ភ្នំពេញ៖ របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរកឃើញថា រដ្ឋាភិបាលមិនបានផ្តល់សេរីភាពជាមួលដ្ឋានទៅតាមបទដ្ឋានអន្តរជាតិនោះទេ។តែ ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា សិទ្ធិសេរីភាពជាមូលដ្ឋានមិនមានការធ្លាក់ចុះទេ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលមានចំណងជើងថា«ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» បង្ហាញថា រដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានមានត្រឹម ២៤ ភាគរយ ហើយជាងបីភាគបួន ឬ ៧៦ ភាគរយ នៃការរឹតត្បិតសេរីភាពជាមូលដ្ឋានត្រូវបានកត់ត្រាថា មិនបានគោរពតាមបទដ្ឋានអន្តរជាតិ។
ក្នុងរបាយការណ៍ឆ្នាំទី២របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលមានកម្រាស១៦៦ទំព័រ រកឃើញទៀតថា មូលហេតុដែលមានការកម្រិតខ្លាំងលើសេរីភាពជាមូលដ្ឋាន ដោយសារការធ្វើវិសោធនកម្មបទបញ្ញតិសំខាន់ៗជាច្រើន។ ការបំពានជាប្រព័ន្ធទៅលើសេរីភាពជាមូលដ្ឋានធ្លាក់ចុះ និងការកៀបសង្កត់ទៅលើសំឡេងអ្នករិះគន់ជាដើម។
ឆ្លើយបតទៅនឹងរបាយការណ៍នេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលដោយបានអះអាងថា គ្មានការធ្លាក់ចុះសិទ្ធិសេរីភាពជាមូលដ្ឋាននោះទេ ហើយរបាយការណ៍នេះពុំបានឆ្លុះបញ្ជាំពីតថភាពកម្ពុជាទេ។
លោក ជិន ម៉ាលីន៖ «វាមានការវិវត្តន៍ទោះបីការវិវត្តន៍លឿនឬយឺតអាហ្នឹងវាទៅមុខតែបើថាដើរថយក្រោយដូចជាមិនឆ្លើយតបទៅស្ថានភាពជាក់ស្តែង។យើងមើលមែនតែនទៅអ្នកធ្វើការរិះគន់ពីសិទ្ធិសេរីភាពមានការធ្លាក់ចុះ រឹតត្បឹតគឺមានតែមួយក្រុមតូចទេ មានតែក្រុមសកម្មជននយោបាយ និងក្រុមសង្គមស៊ីវិលដែលមាននិន្នាការនយោបាយតែប៉ុណ្ណឹឯកតាមចំណាត់ការច្បាប់គេចាត់ទុកថាជារឹតត្បឹតសេរីភាពរបស់គេ»។
តែរបាយការណ៍CCHR បានកត់ត្រា ១៨២ ករណី បង្ហាញថា រាជរដ្ឋភិបាលបានត្រួតត្រាលើមកអង្គការសង្គមស៊ីវិលដែលអង្គការនេះចាត់ទុកថាជាបំពានមកលើបទដ្ឋានអន្តរជាតិក្រោមការដាក់សម្ពាធនៃច្បាប់ស្តីពីអង្គការនិងសមាគម។
របាយការណនេះថា អាជ្ញាធរធ្វើការរំខានដល់សកម្មភាពប្រជុំ វគ្គបណ្តុះបណ្តាល និងការជួបជុំ ដើម្បីប្រារព្ធកម្មវិធីនានា។ លើសពីនេះក្រុមអង្គការសង្គមស៊ីវិលផ្តល់ចម្លើយនៅក្នុងរបាយការណ៍នេះថា ការប្រាស្រ័យទាក់ទងជាឯកជននៃថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនិងសហជីពមានការឃ្លាំមើកសកម្មភាពពីអាជ្ញាធរដែនដី បើទោះបីទង្វើនេះផ្ទុយពីច្បាប់ក៏ដោយ។
ត្រង់ចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា យន្តការណ៍ច្បាប់ទាំងអស់មិនមែនជាការរឹតត្បឹតទេ ផ្ទុយទៅវិញបទបញ្ញាតិទាំងនោះជាលើកតម្កើនសិទ្ធិសេរីភាព។ លោកមើលឃើញថា សិទ្ធិសេរីភាពជាមូលដ្ឋានមានលើសលុបស្ទើរហួសដែនកំណត់ទៅហើយ។
លោក ជិន ម៉ាលីន៖ «ជាភាសាសាមញ្ញថាសិទ្ធិសេរីភាពរបស់យើងបរុបូរណ៌លើសលុបស្ទើរចង់ទៅជាអណាធិបតេយ្យពេកផងដោយសារភាពបរិបូណ៌លើសលុបពេក អញ្ចឹងហើយបានជាយើងត្រូវមានយន្តការច្បាប់រៀបចំបទបញ្ញាតិមួយចំនួន ច្បាប់គណបក្សនយោបាយ ច្បាប់អង្គការសង្គមស៊ីវិល និងច្បាប់អ្វីៗមួយចំនួនទៀត ដើម្បីឱ្យការអនុវត្តសិទ្ធិសេរីភាពវានៅក្នុងក្រមខណ្ឌច្បាប់ ហើយវារក្សាបាននូវសណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈ»។
លោកបន្ថែមថា អ្នករិះគន់ថាមានការធ្លាក់ចុះសេរីភាពជាមូលដ្ឋានជាក្រុមសកម្មជននយោបាយ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនមាននិន្នាកានយោបាយប៉ុណ្ណោះ។
របាយការណ៍ដែលមានការឃ្លាំមើលសេរីភាពមូលដ្ឋានចាប់ពីខែ មេសា ឆ្នាំ ២០១៧ ដល់ខែ មីនា ឆ្នាំ ២០១៨ បញ្ជាក់ថា អាជ្ញាធរបានបង្ហាញពីយល់ដឹងមិនត្រឹមត្រូវមកលើសេរីភាពជាមូលដ្ឋានមានចំនួន ៥១៦ ករណី ក្នុងចំណោមហេតុការណ៍សរុប ៦៧០ ករណី ដែលស្មើនឹង ៧៧ ភាគរយ។ ក្នុងរបាយការណ៍នេះកំណត់លើសិទ្ធិសេរីភាពជាមូលដ្ឋានគឺសេរីភាពខាងបង្កើតសមាគម សេរីភាពខាងជួបប្រជុំ សេរីភាពខាងបញ្ចេញមតិ៕