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍រំឮកថា កម្មករ កម្មការិនី ត្រូវតែរក្សាសុខភាពដោយការហាត់ប្រាណខ្លះៗ និងសម្រាកឲ្យបានគ្រប់គ្រាន់។ លោកបន្ដថា ប្រសិនបើមានអាការ មិនស្រួលខ្លួន ត្រូវតែប្រញាប់ទៅពិនិត្យសុខភាព កុំបណ្ដោយឲ្យជំងឺរាលដាលរហូតដល់សន្លប់។
សូមជម្រាបថា យោងតាមរបាយការទិន្នន័យពីបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) រយៈពេល៧ខែដើមឆ្នាំ២០១៨នេះ បានបង្ហាញថា មានកម្មករចំនួន ១៦៦៥នាក់បានសន្លប់ ខណៈដែលកាលពីឆ្នាំ២០១៧ មានកម្មករសន្លប់ត្រឹមតែ ១៦០៣នាក់ តែប៉ុណ្ណោះដែលសន្លប
។
មាត្រា ២២៩ នៃច្បាប់ការងារ បានចែងថា គ្រឹះស្ថាន និងកន្លែងធ្វើការទាំងអស់ ត្រូវតែរៀបចំក្នុងលក្ខណៈ មួយដែលការពារសុខភាពរបស់កម្មករ។ ប្រកាសលេខ ១២៥/០១ និងលេខ ១៤៧/០២ តម្រូវឲ្យនិយោជក ធានាថា សីតុណ្ហភាពការងារ នៅគ្រប់កន្លែងធ្វើការទាំងអស់ ត្រូវតែសមរម្យសម្រាប់កម្មករ ក៏ដូចជាកន្លែងធ្វើការ ត្រូវតែមានខ្យល់អាកាសគ្រប់គ្រាន់ ដើម្បីការពារកម្មករពីខ្យល់កខ្វក់។ ការរំលោភលើមាត្រា ២២៩ និងប្រកាសទាំងពីរនេះ គឺត្រូវបានផ្ដន្ទាទោស នៅក្រោមមាត្រា ៣៧៥ នៃច្បាប់ការងារ។