loader

ការ​ប្រែប្រួល​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ គឺជា​កំហុស​មួយ​ធ្ងន់ធ្ងរ​ តែ​ក្រសួង​សន្យា​មិន​ឲ្យ​មាន​ទៀត​ឡើយ​

​ភ្នំពេញ​៖​ អ្នក​ឃ្លាំមើល​កិច្ចការ​សង្គម​កម្ពុជា​យល់​ថា​ ក្រសួង​អប់រំ​មាន​កំហុស​ខ្លាំង​ ដោយសារ​ការ​ធ្វេសប្រហែស​ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ពី​តម្លាភាព​ និង​សមត្ថភាព​ របស់​ក្រុម​កំណែ​ចំពោះ​ការ​ស្រង់​ព​ន្ទុ​កិច្ចការ​របស់​សិស្ស​ មិន​មាន​ភាព​ហ្មត់ចត់​។​ យ៉ាងណាមិញ​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​និយាយ​ថា​ ក្រសួង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ដែរ​ ហើយ​ប្ដេជ្ញា​ចិត្ត​ថា​ នឹង​មិន​ឲ្យ​មាន​បញ្ហា​នេះ​កើត​មាន​ឡើង​នៅ​ពេល​ក្រោយ​ទៀត​ឡើយ​។​

​លោក​ សោម​ លាភ​ រាយការណ៍​៖

 

​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​ជា​ការ​រឹត​បន្តឹង​រយៈពេល​ប្រាំ​ឆ្នាំ​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​រហូត​មានការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ទូទៅ​។​ ស្នាដៃ​នេះ​កើត​ចេញពី​ការ​ខិតខំ​របស់​ក្រសួង​អប់រំ​ ហើយ​ក្លាយជា​មោទនភាព​ នៃ​វិស័យ​អប់រំ​ជំនាន់​ក្រោយ​ទៀត​ផង​។​ តែ​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​ ឆ្នាំ​២០១៨​នេះ​ បាន​ទាញ​ទម្លាក់​សមត្ថកិច្ច​របស់​ក្រសួង​អប់​រំជា​ខ្លាំង​ ដោយសារ​តែ​ធ្វើ​អោយ​មាន​កំហុស​ ក្នុង​ការ​បូក​សរុប​ពិន្ទុ​សិស្ស​ មិន​មាន​ភាព​ហ្មត់ចត់​ នាំ​ឲ្យ​សិស្ស​តវ៉ា​ ហើយ​ទីបំផុត​ក្រសួង​សម្រេច​ពិនិត្យ​និង​ចេញ​ លទ្ធផល​លើក​ទី​ពីរ​មានការ​ប្រែប្រួល​ជា​ខ្លាំង​។​

​តាម​រយៈ​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​ពិនិត្យ​ និង​សើរើ​ឡើង​វិញ​នូវ​លទ្ធផល​ជា​លើក​ទី​២​នេះ​ ក្រសួង​បញ្ជាក់​ថា​ ដោយសារ​តែ​ក្រសួង​ផ្ទាល់​ មាន​បញ្ហា​លើ​ដំណើរការ​បូក​សរុប​ពិន្ទុ​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ពោល​គឺ​មាន​បញ្ហា​បច្ចេកទេស​ ដែល​បាន​ប៉ះពាល់​ដល់​វិញ្ញាសារ​គណិត​វិទ្យា​លើ​ថ្នាក់​វិទ្យាសាស្ត្រ​ក្នុង​មណ្ឌល​មួយ​ចំនួន​ ដែល​មាន​បញ្ហា​លើ​សន្លឹក​កិច្ចការ​របស់​សិស្ស​ចំនួន​ ៧៤០​ បន្ទប់​។​

​ទោះជា​ការ​ប្រកាស​លទ្ធផល​លើក​ទី​២​ នៅ​ថ្ងៃ​ទី​ ១៤​ កញ្ញា​ អាច​ទទួលយក​បាន​ដោយ​ សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ ឃើញ​ថា​បាន​ធ្វើ​អោយ​មានការ​ផ្លាស់​ប្ដូរ​ចំនួន​អ្នក​ជាប់​និទ្ទេស​A​ និង​ចំនួន​អ្នក​ជាប់​គ្រប់​និទ្ទេស​កើនឡើង​យ៉ាងណា​ក្ដី​ ក៏​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​កម្ពុជា​ថា​ នៅ​តែ​មិន​ទាន់​មាន​ភាព​ជឿជាក់​លើ​ក្រសួង​អប់រំ​នៅឡើយ​ទេ​។​

​លោក​ សន​ ជ័យ​ អ្នក​ឃ្លាំមើល​កិច្ចការ​សង្គម​ ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ១៤​ កញ្ញា​ថា​ ក្រសួង​មិន​ទាន់​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅឡើយ​ទេ​ ពោល​គឺ​ក្រសួង​មិន​បាន​ថា​បញ្ហា​ទៅ​លើ​អ្នកត្រួតពិនិត្យ​ បែ​ជា​ដាក់បន្ទុក​ទៅ​លើ​កុំព្យូទ័រ​ទៅ​វិញ​ ដែល​ជា​ការ​ប្រហែស​របស់​មនុស្ស​គឺជា​កំហុស​ធំ​របស់​ក្រសួង​។​ យ៉ាងណា​ក៏​ដោយ​ មិនមែន​តែ​ឆ្នាំ​នេះ​ទេ​ ដែល​ក្រសួង​មាន​កំហុស​នោះ​ ជាក់ស្ដែង​ឆ្នាំ​មុនៗ​ក៏​ដូច​ជា​ឆ្នាំ​នេះ​ផង​ដែរ​ ក៏​មាន​បញ្ហា​ដែរ​ ពោល​គឺ​មាន​ភាព​ខុស​គ្នា​ទៅ​លើ​វិញ្ញាសា​រហើយ​ឱ្យ​ពិន្ទុ​ទៅ​សិស្ស​ពេញ​។​ លោក​ សន​ ជ័យ​ យល់​ ថា​យុត្តិធម៌​នឹង​ត្រូវ​កប់​បាត់​ប្រសិនបើ​មិន​មានការ​តវ៉ា​ពី​សិស្ស​ផ្ទាល់​ ដែល​ជា​កំហុស​ធ្ងន់​បំផុត​។​ យ៉ាងណា​ លោក​ថា​ លទ្ធផល​នេះ​មិន​ទាន់​មាន​ភាព​យុត្តិធម៌​សម្រាប់​សិស្ស​ទាំងអស់​គ្នា​ឡើយ​។​

​ខណៈ​ដែល​មានការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​អប់រំ​ រហូត​ដល់​ពីរ​ដង​នេះ​ លោក​ សុខ​ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស​ ឬ​លោក​ វី​ល្លាម​ ហ្ក​ង់​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ បាន​រិះគន់​ ពី​ភាព​អសកម្ម​របស់​ក្រសួង​អប់រំ​យ៉ាង​ខ្លាំង​។​ លោក​ សរសេរ​ថា​ «​ក្រសួង​អប់រំ​ធ្វើការ​បែប​ណា​ ទើប​បូក​លទ្ធផល​ប្រលង​បាក់​ឌុ​ប​ផ្នែក​គណិត​វិទ្យា​ខុស​ដល់​ថ្នាក់​សិស្ស​តវ៉ា​ពេញ​ផ្ទៃ​ប្រទេស​ ?​ ខ្មាស​ សិស្ស​ណាស់​ ដល់​ថ្នាក់​ក្រសួង​អប់រំ​បូកលេខ​ខុស​ទៅ​ហើយ​តើ​ទៅ​អប់រំ​គេ​យ៉ាងម៉េច​ ?​ តើ​ពាក្យ​ខុស​បច្ចេកទេស​ជា​ពាក្យ​ដែល​ត្រូវ​គេចវេស​ពី​ទំនួល​ខុស​ត្រូវ​ឬ​យ៉ាងណា​»​ ?

​មូលហេតុ​បញ្ហា​បច្ចេកទេស​ដែល​ធ្វើ​ឱ្យ​ក្រសួង​ឈាន​ទៅ​ដល់​ការ​ប្រកាស​លទ្ធផល​ជា​លើក​ទី​ ២​ នោះ​ គឺជា​បន្ទុក​ និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​ផ្ទាល់​។​

​លោក​ ឌី​ ខាំ​បូ​លី​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានឱ្យ​ដឹង​ថា​ បញ្ហា​លើ​លទ្ធផល​នេះ​ មាន​តែ​មុខ​វិទ្យា​គណិត​វិទ្យា​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​ នៅ​មណ្ឌល​មួយ​ចំនួន​ទេ​។​ លោក​បន្ថែម​ថា​ លទ្ធផល​ថ្មី​នេះ​ គឺជា​លទ្ធផល​ដែល​ក្រសួង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ ហើយ​សង្ឃឹមថា​សាធារណៈជន​គួរតែ​មាន​ជំនឿ​ចិត្ត​លើ​ក្រសួង​ឡើង​វិញូ​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក្រសួង​នៅ​តែ​ទទួល​ពាក្យបណ្ដឹង​បន្ត​ពី​សិស្សានុសិស្ស​ដែល​មិន​សុខចិត្ត​ចំពោះ​លទ្ធ​ជា​បន្ត​ទៀត​។​ លោក​ ឌី​ ខាំ​បូ​លី​ បញ្ជាក់​ថា​ ក្រសួង​ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​។​

​ដោយឡែក​ សម្រាប់​សិស្ស​ផ្ទាល់​ គឺ​យុវជន​កែវ​ ពិសិដ្ឋ​ ដែល​លទ្ធផល​លើក​ទី​១​ បាន​និ​ទេ្ទ​ស​D​តែ​ការ​ប្រកាស​លទ្ធផល​លើក​ទី​ពីរ​ បាន​និទ្ទេស​A​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ខ្លួន​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​លើក​ទី​២​នេះ​ ហើយ​លទ្ធផល​នេះ​វា​ជាស​មត្ត​ភាព​របស់​ខ្លួន​។​ យ៉ាងណា​ ពិសិដ្ឋ​បាន​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​សិក្សា​រៀនសូត្រ​ដើម្បី​ក្លាយជា​សិស្ស​ពូកែ​។​ពិសិដ្ឋ​ចែករំលែក​ថា​ ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ ត្រូវ​ខំប្រឹង​ខ្លួនឯង​នៅ​ពេលទំនេរ​,​ ចែករំលែក​ចំណេះដឹង​គ្នា​ ជា​ពិសេស​យកចិត្តទុកដាក់​នៅ​ពេល​គ្រូបង្រៀន​។​ យ៉ាងណាមិញ​ ការ​សិក្សា​បាន​ល្អ​នោះ​មិនមែន​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​នោះ​ទេ​ លុះត្រាតែ​មានការ​លើក​ចិត្ត​ម​ជ្ឈ​ដា្ឋ​ន​ខាងក្រៅ​ ដូច​ជា​ គ្រួសារ​ មិត្ត​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ មួយវិញទៀត​ គឺ​សង្គម​មាន​សន្តិភាព​ និង​សេ្ថ​រ​ភាព​ក៏​ជា​ចំណែក​ធំ​មួយ​សម្រាប់​ប្រព័ន្ធ​អប់រំ​ផង​ដែរ​។​

​គួរ​រំលឹក​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ឡើង​វិញ​នូវ​លទ្ធផល​បាក់​ឌុ​ប​នៅ​ថ្ងៃ​ទី​ ១៤​ កញ្ញា​នេះ​ បញ្ជាក់​ថា​មាន​ចំនួន​អ្នក​ជាប់​កើនឡើង​ច្រើន​ជាង​មុន​។​ យ៉ាងណាមិញ​ លទ្ធផល​ថ្មី​នេះ​បង្ហាញ​ថា​ បេក្ខជន​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤០៨​នាក់​ និទ្ទេស​ B​ ចំនួន​ ២​ ២២២​នាក់​ និទ្ទេស​ C​ ចំនួន​ ៦​ ០៤១​នាក់​ និទ្ទេស​ D​ ចំនួន​១៥​ ១៨០​នាក់​ និង​និទ្ទេស​ E​ ចំនួន​ ៥២​ ១៨៣​នាក់​៕​ អត្ថបទ​ដោយ​លោក​ សោម​ លាភ​

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត