ភ្នំពេញ៖ យោងតាមរបាយការណ៍រយៈពេល ៦ ខែដើមឆ្នាំ ២០១៨ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលបង្ហាញថា អ្នកកើតជំងឺគ្រុនឈាមកើនខ្ពស់ជិតបីដងបើធៀនទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជំងឺគ្រុនឈាមសម្លាប់មនុស្ស ១០ ករណី ព្រោះមាតាបិតាដំអក់យកកូនទៅពេទ្យដើម្បីពិនិត្យជំងឺ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
របាយការណ៍ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាលរកឃើញថា អ្នកកើតជំងឺគ្រុនឈាមមានចំនួន ៥២៨៤ ករណី កើនឡើងទ្វេដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៥៨០ ករណីមានន័យថា ជំងឺគ្រុនឈាមបាន កើនឡើង ៣៧០៤ ករណី នៅពាក់កណ្តាលឆ្នាំ២០១៨នេះ។
របាយការណ៍នេះបន្ថែមថា មនុស្សស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១០ ករណី ឬ១៣នាក់ដែលបានស្លាប់ នាំអោយអត្រាស្លាប់ខ្ពស់ជាងឆ្នាំ ២០១៧។
ក្រសួងរកឃើញថា ករណីអ្នកជំងឺគ្រុនឈាមស្លាប់ដោយសារ មាតាបិតាយឺតយ៉ាវនាំកូនទៅមណ្ឌលសុខាភាព ឬមន្ទីរពេទ្យបង្អែករបស់រដ្ឋ។ ការជ្រើសរើសពេទ្យេឯកជនក្នុងការពន្យាបាលជាមូលហេតុបណ្តាលឱ្យស្ថានភាពជំងឺវិវត្តធ្ងន់ធ្ងរ។ នេះបើតាមទិន្នន័យពីមន្ទីរពេទ្យនិងការសម្ភាសន៍ពីមាតាបិតានិងអាណាព្យាបាលរបស់ក្មេងដែលស្លាប់ដោយសារជំងឺគ្រុនឈាម។ អ្នកជំងឺគ្រុនឈាមជាង ៧១ ភាគរយ ជាកុមារមានអាយុពី ៥ ឆ្នាំ ដល់ ១៤ ឆ្នាំ។
ក្រសួងសុខាភិបាលមើលឃើញថា ការយល់ដឹងអំពីសារអប់រំនៃជំងឺគ្រុនឈាម ក្នុងការពារ ឬការបញ្ជូនកូនទៅមន្ទីរពេទ្យរបស់មាតាបិតានៅមានកម្រិតនៅឡើយ។ ក្រសូងពន្យល់ថា មាតាបិតាដែលបញ្ជូនកូនទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកឱ្យឆាប់បំផុតគឺតិចជាង ៤៨ ម៉ោង ក្រោយកូនៗមានជំងឺគ្រុនក្តៅ។
ក្នុងរបាយការណ៍បញ្ជាក់ថា ជំងឺគ្រុនឈាមកើតមានរាយប៉ាយនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពងចាម សៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រះវិហារ ក្រចេះ និងកំពង់ស្ពឺ។
លោក គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងរយៈពេល៩ខែកន្លងមនេះ អ្នកជំងឺគ្រុនឈាមមកសម្រាកពន្យាបាលមានការកើនឡើងជាងឆ្នាំមុន។ប៉ុន្តែគ្មានករណីអ្នកជំងឺស្លាប់ដោយសារជំងឺគ្រុនឈាមទេ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រញាប់បញ្ជូនកូនមកមណ្ឌលសុខភាពដែលជិតបំផុតបើសង្ស័យថាកូនមានជំងឺគ្រុនឈាម។
លោក គឹម សួរភិរុណ៖«ក្នុងរយៈពេល៩ខែដើម បើប្រៀបធៀបទៅនឹង ៩ ខែ ដើមឆ្នាំ ២០១៧ មានការកើនឡើងខ្លះ ប៉ុន្តែមិនមានករណីអ្វីធ្ងន់ធ្ងររហូតដល់បាត់បងជីវិតទេ។ការសំខាន់ឱ្យគាត់រស់នៅស្អាត ហូបស្អាត ហូបស្អាត និងផឹកស្អាត ចំណុចមួយទៀតបើសិនជាមានករណីក្តៅខ្លួនឬបញ្ហាជំងឺផ្សេងសុំឱ្យបងប្អូនប្រជាពលរដ្ឋអញ្ចើញទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលំនៅឋានគាត់»។
មូលខ្លាញីជាភ្នាក់ចម្លងជំងឺគ្រុនឈាមពីមនុស្សទៅមនុស្សម្នាក់ទៀត។ ដើម្បីការពារជំងឺគ្រុនឈាម សហគមន៍ត្រូវលុបបំបាត់ជម្រកមូលខ្លានៅជុំវិញផ្ទះ គេងក្នុងមុងជ្រលក់ថ្នាំ និងពាក់អាវជិតៗឱកុមារតូចៗ។
ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមឆ្នាំនេះក្រសួងសុខាភិបាលបែងចែកឱសថ បរិក្ខារ សេរ៉ូម ប្លាស្មា ដល់ថ្នាក់ខេត្តនូវបាណកឃាដចំនួន ៣៤៥ តោន សេរ៉ូប ៣៥០៩៦ ដប និង ថ្នាំបាញ់មូលចំនួន ៩០០០ លីត្រ។
ជំងឺគ្រុនឈាមមានរោគសញ្ញា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោមរង្វង់ភ្នែក ឈឺពោះ និងកន្ទួលក្រហមលើស្បែក ឬហូរឈាម។ ប្រសិនបើសង្ស័យថាមានជំងឺគ្រុនឈាមគឺត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាពជាបន្ទាន់ ហើយត្រូវទូរស័ព្ទទៅលេខ ១១៥ រាយការណ៍ទៅមន្ត្រីសុខាភិបាលបើមានការផ្ទុះជំងឺគ្រុនក្តៅខុសធម្មតាក្នុងភូមិ៕