ភ្នំពេញ៖ សហជីពមួយគ្រោងនឹងកៀរគរសហជីពផ្សេងៗទៀត ដើម្បីធ្វើបាតុកម្មដាក់ញត្តិទាមទារឱ្យរដ្ឋាភិបាលគោរពនឹងធ្វើតាមសំណើរបស់សហភាពអឺរ៉ុប(EU) បើពុំដូច្នេះទេ សហភាពអឺរ៉ុបនឹងដកពន្ធអនុគ្រោះពីកម្ពុជា។ តែយ៉ាងណាមន្រ្តី រដ្ឋាភិបាលថា ការគ្រោងធ្វើបាតុកម្មរបស់ក្រុមសហជីពនេះ គឺគ្រាន់តែដើម្បីទាញផលប្រយោជន៍ពីកម្មករ និងនយោបាយតែប៉ុណ្ណោះ។
សហភាពសហជីពកម្ពុជាដឹកនាំដោយលោក រ៉ុង ឈុន ត្រៀមប្រមូលកៀរគរសហជីព កម្មករ មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមធ្វើបាតុកម្មដោយដាក់ញត្តិទៅរដ្ឋាភិបាល ទាមទារឱ្យគោរពតាមសំណើរបស់សហគមន៍អឺរ៉ុប ដែលចង់ឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ លើកលែងទោសលោក សម រង្ស៊ី ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាព បើកឱ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ ផ្តល់អាសនៈដល់ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំង បើកសិទ្ធិនយោបាយដល់មន្រ្តីបក្សប្រឆាំងទាំង១១៨រូប និងបើកឱ្យមានការបោះឆ្នោតឡើងវិញជាដើម។
គម្រោងធ្វើបាតុកម្មនេះ ក៏ព្រោះតែសហភាពសហជីពកម្ពុជាមើលឃើញថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនគោរពតាមនោះទេ គឺរយៈពេល៣ខែខាងមុខទៀត សហភាពអឺរ៉ុបនឹងដកពន្ធអនុគ្រោះEBAពីកម្ពុជា ហើយផលប៉ះពាល់នឹងកើតមានលើកម្មករ និងអ្នកពាក់ព័ន្ធនានា។ នេះបើតាមការលើករបស់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាថ្លែងក្នុងសន្និសទីសារព័ត៌មាននៅទៅស្នាក់របស់ខ្លួនស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៨នេះ។
លោក រ៉ុង ឈុន ឱ្យដឹងទៀតថា ប្រសិនបើសហភាពអឺរ៉ុបពិតជាដកពន្ធអនុគ្រោះពីកម្ពុជាមែននោះ គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កម្មករ-កម្មការិនីជាង៨០ម៉ឺននាក់នោះទេ ចំណែកអ្នកដែលពាក់ព័ន្ធក្នុងវិស័យនេះ ដូចជា អ្នកលក់ដូរ អ្នកបើកឡាន ម្ចាស់បន្ទាប់ជួលក៏រងផលប៉ះពាល់ផងដែរ។ ជាងនេះទៀតលោកបន្ថែមថា ការដកពន្ធអនុគ្រោះនេះ នឹងជះឥទ្ធិពលដល់មន្ដ្រីរាជការតាមរយៈការប្រមូលពន្ធ និងក្រុមគ្រួសារមន្រ្តីជាន់ខ្ពស់ដែលប្រឈមនឹងទណ្ឌកម្មផ្នែកទិដ្ឋការនិងបង្កក់ព្រទ្យសម្បត្តិជាដើម។
លោក រ៉ុង ឈុន ថាលោកមិនចង់ឃើញកម្មករ-កម្មការរិនីអត់ការងារធ្វើនោះទេ ហើយក៏មិនចង់ឱ្យមន្រ្តីរាជការពិសេសគ្រូបង្រៀនបើកប្រាក់ខែ ៣ខែម្តងដូចទស្សវត្សមុនៗឡើយ។
លោក រ៉ុង ឈុន ផ្ញើសារដល់រដ្ឋាភិបាលថាគប្បីគោរពតាមសំណើរបស់សហភាពអឺរ៉ុប ព្រោះប្រសិនបើសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម នោះគឺមិនងាយនឹងដកវិញបានដោយស្រួលនោះទេ។
លោក រ៉ុង ឈុន៖«យើងនឹងរៀបចំធ្វើបាតុកម្មមួយដើម្បីជំរុញឱ្យរដ្ឋាភិបាល ងាកមកពិចារណាជុំវិញផលប្រយោជន៍កម្មករ ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ ជៀសវាងយើងគិតគូរតែក្រុមបក្សពួកមួយចំនួនតូច យើងគិតតែខ្លួនយើង យើងចង់តែគ្រប់គ្រងអំណាច។ អញ្ចឹង!គោលដៅដែលយើងធ្វើបាតុកម្មនេះ ឱ្យរដ្ឋាភិបាលហ្នឹងពិនិត្យ និងទទួលយករាល់ការស្នើរបស់សភាសហភាពអឺរ៉ុប ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងរក្សាការងារជូនកម្មករ»។
ការដាក់ទណ្ឌកម្ម តាមរយះការដកពន្ធអនុគ្រោះEBAនេះ នឹងធ្វើឱ្យកម្ពុជាកើតអសន្តិសុខសង្គម និងថេរភាពជាដើម។
ពាក់ព័ន្ធរឿងនេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថា ការប្រមូលផ្តុំធ្វើបាតុកម្មរបស់ក្រុមសហជីពនាពេលខាងមុខនេះ គឺគ្រាន់តែដើម្បីទាញផលប្រយោជន៍ពីកម្មករ-កម្មការិនី និងផលប្រយោជន៍ផ្នែកនយោបាយដែលមានទិសដៅប្រឆាំងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន សង្កាត់ធ្ងន់ថា កម្ពុជានិងសហភាពអឺរ៉ុប ជាដៃគូអភិវឌ្ឍន៍និងពិភាក្សាមិនមែនជាចៅហ្វាយរបស់កម្ពុជាឡើយ
លោក ផៃ ស៊ីផាន៖«សហភាពគ្រាន់តែលើកគោលការណ៍អ្វីតែតាមអារម្មណ៍ និងតាមគោលការណ៍នយោបាយរបស់សហភាពអឺរ៉ុបទេ ប៉ុន្តែមិនមែនជាចៅហ្វាយរបស់កម្ពុជាទេ ដូច្នេះកម្ពុជាមិនលក់អធិបតេយ្យភាពរបស់ខ្លួន មិនលក់ឯករាជ្យរបស់ខ្លួនដើម្បី ផលប្រយោជន៍កំពេកកំប៉ុកនោះទេ មិនដូចក្រុមអស់ហ្នឹងដែលជាខ្ញុំរបស់បរទេសនោះទេ»។
គួររំលឹកថា កាលពីសប្តាហ៍មុនសភាសហភាពអឺរ៉ុប តាមរយៈលទ្ធផលនៃការប្រជុំរបស់ខ្លួន សមាជិកសភាសហភាពអឺរ៉ុបស្នើឲ្យមានទណ្ឌកម្មលើប្រទេសកម្ពុជា ដែលពួកគេយល់ថាដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកំពុងដើរថយក្រោយ និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ។
សភាសហភាពអឺរ៉ុប បានប្រជុំសម្រេចស្នើសុំឲ្យរដ្ឋាភិបាលសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើកម្ពុជានូវលក្ខខណ្ឌជាច្រើនចំណុច ដូចជា ចង់ឲ្យមានការបិទប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (Everything But Arms, EBA) និងជំនួយមកកម្ពុជាជាដើម។
ជាមួយគ្នានេះសភាសហភាពអឺរ៉ុបក៏ចាប់អារម្មណ៍ខ្លាំងលើការព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិឲ្យនៅទំនេរ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បតិ្តមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ការហាមមិនឲ្យមន្រ្តីជាន់ខ្ពស់ទាំងនោះចូលទឹកដីអឺរ៉ុប និងសហរដ្ឋអាមេរិក។
ជាមួយនឹងលក្ខខណ្ឌនៃការដាក់សម្ពាធនេះ សភាអឺរ៉ុបទុកពេល ៣ ខែឲ្យរដ្ឋាភិបាលស្តារស្ថានភាពឲ្យមានភាពប្រក្រតីឡើងវិញ បើមិនដូច្នោះទេជម្រើសចុងក្រោយកម្ពុជានឹងទទួលរងទណ្ឌកម្មជាបន្តបន្ទាប់។
ទាក់ទិនរឿងនេះ តំណាងកម្ពុជានៅសហភាពអឺរ៉ុប បានហៅសេចក្ដីសម្រេចរបស់សភាសហភាពអឺរ៉ុបថា ធ្វើតាមលោកសមរង្ស៊ីដែលកម្ពុជា មិនអាចទទួលបានឡើយ៕