ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធានាថា រាជរដ្ឋាភិបាលនឹងចេញមុខបើកប្រាក់ឈ្នួលជូនកម្មករ ដែលថៅកែរត់ចោល តែសម្ដេចសុំម្យ៉ាងគឺកុំឲ្យមានការបិទផ្លូវកើតឡើងជាបន្ដទៀត។ ការអះអាងរបស់នាយករដ្ឋមន្ដ្រី ដូចនេះ គឺបន្ទាប់ពីកម្មករនៅរោងចក្រមួយ កាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញាបានបិទកំណាត់ផ្លូវជាតិលេខ៤ធ្វើឲ្យស្ទះចរាចរជាខ្លាំង។ ករណីនេះសហជីព ស្នើឲ្យរដ្ឋាភិបាល ពង្រឹងការអនុវត្ដច្បាប់លើក្រុមថៅកែដែលប្រព្រឹត្ដល្មើសច្បាប់។
លោក លៀ ស៊ីណា រាយការណ៍ ៖
រំលងបាន ២ថ្ងៃ ក្រោយពី កម្មករ ផ្ទុះបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារបើកប្រាក់ខែគឺ នៅថ្ងៃទី១៩ ខែកញ្ញានេះ ក្នុងពិធីជួបសំណេះសំណាលជាកម្មករ នៅខេត្ដកំពង់ស្ពឺ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីថ្មី អាណត្ដីទី០៦ បានអំពាវនាវដល់កម្មករ កម្មការិនី នៅទូទាំងប្រទេស សូមកុំធ្វើបាតុកម្ម បិទផ្លូវប្រសិនបើមានករណីថៅកែរត់ចោលរោងចក្រ ទាំងមិនបានបើកប្រាក់ខែជូន។ សម្ដេច អះអាងថា រាជរដ្ឋាភិបាលរបស់សម្ដេច នឹងចេញមុខមកទូទាត់ប្រាក់ខែជូនកម្មករ ទាំងអស់ ដោយមិនឲ្យកម្មករណាម្នាក់បាត់បង់អត្ថប្រយោជន៍របស់ខ្លួនឡើយ។
សម្ដេចបន្ដថា ការយកផ្លូវមកធ្វើជាចំណាប់ខ្មាំង ដើម្បីតវ៉ា មិនមែនជារឿងល្អនោះទេ ពីព្រោះតែវាមិនមែនប៉ះពាល់តែថៅកែរោងចក្រឡើយ តែផ្ទុយទៅវិញវាប៉ះពាល់ដល់អ្នកធ្វើដំណើរពិសេស គឺអាចប៉ះពាល់ទៅដល់អ្នកត្រូវការ ការសង្គ្រោះបន្ទាន់ នៅតាមមន្ទីរពេទ្យទៀតផង ៖«ក្មួយៗតាមរោងចក្រនានា ណ្ហើយ សុំអញ្ចេះពូស្នើសុំដោយត្រង់។ ពូមិនឲ្យក្មួយៗអត់លុយទេ ចេញអស់ ២២លានដុល្លារសហរដ្ឋអាមេរិករួចហើយ គ្រាន់តែថៅកែរត់ចោលនោះ។ ឥឡូវបើថៅកែរត់ចោលយើងទៅបិទផ្លូវទៀត បិទហ្នឹងមិនមែនសម្លាប់ថៅកែឯណា សម្លាប់អ្នកធ្វើចរាចរលើផ្លូវជាតិលេខ ៤នេះ។ អញ្ចឹងលុយគង់តែដោះស្រាយទេ តែកុំទៅលេងបិទផ្លូវ»។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បង្ហាញទស្សនរបស់លោកថា លោកជឿជាក់ថា គ្មានកម្មករណាម្នាក់ ចង់ធ្វើកូដកម្មបិទផ្លូវអ្វីនោះទេ ក៏ប៉ុន្ដែនេះគឺមកពីកម្មករ កម្មការិនី គ្មានជម្រើសអ្វីដែលល្អជាងនេះ ព្រោះតែការអនុវត្ដការងាររបស់មន្ដ្រីថ្នាក់ក្រោមបាននាំឲ្យពួកគេបាត់បង់ជំនឿ។ លោកបន្ដថា ដើម្បីលុបបំបាត់បាតុកម្ម ដែលកើតចេញពីវិវាទការងាររបស់កម្មករ កម្មការិនី លោកសំណូមពរ ដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សុំតាមដានការអនុវត្ដច្បាប់របស់មន្ដ្រីថ្នាក់ក្រោម និងពង្រឹងការអនុវត្ដច្បាប់ដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ឲ្យបានល្អប្រសើរជាងមុន។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មើលឃើញថា មូលហេតុដែលនាំឲ្យកម្មករ អស់ជម្រើសហើយឈានដល់ការបិទផ្លូវ គឺដោយសារតែ ច្បាប់ស្ដីពីសហជីពបានចូលមកធ្វើជារនាំងបាំងកម្មករ មិនឲ្យទទួលបានសហជីពដែលគេពួកចង់បាន។ បន្ថែមពីនេះលោកសង្កត់ធ្ងន់ថា ភាពអសកម្មរបស់មន្ដ្រីរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទជូនពួកគេ ក៏ជាចំណែកសំខាន់មួយដែលធ្វើឲ្យក្រុមកម្មករ សម្រេចចិត្ដឈានដល់ការធ្វើបាតុកម្ម កូដកម្ម ដើម្បីរកដំណោះស្រាយដូច្នេះ ៖«អ្វីដែលខ្ញុំមើលឃើញទី១ គឺភាពអូសបន្លាយនៃការដោះស្រាយដែលកម្មករគាត់អត់សូវមានជំនឿ ទី២ គឺគាត់មិនសូវមានទំនុកចិត្ដទៅលើការដោះស្រាយ ទី៣ គឺគាត់បាត់បង់តំណាងដែលគាត់ជឿជាក់ គឺចំណុចទាំងអស់នេះហើយ ដែលវាមិនអាចធ្វើឲ្យកម្រិតនៃវិវាទហ្នឹងគឺថាត្រូវបានទប់ស្កាត់ទេ»។
កាលពីព្រឹកថ្ងៃទី១៧ កញ្ញា មានបាតុកម្មមួយបានផ្ទុះឡើង ក្រុមកម្មករ កម្មការិនី នៅរោងចក្រ ជីម លី មានគ្នាប្រមាណជាង ៧០០នាក់ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៤ ដោយទាមទារបើកប្រាក់ខែ។ តែយ៉ាងណាផ្លូវក៏បានបើកវិញ នៅវេលាថ្ងៃត្រង់ បន្ទាប់ពីមានការចរចារវាងមន្ដ្រីក្រសួងការងារ និងកម្មករ។ ការធ្វើបាតុកម្មបិទផ្លូវនេះ គឺបន្ទាប់ពី ក្រុមកម្មករ កម្មការិនី រោងចក្រនេះ ដែលមានគ្នាប្រមាណជាង ២៥០០នាក់ មិនបានបើកប្រាក់ខែ ហើយរង់ចាំដំណោះស្រាយពីក្រសួងការងារជាងមួយខែ មិនទទួលបានលទ្ធផល។
ទន្ទឹមជាមួយគ្នានោះ ក្រសួងការងារបានជូនដំណឹងថា ក្រសួងនឹងខិតខំ ពន្លឿន រៀបចំទូទាត់ប្រាក់បៀវត្សជូនកម្មករ ដោយស្នើសុំប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល បើកជូនកម្មករ កម្មការិនី ទាំងអស់។ ប៉ុន្ដែក្នុងលិខិតមិនបានកំណត់ថ្ងៃជាក់លាក់ក្នុងការបើកប្រាក់ជូនកម្មករនោះទេ។ តែជាមួយគ្នានេះ ក្រសួងស្នើសុំឲ្យកម្មករ រក្សាភាពស្ងៀមស្ងាត់ និងត្រូតពិនិត្យប្រាក់អីតភាពផ្ទាល់ខ្លួនម្នាក់ៗ៕