en     km
en     km

អ្នកនាំពាក្យតុលាការបំភ្លឺបន្ថែមទៀតករណីលោកកឹមសុខាស្របពេលសម្ដេចហ៊ុនសែនបំភ្លឺករណីនេះដែរ

Share

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ គឺពុំមែនជាករណីឃុំខ្លួននៅផ្ទះនោះទេ។ ដោយឡែក ការដោះលែងដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនេះ ជាសមត្តកិច្ចរបស់ចៅក្រមស៊ើបសួរ។ ទាក់ទិនករណីនេះសម្ដេច ហ៊ុ​ន សែន និងសម្ដេចស ខេង ថា ការណ៍នេះជាការឃុំខ្លួនក្នុងផ្ទះ ដោយគ្រាន់តែប្ដូរពីការឃុំខ្លួនក្នុងគុក មកក្នុងផ្ទះតែប៉ុណ្ណោះ។

លោក សោម លាភ រាយការណ៍ជូន៖

 

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសាដំបូងរាជធានីភ្នំពេញ ចុះផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ បញ្ជាក់ថា ករណីដោះលែងលោក កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលមិនឱ្យចាកចេញពីព្រំប្រទល់ដែនដីណាមួយជាកំណត់នេះ ជាដែនសមត្តកិច្ចរបស់ចៅក្រមស៊ើបសួរ។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថាការធ្វើបែបនេះរបស់ចៅក្រមស៊ើបសួរ គឺស្របទៅតាមមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់កថាខណ្ឌទី២ នៅចំណុច១ ចែងថា ជនត្រូវចោទដែលនៅក្រៅឃុំត្រូវគោរពកាតព្វកិច្ច ដោយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដី ដែលកំណត់ដោយចៅក្រមស៊ើបសួរ។ យ៉ាងណា ការណ៍នេះមិនមែនជាការឃុំខ្លួនក្នុងផ្ទះនោះទេ។

សេចក្ដីថ្លែងការណ៍នេះទៀតសោតបង្ហាញថា ការដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនដាក់ចំពោះអតីតមេបក្សប្រឆាំងនេះដើម្បីអោយគោរព និងអនុវត្ត។

លក្ខខ័ណ្ឌទាំងនោះមានដូចជា៖ មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣, ៣១១ និង៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គល ឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយឡើយ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា លោក កឹម សុខា ពេលនេះមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួន ក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានាដែលមិនស្ថិតនៅក្នុងក្របខណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន។

ដោយឡែក ផ្នែកសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកកឹម សុខា គឺជារឿងសំខាន់ដែលចាំបាច់ត្រូវមានការចូលរួមសហការជាមុន​ រវាងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា ថែមទាំងត្រូវមានការចូលរួមពីភាគីលោក កឹម សុខា ដើម្បីចៀសវាងមានហេតុអាក្រក់ណាមួយ ផ្នែកសុវត្ថិភាពលើរូបលោក។

ទាក់ទិនករណីនេះ កាលពីថ្ងៃទី ១៦ កញ្ញា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន ​នៅក្នុង​ខេត្តព្រៃវែងថា លោក កឹ​ម សុខា ត្រូវបានប្ដូរពីការឃុំខ្លួនក្នុងគុក មកឃុំខ្លួនក្នុងផ្ទះ។ ជាងនេះសម្ដេច ស ខេង ថា សម្ដេចជាអ្នករៀបចំការផ្លាស់ប្ដូរការឃុំខ្លួននេះ។

សម្លេងស ខេង៖«ឥឡូវនេះ យើងយកមកទុកនៅហ្នឹងផ្ទះ។ ច្បាប់យើង អត់មានច្បាប់ អាដែងនែ ព្រហ្មទណ្ឌហ្នឹងណា អត់អនុញ្ញាតឲ្យឃុំខ្លួននៅផ្ទះទេ អត់មានទេ គឺថា ឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់ ជាកំណត់ អ៊ីចឹងធ្វើម៉េចឥលូវ ចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានច្បាប់ ឃុំខ្លួននៅផ្ទះ ដល់អ៊ីចឹងរកវិធី។ ខ្ញុំថា ឥលូវព្រាងឲ្យហើយទៅ ឲ្យផាន យកទៅ ប៉ាវ ហមផាន ព្រាងឲ្យហើយ កាន់ពីហ្នឹងទៅ ទៅដល់ចរចាជាមួយ កឹម សុខា ខ្លួនឯង ព្រោះផាន ហ្នឹងទៅយកមក។ ជជែកគ្នាម៉ោង៣ ប៉ុន្តែថា ធ្វើម៉េចម៉ោង ៥ភ្លឺយ៉ាងយូរ ត្រូវយកមនុស្សហ្នឹងមោ ឲ្យដល់ភ្នំពេញ ប្រកប ដោយសុវត្ថិភាព ហើយទម្រាំជជែកគ្នាហើយ ម៉ោង៦ហើយ បានចែកផ្លូវគ្នាធ្វើការ។ បើកម្លាំងយើងដាក់ នៅផ្ទះអត់បានទេ ពីព្រោះឃុំខ្លួននៅក្នុងផ្ទះវាអត់មានច្បាប់ តែយើងដាក់ខុសច្បាប់។ អ៊ីចឹងមានតែគូសរង្វង់ផ្ទះ កឹម សុខា នៅហ្នឹងអ៊ីចឹងទៅ អារង្វង់ផ្លូវខាងជើង ខាងត្បូង ខាងលិច ខាងកើត ហ្នឹងប៉ុន្មានៗ អ៊ីចឹងទៅ ហើយយើងការពារហ្នឹង »។ 

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខចំពោះលោក កឹម សុខា ត្រូវបានសម្ដេចស ខេង ចាត់កម្លាំងឱ្យការពារតាមសំណើររបស់លោក កឹម សុខា។

ទោះបីជាយ៉ាណាក៏ដោយ លោក សម រង្ស៊ី បានឱ្យដឹងតាមរយៈទំព័រហ្វេសបុករបស់ខ្លួនថា ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងការធានាសុវត្ថិភាពឲ្យលោក កឹម សុខា ដែលត្រូវជាប់ឃុំឃាំងក្នុងផ្ទះនោះ គឺមិនអាចធានាបាននូវសុវត្តិភាពចំពោះលោកកឹម សុខាបានឡើយ។

ដោយឡែក កាលពីម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅក្នុងពិធីជួបជាមួយកម្មករជិត៣ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ ថា លោក កឹម សុខា មិនទាន់រួចទោសនោះទេ គ្រាន់តែជាប្ដូរទីតាំងឃុំឃាំងតែបុណ្ណោះ។ សម្ដេចបន្ថែមថា នាពេលអនាគត កម្ពុជា នឹងបង្កើតឲ្យមានច្បាប់ឃុំខ្លួនក្នុងផ្ទះ។

សម្ដេច ហ៊ុន សែន៖«ថ្ងៃមុនសម្ដេចក្រឡាហោមស ខេង បាននិយាយម្ដងហើយ ប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែបញ្ជាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែប៉ុណ្ណឹងទេ ក្រែងលោវាងាប់ក្នុងគុក វាបង្កើតរឿងដល់រាជរដ្ឋាភិបាល ក្នុងគោលដៅមនុស្សធម៌ និងរក្សាសុវត្តិភាព ពិរុទ្ធជន។ យើងមិនអាចទាន់ហៅគេទណ្ឌិតទេ។ នៅប្រទេសរបស់យើងអត់ទាន់មានច្បាប់ឃុំខ្លួនក្នុងផ្ទះទេ វានៅអាកន្លែងហ្នឹង !  អ៊ីចឹងទេ តុលាការគេកំណត់តំបន់មួយ ឱ្យមនុស្សហ្នឹងស្នាក់នៅ គេអាចស្នាក់នៅចង្អុលឱ្យនៅក្នុងផ្ទះនឹងតែម្ដង យើងក៏ត្រូវរៀបចំថ្ងៃក្រោយ ឱ្យមានច្បាប់ដើម្បីឃុំខ្លួនក្នុងផ្ទះដែរ អាចជាការខ្វះចន្លោះ ទៅលើបញ្ហាផ្នែកច្បាប់»។

សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីធ្លាយចេញនូវវីដេអូមួយបង្ហាញថា លោកធ្វើតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបី និងយូហ្គោស្លាវី។

លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅម៉ោង៣ព្រឹក ថ្ងៃទី១០ ខែកញ្ញា ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង​មួយឆ្នាំ។

ករណីរបស់លោកកឹមសុខានេះ សភាសហភាពអឺរ៉ុបកាលពីថ្ងៃទី១៣កញ្ញាបានជំរុញអោយមានការដោះលែង និងទំលាក់ចោល ជាស្ថាពរនូវបទចោទប្រឆាំងអតីតប្រធានគណបក្សប្រឆាំង៕

Share

Image
Image
Image