ភ្នំពេញ៖ អ្នកឃ្លាំមើលកិច្ចការសង្គមកម្ពុជាយល់ថា ក្រសួងអប់រំមានកំហុសខ្លាំង ដោយសារការធ្វេសប្រហែសដែលនាំឲ្យមានការសង្ស័យពីតម្លាភាព និងសមត្ថភាព របស់ក្រុមកំណែចំពោះការស្រង់ពន្ទុកិច្ចការរបស់សិស្ស មិនមានភាពហ្មត់ចត់។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងអប់រំនិយាយថា ក្រសួងបានពិនិត្យយ៉ាងល្អិតល្អន់ដែរ ហើយប្ដេជ្ញាចិត្តថា នឹងមិនឲ្យមានបញ្ហានេះកើតមានឡើងនៅពេលក្រោយទៀតឡើយ។
លោក សោម លាភ រាយការណ៍៖
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាការរឹតបន្តឹងរយៈពេលប្រាំឆ្នាំឃើញថា មានប្រសិទ្ធភាពយ៉ាងខ្លាំងរហូតមានការកោតសរសើរពីមជ្ឈដ្ឋានទូទៅ។ ស្នាដៃនេះកើតចេញពីការខិតខំរបស់ក្រសួងអប់រំ ហើយក្លាយជាមោទនភាព នៃវិស័យអប់រំជំនាន់ក្រោយទៀតផង។ តែសម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ បានទាញទម្លាក់សមត្ថកិច្ចរបស់ក្រសួងអប់រំជាខ្លាំង ដោយសារតែធ្វើអោយមានកំហុស ក្នុងការបូកសរុបពិន្ទុសិស្ស មិនមានភាពហ្មត់ចត់ នាំឲ្យសិស្សតវ៉ា ហើយទីបំផុតក្រសួងសម្រេចពិនិត្យនិងចេញ លទ្ធផលលើកទីពីរមានការប្រែប្រួលជាខ្លាំង។
តាមរយៈមូលហេតុដែលឈានទៅដល់ការពិនិត្យ និងសើរើឡើងវិញនូវលទ្ធផលជាលើកទី២នេះ ក្រសួងបញ្ជាក់ថា ដោយសារតែក្រសួងផ្ទាល់ មានបញ្ហាលើដំណើរការបូកសរុបពិន្ទុ តាមប្រព័ន្ធកុំព្យូទ័រ ពោលគឺមានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ដល់វិញ្ញាសារគណិតវិទ្យាលើថ្នាក់វិទ្យាសាស្ត្រក្នុងមណ្ឌលមួយចំនួន ដែលមានបញ្ហាលើសន្លឹកកិច្ចការរបស់សិស្សចំនួន ៧៤០ បន្ទប់។
ទោះជាការប្រកាសលទ្ធផលលើកទី២ នៅថ្ងៃទី ១៤ កញ្ញា អាចទទួលយកបានដោយ សិស្សពូកែផ្នែកគណិតវិទ្យា ឃើញថាបានធ្វើអោយមានការផ្លាស់ប្ដូរចំនួនអ្នកជាប់និទ្ទេសA និងចំនួនអ្នកជាប់គ្រប់និទ្ទេសកើនឡើងយ៉ាងណាក្ដី ក៏អ្នកឃ្លាំមើលស្ថានការណ៍សង្គមកម្ពុជាថា នៅតែមិនទាន់មានភាពជឿជាក់លើក្រសួងអប់រំនៅឡើយទេ។
លោក សន ជ័យ អ្នកឃ្លាំមើលកិច្ចការសង្គម ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ១៤ កញ្ញាថា ក្រសួងមិនទាន់មានទំនួលខុសត្រូវខ្ពស់នៅឡើយទេ ពោលគឺក្រសួងមិនបានថាបញ្ហាទៅលើអ្នកត្រួតពិនិត្យ បែជាដាក់បន្ទុកទៅលើកុំព្យូទ័រទៅវិញ ដែលជាការប្រហែសរបស់មនុស្សគឺជាកំហុសធំរបស់ក្រសួង។ យ៉ាងណាក៏ដោយ មិនមែនតែឆ្នាំនេះទេ ដែលក្រសួងមានកំហុសនោះ ជាក់ស្ដែងឆ្នាំមុនៗក៏ដូចជាឆ្នាំនេះផងដែរ ក៏មានបញ្ហាដែរ ពោលគឺមានភាពខុសគ្នាទៅលើវិញ្ញាសារហើយឱ្យពិន្ទុទៅសិស្សពេញ។ លោក សន ជ័យ យល់ ថាយុត្តិធម៌នឹងត្រូវកប់បាត់ប្រសិនបើមិនមានការតវ៉ាពីសិស្សផ្ទាល់ ដែលជាកំហុសធ្ងន់បំផុត។ យ៉ាងណា លោកថា លទ្ធផលនេះមិនទាន់មានភាពយុត្តិធម៌សម្រាប់សិស្សទាំងអស់គ្នាឡើយ។
ខណៈដែលមានការប្រកាសលទ្ធផលរបស់ក្រសួងអប់រំ រហូតដល់ពីរដងនេះ លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ឬលោក វីល្លាម ហ្កង់ ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរិះគន់ ពីភាពអសកម្មរបស់ក្រសួងអប់រំយ៉ាងខ្លាំង។ លោក សរសេរថា «ក្រសួងអប់រំធ្វើការបែបណា ទើបបូកលទ្ធផលប្រលងបាក់ឌុបផ្នែកគណិតវិទ្យាខុសដល់ថ្នាក់សិស្សតវ៉ាពេញផ្ទៃប្រទេស ? ខ្មាស សិស្សណាស់ ដល់ថ្នាក់ក្រសួងអប់រំបូកលេខខុសទៅហើយតើទៅអប់រំគេយ៉ាងម៉េច ? តើពាក្យខុសបច្ចេកទេសជាពាក្យដែលត្រូវគេចវេសពីទំនួលខុសត្រូវឬយ៉ាងណា» ?
មូលហេតុបញ្ហាបច្ចេកទេសដែលធ្វើឱ្យក្រសួងឈានទៅដល់ការប្រកាសលទ្ធផលជាលើកទី ២ នោះ គឺជាបន្ទុក និងការទទួលខុសត្រូវរបស់ក្រសួងផ្ទាល់។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា បញ្ហាលើលទ្ធផលនេះ មានតែមុខវិទ្យាគណិតវិទ្យានៅថ្នាក់វិទ្យាសាស្ត្រ នៅមណ្ឌលមួយចំនួនទេ។ លោកបន្ថែមថា លទ្ធផលថ្មីនេះ គឺជាលទ្ធផលដែលក្រសួងបានពិនិត្យយ៉ាងល្អិតល្អន់ ហើយសង្ឃឹមថាសាធារណៈជនគួរតែមានជំនឿចិត្តលើក្រសួងឡើងវិញូ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងនៅតែទទួលពាក្យបណ្ដឹងបន្តពីសិស្សានុសិស្សដែលមិនសុខចិត្តចំពោះលទ្ធជាបន្តទៀត។ លោក ឌី ខាំបូលី បញ្ជាក់ថា ក្រសួង នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីកុំឱ្យមានបញ្ហាផ្សេងៗកើតឡើង។
ដោយឡែក សម្រាប់សិស្សផ្ទាល់ គឺយុវជនកែវ ពិសិដ្ឋ ដែលលទ្ធផលលើកទី១ បាននិទេ្ទសDតែការប្រកាសលទ្ធផលលើកទីពីរ បាននិទ្ទេសA បានប្រាប់វិទ្យុស្ត្រីថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលលើកទី២នេះ ហើយលទ្ធផលនេះវាជាសមត្តភាពរបស់ខ្លួន។ យ៉ាងណា ពិសិដ្ឋបានចែករំលែកបទពិសោធន៍នៃការសិក្សារៀនសូត្រដើម្បីក្លាយជាសិស្សពូកែ។ពិសិដ្ឋចែករំលែកថា ដើម្បីក្លាយជាសិស្សពូកែ ត្រូវខំប្រឹងខ្លួនឯងនៅពេលទំនេរ, ចែករំលែកចំណេះដឹងគ្នា ជាពិសេសយកចិត្តទុកដាក់នៅពេលគ្រូបង្រៀន។ យ៉ាងណាមិញ ការសិក្សាបានល្អនោះមិនមែនមានតែខ្លួនឯងប៉ុណ្ណោះនោះទេ លុះត្រាតែមានការលើកចិត្តមជ្ឈដា្ឋនខាងក្រៅ ដូចជា គ្រួសារ មិត្ត និងអ្នកនៅជុំវិញខ្លួន។ មួយវិញទៀត គឺសង្គមមានសន្តិភាព និងសេ្ថរភាពក៏ជាចំណែកធំមួយសម្រាប់ប្រព័ន្ធអប់រំផងដែរ។
គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឡើងវិញនូវលទ្ធផលបាក់ឌុបនៅថ្ងៃទី ១៤ កញ្ញានេះ បញ្ជាក់ថាមានចំនួនអ្នកជាប់កើនឡើងច្រើនជាងមុន។ យ៉ាងណាមិញ លទ្ធផលថ្មីនេះបង្ហាញថា បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់៕ អត្ថបទដោយលោក សោម លាភ