ភ្នំពេញ ៖ អង្គការអភិរក្សសត្វព្រៃ WCS បានរកឃើញសំបុកសត្វត្រដក់តូច ជាលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្ដមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែសីហា។ អង្គការនេះអំពាវនាវសុំឲ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ ការបំពុល និងការបរិភោគសាច់សត្វព្រៃ ដើម្បីនិរន្ដរភាពយូរអង្វែងរបស់សត្វព្រៃ ដ៏កម្រគ្រប់ប្រភេទនៅកម្ពុជា។
លោក លៀ ស៊ីណា រាយការណ៍ ៖
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បានប្រាប់ឲ្យដឹងថា ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យ តាមដានសត្វព្រៃ ប្រចាំដែនជម្រកសត្វព្រៃកែវសីមា ខេត្ដមណ្ឌលគិរី បានរកឃើញសំបុកសត្វត្រដក់តូចចំនួន ០៧សំបុក ដែលកំពុងបង្កកំណើត។ ការរកឃើញនេះ គឺជាដំណឹងដ៏ល្អមួយ ពីព្រោះតែកន្លងមក ក្រុមអភិរក្សសត្វព្រៃ បានឃើញតែមេបាប៉ុណ្ណោះ តែមិនធ្លាប់ប្រទះឃើញពពួកត្រដក់តូច កាច់សំបុកពងកូននៅតំបន់នេះទេ។
លោក សូត្រ វ៉ាន់ឌឿន អ្នកស្របសម្រួលផ្នែកស្រាវជ្រាវ និងត្រួតពិនិត្យតាមដានសត្វព្រៃរបស់អង្គការ WCS បាននិយាយថា ដែនជម្រកសត្វព្រៃកែវសីមា ក៏ជាទីជម្រកដ៏មានសារសំខាន់មួយបន្ថែមទៀត សម្រាប់សត្វត្រដក់តូច ក្នុងការរស់នៅ និងបង្កកំណើត។ ពីព្រោះតែតំបន់នេះ សម្បូរទៅដោយប្រភេទព្រៃល្បោះ ព្រៃស្រោង វាលស្មៅ ត្រពាំង អូរ និងចំណីអាហារ ដែលពពួកត្រដក់តូច ចូលចិត្ដ ដែលមានដូចជា ត្រី កង្កែប ពពួកល្មួន ក្ដាម ខ្យង និងសត្វល្អិតជាច្រើនប្រភេទ។
លោក វ៉ាន់ឌឿន បន្ដថា បច្ចុប្បន្ននេះ សកម្មភាពកាប់ទន្ទ្រានព្រៃឈើ បានបង្កជាការគំរាមកំហែង និងប៉ះពាល់យ៉ាងខ្លាំងដល់ទីជម្រក និងកន្លែងពងកូនរបស់សត្វត្រដល់តូច ពិសេសក្នុងរដូវពងកូន។ សត្វត្រដក់តូច បន្ដពូជចាប់ពីខែតុលា រហូតដល់ ខែមិថុនា។ បក្សីប្រភេទនេះ ក្នុងមួយសំបុកអាចមានពងពី ៣ ទៅ ៤គ្រាប់ ហើយត្រឹមតែរយៈពេល ២ខែប៉ុណ្ណោះ ពងរបស់ពួកគេនឹងញាស់។ ដើម្បីថែរក្សាវត្ដមានសត្វត្រដក់តូច ក៏ដូចជាសត្វព្រៃដទៃៗទៀត លោកសំណូមពរឲ្យមានការចូលរួមពីពលរដ្ឋ ដោយឈប់ការបំផ្លាញព្រៃឈើ ឈប់បំពុល និងជាពិសេសសុំឲ្យអាជ្ញាធរអនុវត្ដច្បាប់ឲ្យបានតឹងរ៉ឹងក្នុងការការពារព្រៃឈើ ៖«វាត្រូវការចំណី អាហារនៅតាមបឹងត្រពាំង អញ្ចឹងពេលដែលប្រជាពលរដ្ឋគាត់នាំគ្នាបំពុល អញ្ចឹងសត្វហ្នឹងនឹងស្លាប់ដោយសារការបំពុលផងដែរ។ អញ្ចឹងការចូលរួមពីប្រជាពលរដ្ឋសហគមន៍គឺសំខាន់ខ្លាំងណាស់ ហើយមួយទៀតគ្រប់ការអនុវត្ដច្បាប់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលជាអ្នកអនុវត្ដច្បាប់ ត្រូវការពារឲ្យបានតឹងរ៉ឹងម៉ឺងម៉ាត់បំផុតចំពោះការកាប់ព្រៃ»។
សត្វត្រដក់តូច គឺពពួកសត្វស្លាបមាឌធំ ហើយពួកគេមានកម្ពស់រហូតដល់ ១ម៉ែត្រ ៣តឹក ជាងនេះបក្សីក្រុមនេះស្លាបទាំងសងខាងមានប្រវែងជាង២ម៉ែត្រ។ នារយៈពេលកន្លងមកគេបានឃើញ ត្រដក់តូច តែងតែទៅប្រមូលផ្ដុំគ្នា ផ្ដល់កំណើតឲ្យកូនៗរបស់ពួកគេ នៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ស្ថិតក្នុងខេត្ដព្រះវិហារ។
ត្រដក់តូចត្រូវបានក្រុមអង្គការអភិរក្សសត្វព្រៃអន្ដរជាតិ ប៉ាន់ប្រមាណថា ពួកគេមានចំនួនជាង ១ម៉ឺនក្បាលនៅលើសាកលលោក។ តែយ៉ាងណាចំនួនពួកគេបានធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី និងតំបន់ភាគខាងកើតនៃឧបទ្វីបឥណ្ឌ។ ដូច្នេះហើយទើប សត្វត្រដក់តូច ត្រូវបានគេចាត់ទុកថា សត្វប្រភេទងាយរងគ្រោះជាសាកលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
នៅប្រទេសកម្ពុជា សត្វព្រៃដ៏កម្រច្រើនប្រភេទ បានរងគ្រោះជាបន្ដបន្ទាប់ដោយការដាក់អន្ទាក់ ការបំពុល និងការប្រមូលយកពងកូន របស់សត្វទាំងនោះ។ ក្រោយពីបានរកឃើញបញ្ហានេះ អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានបង្កើតកម្មវិធីមួយ ដើម្បីការពារសំបុកសត្វព្រៃ ដោយជួលប្រជាសហគមន៍ ដែលជាអ្នកមានប្រវត្ដិ ធ្លាប់ប្រមូលយកពងកូនសត្វព្រៃ ជាអ្នកមើលថែសំបុក ពងកូន សត្វព្រៃទាំងនោះ តាំងពីពង រហូតដល់ញាស់ ហើយអង្គការផ្ដល់ជាប្រាក់កម្រៃសម្រាប់ពួកគាត់។
សត្វត្រដក់តូច ជាប្រភេទសត្វស្លាបដែលចូលចិត្ដធ្វើសំបុកពងកូន ជាបណ្ដុំនៅជិតៗគ្នា លើដើមឈើខ្ពស់ៗ ហើយជាប្រភេទព្រៃល្បោះ និងព្រៃស្រោង។ បក្សីប្រភេទនេះ ជាសត្វមិនងាយផ្អើលដូចពពួកត្រយ៉ងយក្ស ឬត្រយ៉ងចង្កំកស នោះទេ។
យ៉ាងណាអង្គការ WCS បានអះអាងថា ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យតាមដានរបស់ខ្លួន នឹងនៅតែបន្ដស្វែងរកសំបុកត្រដក់តូចជាបន្ដទៀត ដោយធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍ ជាពិសេសមន្ទីរបរិស្ថានខេត្ដ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីការពារសំបុក និងទីតាំងពងកូនរបស់សត្វត្រដក់តូចនេះ៕