ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ក្រសួងអប់រំគួរអំពាវនាវដល់អ្នកពាក់ព័ន្ធ និងវិស័យអប់រំឲ្យចូលរួមផ្ដល់ការគាំទ្រដល់សិស្សប្រឡងបាននិទ្ទេស A។ ក្រៅពីផ្ដល់ការសិក្សាដោយឥតបង់ថ្លៃហើយ សិស្សដែលខិតខំសិក្សាទាំងនោះ គួរទទួលបានកន្លែងស្នាក់នៅ និងការថែទាំសុខភាពបន្ថែមទៀត។ យ៉ាងណាក្រសួងអប់រំ ឆ្លើយតបថា ក៏មានសាលាមួយចំនួនបានផ្ដល់កន្លែងស្នាក់នៅសម្រាប់សិស្សមកពីតាមខេត្ដដែរ។
លោក លៀ ស៊ីណារាយការណ៍៖
អ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា ជារឿងល្អដែលមានការគាំទ្រចំពោះសិស្សដែលប្រឡងបាននិទ្ទេសA ដោយផ្ដល់ជារង្វាន់លើកទឹកចិត្ដ និងការចូលសិក្សាដោយឥតបង់ថ្លៃ។ តែយ៉ាងណាអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ក្រសួងអប់រំ គួរផ្ដល់ការគាំទ្រដល់សិស្សទាំងនោះ ឲ្យបានធំទូលាយជាងនេះជាការល្អ។
លោក សន ជ័យ នាយកប្រិតបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ការជួយដល់សិស្សពូកែជាប្រព័ន្ធ គឺល្អប្រសើរជាងការដែលផ្ដល់រង្វាន់ជាកញ្ចប់។ លោកពន្យល់ថា ការផ្ដល់រង្វាន់ជាកញ្ចប់នេះ គឺពុំមាននិរន្ដរភាពទៅដល់សិស្សពូកែឬក៏សិស្សឆ្នើមនោះទេ។ កន្លងមកសិស្សដែលប្រឡងបាននិទ្ទេសល្អ ពួកគាត់តែងតែទទួលបាននូវការចូលរៀននៅឧត្ដមសិក្សាដោយឥតបង់ថ្លៃ។ ក៏ប៉ុន្ដែក្នុងអំឡុងពេលដែលសិស្សកំពុងសិក្សា ពួកគេក៏ត្រូវការ ការចំណាយផ្សេងៗផងដែរ ដែលមានដូចជា ការស្នាក់នៅ ការថែទាំសុខភាព និងការឧបត្ថមផ្សេងៗ។
នាយកប្រិតបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានសុទិដ្ឋិនិយមថា ប្រសិនបើមានការផ្ដល់ជូន និងគាំទ្រសិស្សប្រឡងបាននិទ្ទេសមានគ្រប់គ្រាន់ នោះនឹងកាន់តែធ្វើឲ្យមានការទាក់ទាញបន្ថែមទៀតដល់សិស្ស ឲ្យខិតខំសិក្សា ៖«បាទអញ្ចឹងវាមិនមែនតែជារឿងដែលផ្ដល់ឲ្យពួកគេតែមួយជ្រុងទេ។ ធ្វើបែបនេះវានឹងបង្កើននូវការចាប់អារម្មណ៍ ហើយនិងជាការឲ្យតម្លៃពេញលេញទៅសិស្សពូកែ សិស្សបាននិទ្ទេសល្អ នៅក្នុងការប្រឡង»។
លោក សន ជ័យ បន្ដថា មូលហេតុដែលលោកលើកយកចំណុចនេះមកពីព្រោះតែជារឿយៗសិស្សមួយចំនួនបានបោះបង់ការសិក្សារបស់ខ្លួនចោល ពីព្រោះតែបញ្ហាជីវភាព ខណៈសិស្សដែលប្រឡងបាននិទ្ទេសល្អភាគច្រើនបំផុត គឺជាកូនមកពីគ្រួសារក្រីក្រ។ លោកបន្ថែមថា បើក្រសួអប់រំ ពង្រីកទំហំនៃការជួយសិស្សប្រឡងបាននិទ្ទេសល្អ បានកាន់តែធំទូលាយ វាគឺជាការលើកមុខមាត់របស់រដ្ឋាភិបាល ដែលបង្ហាញពីការយកចិត្ដទុកដាក់ពិតប្រាកដ ចំពោះសិស្សខិតខំសិក្សា ៖«នេះគេហៅថា ជួយឲ្យចប់ចុងចប់ដើម ឧទាហរណ៍ថា សិស្សនិទ្ទេស A បានអាហារូបករណ៍ហើយស្រាប់តែគ្រួសារគាត់ជួបប្រទះបញ្ហាអីគាត់អាចឈប់ រឿងនេះវាអាចកើតឡើង។ យើងចង់ឃើញអាហារូបករណ៍ដូចបរទេស ដែលគេផ្ដល់ជូននិស្សិតកម្ពុជាយើង និយាយឲ្យស្រួលស្ដាប់ទៅ រៀនលើគេ ស៊ីលើគេ ដេកលើគេ ជិះលើគេទៀត។ អាហ្នឹងធ្វើឲ្យគេមើលឃើញថា អរ ពិតជាការលើកទឹកចិត្ដដល់ទីបញ្ចប់»។
ជាការឆ្លើយតប លោក ឌី ខាំប៊ូលី មន្ដ្រីនាំពាក្យ ក្រសួងអប់រំ មានប្រសាសន៍ថា ក្រសួងមិនទាន់អាចក្ដាប់ខ្លឹមសាររួមបាននៅឡើយទេ។ ពីព្រោះតែសាកលវិទ្យាល័យនីមួយៗ មានករណីផ្សេងៗគ្នា ដែលពួកគេបានកំណត់។ តែយ៉ាងណាលោកបញ្ជាក់ថា តាមគ្រឹះដ្ឋានឧត្ដមសិក្សារដ្ឋមួយចំនួន ក៏បានផ្ដល់ជាកន្លែងស្នាក់នៅសម្រាប់និស្សិតក្រីក្រ មកពីតាមខេត្ដឆ្ងាយៗផងដែរ ដែលគេហៅថា អន្តេវាសិកដ្ឋាន។ លោកបន្ដថា មិនមែនមានតែសាលារដ្ឋទេ សូម្បីតែសាលាឯកជន និងតាមអង្គការមួយចំនួនក៏មានដែរ ៖«សាលាមួយចំនួនក៏គេមានផ្ដល់ជាអន្តេវាសិកដ្ឋាន ជូនទៅដល់និស្សិតដែលឡើងមករៀន នៅភ្នំពេញដែរ។ មិនត្រឹមតែសាលរដ្ឋទេ សូម្បីតែសាលាឯកជន សូម្បីតែអង្គការមួយចំនួន ក៏បានផ្ដល់ជា អន្តេវាសិកដ្ឋាន ដែរ ហើយកិច្ចការទាំងអស់នេះ សុទ្ធតែមានកិច្ចសហការជាមួយក្រសួងអប់រំ។ មានការជំរុញ និងលើកទឹកចិត្ដពីក្រសួង នៅក្នុងការផ្ដល់ជូនសេវាបន្ថែមជូនទៅដល់និស្សិតមកពីតាមបណ្ដាខេត្ដឆ្ងាយៗ»។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប បានបញ្ចាប់កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ សម័យប្រឡងឆ្នាំនេះ មានបេក្ខជនសរុប ១សែន ១ម៉ឺន ៥ពាន់ ២៦៨នាក់ (១១៥២៦៨នាក់) ហើយសិស្សស្រីមានជាង ៥ម៉ឺន ៨ពាន់ ១៥៨នាក់ (៥៨១៥៨នាក់)។ រយៈពេលពីរថ្ងៃនៃការប្រឡងនេះ មានបេក្ខជនអវត្ដមានសរុប ១ពាន់ ៨៩៩នាក់ (១៨៩៩នាក់) ហើយក្នុងនោះមានសិស្សស្រី ៧៤៤នាក់។ ក្នុងចំណោមសិស្សជាង ១សែននាក់ មានសិស្សចំនួន ៧ម៉ឺន ៦ពាន់ ០៣៤នាក់ (៧៦០៣៤នាក់) បានប្រឡងជាប់ នៅក្នុងនោះ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន៤០៨នាក់ ហើយ ១៩៤នាក់ជាស្ដ្រី ចំណែកសិស្សប្រឡងជាប់និទ្ទេស B មានចំនួន ២២២២នាក់ ហើយ ១១៣០នាក់ជាស្ដ្រី ដោយឡែកសិស្សប្រឡងជាប់និទ្ទេស C មានចំនួន ៦០៤១នាក់ ហើយ ៣៣៣៧នាក់ជាស្ដ្រី៕