ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា អាកាសយានិកម្នាក់ដែលបញ្ជាការហោះហើរពេលយប់ ពីហ្វឺនិច (Phoenix) ទៅ បូស្ដុន (Boston) បានមានជំងឺ ហើយត្រូវការការសង្គ្រោះបន្ទាន់ និងបានស្លាប់ពេលកំពុងបញ្ជាយន្តហោះ។
យោងតាមការផ្សាយរបស់BBC News ឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាមេរិកាំងអ៊ែឡាញបានចុះចតដោយសុវត្ថិភាព នៅពេលដែលសហយានិកបានចូលគ្រប់គ្រងស្ថានការណ៍ និងបានបង្វែរយន្តហោះទៅចុះចតនៅស៊ីរ៉ាកូស (Syracuse) រដ្ឋញូយ៉ក (New York)។
ជើងហោះហើរលេខ ៥៥០ បានចាកចេញពីហ្វឺនិច មុនពេលរំលងអាធ្រាត្រ កាលពីយប់ថ្ងៃសៅរ៍ ហើយបានចុះចតដោយសុវត្ថិភាពនៅព្រឹកថ្ងៃចន្ទ។
ស្ត្រីអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងអ៊ែឡាញ បាននិយាយថា អាកាសយានិករូបនោះបានសម្ដែងអាការមិនស្រួលខ្លួននៅពេលយន្តហោះកំពុងហោះហើរ។
អាកាសយានិកថ្មីមួយរូបទៀតត្រូវបានបញ្ជូនទៅស៊ីរ៉ាកូស (Syracuse) ដើម្បីដឹកអ្នកដំណើរទៅកាន់រដ្ឋបុស្ដុន (Boston) ហើយពួកគេបានទៅដល់គោលដៅនៅមុនល្ងាចថ្ងៃចន្ទ៕
ប្រែសម្រួលដោយ៖ ណុល ដារ៉ា