កូឡាឡាំពួរ៖ សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីណាជីពរ៉ាហ្សាក់ ចាប់កំរើកវិញហើយនៅថ្ងៃនេះ ដោយ លោក ណាជីព ត្រូវបានចាប់ខ្លួននាំតុលាការនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីមកស្ដាប់ការចោទប្រកាន់ដោយរដ្ឋអាជ្ញានូវបទចោទដល់ទៅ ២១ករណី។
បណ្ដាញផ្សាយព័ត៌មានជាច្រើនរបស់ម៉ាឡេស៊ី បានចុះផ្សាយព្រោងព្រាតពីរូបភាពសមត្ថកិច្ចនាំខ្លួនលោកណាជីពឡើងតុលាការ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ កាលខ្លួនមានអំណាចបាន ចាប់អ្នកនយោបាយជាច្រើន ដាក់គុកដោយសារតែពួកគេចោទនិងវាយប្រហាររូបលោកថាជាមេដឹកនាំពុករលួយ។ ខណៈលោកណាជីព នៅតែអះអាងថាសំណុំរឿងរបស់លោកគឺការសងសឹងខាងនយោបាយ។
កញ្ញា ជាតា ជូនសេចក្ដីរាយការណ៍៖
អតីតនាយករដ្ឋមន្រ្ដីណាជីពរ៉ាហ្សាក់ ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃពុធ ម្សិលមិញ ដោយសមត្ថកិច្ចប្រឆាំងអំពើពុករលួយ ករណីពាក់ព័ន្ធការបន្លំលួចលុយរបស់រដ្ឋជាង ៦០០លានដុល្លារសហរដ្ឋអាមេរិកចូលក្នុងគណនីផ្ទាល់គ្រួសាររបស់លោក។
យោងតាមសារព័ត៌មានអាមេរិក The Wall Street Journal បានចុះផ្សាយថា នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះ ឱ្យដឹងថា លោក ណាជីព ត្រូវបានសមត្ថកិច្ចនាំខ្លួនចូលទៅកាន់តុលាការដើម្បីទទួលយកបទចោទ ២១ករណី ប្រឆាំងនិងរូបលោក ។ ក្នុងនោះ ករណីលុយជាង ៦០០លានដុល្លារដែលរកឃើញថា លោកណាជីព បានលួចផ្ទេរពីធនាគារ 1MDB មកដាក់ចូលក្នុងគណនីផ្ទាល់ខ្លួនរបស់លោក និងសំណុំរឿងផ្សេងៗទៀតពាក់ព័ន្ធនិងការលាងលុយកង្វល់ ការគ្រប់គ្រងការចំណាយមិនមានតម្លាភាពអំឡុងលោកជានាយករដ្ឋមន្រ្ដី។
បើតាមច្បាប់ប្រទេសម៉ាឡេស៊ី លោក ណាជីព ប្រឈមនិងការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣៥ឆ្នាំ ដែលនៅខណៈនេះ លោកមានអាយុ ៦៦ឆ្នាំ។
លោក ណាជីព បានឡើងតំណែងជានាយករដ្ឋមន្រ្ដីនៅឆ្នាំ ២០០៩ នៅពេលដែលគណបក្ស UMNO របស់លោកបានឈ្នះឆ្នោតនៅឆ្នាំ ២០១៣ ដែលអ្នកសង្កេតការណ៍មើលឃើញថា ការបោះឆ្នោតនៅពេលនោះមានភាពមិនប្រក្រតីផ្ទុះឡើងជាច្រើន។ តែយ៉ាងណាក៏ដោយលោកណាជីពបច្ចុប្បន្នគឺជាអ្នកតំណាងរាស្រ្ដម្នាក់របស់គណបក្ស UMNO ។
កាលពីថ្ងៃម្សិលមិញ មន្រ្ដីជាន់ខ្ពស់របស់គណបក្សនេះជាច្រើនបានលាលែងពីបក្ស ដោយចុះចូលជាមួយគណបក្សថ្មីរបស់លោកបណ្ឌិត មហាធា មហាម៉ាត និងលោក អាន់វ៉ាអ៊ីប្រាហ៊ិម ។
នៅពេលដែលបក្ស UMNO ចាញ់ក្នុងការបោះឆ្នោត កាលពីថ្ងៃទី ០៩ ឧសភា ឆ្នាំ២០១៨ គណបក្សដែលធ្លាប់កាន់អំណាចជាង ៦០ឆ្នាំនេះ ប្រឈមមុខនិងការបែកបាក់ផ្ទៃក្នុងជាខ្លាំង គឺបន្ទាប់ពីលោកណាជីពប្រឈមមុននឹងការចោទប្រកានក់ករណីនេះ។
លោកបណ្ឌិត មហាធា មហាម៉ាត នាយករដ្ឋមន្រ្ដីថ្មីបានប្រកាសថា លោកមិនចង់ឃើញអតីតកូនចៅរបស់លោកប្រឈមមុខនឹងរឿងក្ដីនៅតុលាការទេ។ ប៉ុន្ដែ នេះជាយុត្ដិធម៌សម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលមិនចង់ឃើញការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋមកធ្វើមាន ដោយក្រុមគ្រួសារខ្លួន ខណៈខ្លួនជាអ្នកដឹកនាំប្រទេសនោះទេ។
ករណី លោក ណាជីព រ៉ាហ្សាក់ មិនត្រឹមតែបណ្ឌិតមហាធា មហាម៉ាត មានការភ្ញាក់ផ្អើលនោះទេ សូម្បីព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រនេះ ក៏ភ្ញាក់ផ្អើលផងដែរ។
នៅក្នុងពិធីបើកប្រជុំដំបូងនៃសភាទើបជាប់ឆ្នោតព្រះមហាក្សត្ររបស់ប្រទេសនេះ បានដាស់តឿនអោយតំណាងរាស្រ្ដ និងគណៈរដ្ឋមន្រ្ដីរបស់លោកមហាធាខិតខំបម្រើជាតិដោយស្មារតីស្អាតសំ្អ។ ក្នុងសំណុំរឿងនេះ មិនត្រឹមតែលោកណាជីពម្នាក់នោះទេ ដែលប្រឈមមុខ គឺមានអតីតគណៈរដ្ឋមន្រ្ដីរបស់លោកជាច្រើនរូបស្ថិតក្នុងការស៊ើបអង្កេត ក្នុងនោះ មានទាំងភរិយារបស់លោកណាជីពផងដែរ។
យ៉ាងណាក៏ដោយ លោក ណាជីព តែងតែប្រាប់គណៈកម្មាការប្រឆាំងអំពើពុករលួយថា៖« លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ។ លោក អះអាងថា ការចោទប្រកាន់មកលើរូបលោកជាការសងសឹកខាងនយោបាយ »។
ប៉ុន្ដែអ្វីដែលនាំអោយលោកណាជីពធ្លាក់ខ្លួនមកដល់ពេលនេះ គឺដោយសារតែសារព័ត៌មានអាមេរិក The Wall Street Journal ចុះផ្សាយអត្ថបទស៊ើបអង្កេតរបស់លោកកាលពីពាក់កណ្ដាលឆ្នាំ ២០១៧ ដោយរកឃើញ គ្រួសាររបស់លោកណាជីពមានលុយជិត ៧០០លានដុល្លារ ដែលសារព័ត៌មាននេះរកឃើញការផ្ទេរលុយចូលមកគណនីគ្រួសាររបស់លោកណាជីពដោយអាថ៌កំបាំង៕