ភ្នំពេញ៖ អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រតំណាងឱ្យកម្ពុជា ខកខានឈ្នះមេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួងកីឡាស្នូកឃ័រជ្រើសរើសជើងឯកពិពភលោកផ្នែកនារីនី នៅប្រទេសតួកគី ឆ្នាំ ២០១៨នេះ។ តែកីឡាការិនីកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ៣ដែលទទួលបានត្រឹមមេដាយសំរឹទ្ធិក្រោយក្រកួតចាញ់កីឡាការិនីជប៉ុននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស្នូកឃ័រ ឬប៊ីយ៉ាជ្រើសរើសជើងឯកពិពភលោក 3-Cushion-World Championship Ladies លើកទី៨ ប្រទេសតួកគី ឆ្នាំ ២០១៨ កីឡាការិនីកម្ពុជាទទួលបានមេដាយសំរឹទ្ធមួយគ្រឿង ក្រោយចាញ់កីឡាការិនីជប៉ុន Orie HIDA ក្នុងលទ្ធផល ៣០ ទល់ នឹង១០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុង ពូលA កាលពីថ្ងៃទី ២០ កញ្ញា ម្សិលមិញ។
កីឡាការិនីហូឡង់គ្រងមេដាយមាសនៃកីឡាស្នូកឃ័រពិភពលោកផ្នែកនារី ខណដែលកីឡាការិនីជប៉ុន Orie HIDA ទទួលបានមេដាយប្រាក់ ក្រោយចាញ់កីឡាការិនីហូឡង់ក្នុងលទ្ធផល ៣០ ទល់នឹង ២៤ កាលពីរាត្រីថ្ងៃព្រហស្បត្តិ ម្សិលមិញ។
តែជាមួយគ្នានេះ កីឡាការិនីម្ចាស់ផ្ទះតួកគីទទួលបានមេដាយសំរឹទ្ធមួយគ្រឿងដូចកម្ពុជាដែរ ក្រោយចាញ់កីឡាការិនីហូឡង់ ក្នុងលទ្ធផល៣០ ទល់នឹង ២០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាការិនី ស្រួង ភាវី ដែលជាអ្នកលេងកីឡាស្នូកឃ័រលំដាប់ពិភពលោក មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ប៉ុន្តែនាងរស់នៅជាមួយស្វាមីនៅប្រទេសកូរ៉េខាងត្បូង។ កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោករូបនេះធ្លាប់ឈ្នះជើងឯកនៅកូរ៉េខាងត្បួង និងជើងឯករងពិភពលោកនៅសហរដ្ឋអាមេរិកឆ្នាំ ២០១៥ និងឈ្នះមេដាសមាសយ៉ាងតិច១២គ្រឿង៕