ភ្នំពេញ ៖ កម្មការិនីចំនួន ២៧នាក់ ដួលសន្លប់ជាបន្ដបន្ទាប់ ក្រោយពីមានកម្មការិនីម្នាក់ បានដួលសន្លប់។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា នៅរោងចក្រ JUHUI FOOTWEAR ស្ថិតក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
លោក លៀ ស៊ីណា រាយការណ៍ ៖
តាមសេចក្ដីជូនព័ត៌មានរបស់បេឡាជាតិរបបសន្ដិសុខសង្គម ប.ស.ស ផ្សព្វផ្សាយកាលពីរសៀលថ្ងៃទី១៨ កញ្ញា បានឲ្យដឹងថា នៅវេលាព្រឹកម៉ោង ៧ និង ៤០នាទី មានកម្មការិនីចំនួន ២៧នាក់បានដួលសន្លាប់ជាបន្ដបន្ទាប់។ ក្រោយពីមានកម្មការិនីម្នាក់ មានជំងឺគ្រុនផ្ដាសាយមានអាការ រងា ស្រៀវស្រាញ និងវិលមុខ ហើយក៏ដួលសន្លប់។ មន្ដ្រីការងារ ហៅករណីនេះថា ជា “ជំងឺស្នេហ៍ហ្វូង”។
រហូតមកដល់ពេលនេះកម្មការិនីទាំង ២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្ដកំពង់ចាម។ តែយ៉ាងអាការ របស់ពួកគាត់ត្រូវបានមន្ដ្រីការងារ បញ្ជាក់ថា បានធូរស្រាលឡើងវិញហើយ។ រាល់ថ្លៃចំណាយលើសេវាដឹកជញ្ជូន និងថ្លៃសេវាព្យាបាល គឺជាបន្ទុករបស់ បេឡាជាតិរបបសន្ដិសុខសង្គម ប.ស.ស។
ជានិច្ចកាលកម្មក តែងតែដួលសន្លប់ ពិសេស កម្មការិនី បើទោះជារដ្ឋមន្ដ្រីក្រសួងការងារ បានបង្កើតក្រុមការងារជាបន្ដបន្ទាប់ ដើម្បីសិក្សាស្រាវជ្រាវ រកមូលហេតុជាក់លាក់ ពីកត្ដាដែលនាំឲ្យកម្មករ កម្មការិនី ដួលសន្លប់នេះក៏ដោយ។ ប៉ុន្ដែកម្មករ កម្មការិនី នៅតែជួបប្រទះបញ្ហាដួលសន្លប់នេះដដែល។
រដ្ឋមន្ដ្រីក្រសួងការងារ លោក អ៊ិត សំហេង កាលពីចុងឆ្នាំ២០១៧ ធ្លាប់បានព្រមានធ្ងន់ៗទៅលើរោងចក្រដែលបណ្ដោយឲ្យមានកម្មករដួលសន្លប់ច្រើន ហើយមិនរកដំណោះស្រាយ នឹងប្រឈមការផាកពិន័យ ឬចាត់វិធានការទៅតាមផ្លូវច្បាប់ ៖«ក្រសួងនឹងចាត់ការម៉ឺងម៉ាត់តាមច្បាប់ ចំពោះកន្លែងណាដែលបណ្ដោយឲ្យមានកបញ្ហាសន្លប់ ហើយសហគ្រាស រោងចក្រ នឹងទទួលខុសត្រូវ»។
ជុំវិញបញ្ហានៃការដួលសន្លប់នេះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍រំឮកថា កម្មករ កម្មការិនី រក្សាសុខភាពដោយការហាត់ប្រាណខ្លះៗ និងសម្រាកឲ្យបានគ្រប់គ្រាន់។ លោកបន្ដថា ប្រសិនបើមានអាការ មិនស្រួលខ្លួន ត្រូវតែប្រញាប់ទៅពិនិត្យសុខភាព កុំបណ្ដោយឲ្យជំងឺរាលដាលរហូតដល់សន្លប់ ៖«រឿងសុវត្ថិភាពហ្នឹងឯង និងរឿងសុខភាព គាត់ត្រូវយកចិត្ដទុកដាក់ជាចម្បងតែម្ដង អញ្ចឹងគឺកើតពីខ្លួនឯង គឺត្រូវគិតពីសុវត្ថិភាពទាំងអស់ហ្នឹង»។
លើសពីនេះ លោកក៏ស្នើឲ្យក្រុមថៅកែ និយោជក ត្រូវពិនិត្យមើលឡើងវិញពីស្ថានភាពនិង បរិយាកាស ក្នុងអាគាររោងចក្ររបស់ខ្លួន ឲ្យស្របទៅនឹងសេចក្ដីណែនាំ និងសេចក្ដីប្រកាសរបស់របស់ក្រសួងការងារ ស្ដីពីការទប់ស្កាត់ករណីដួលសន្លប់៕