ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនចាវអ៊ីន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ នៅព្រលានយន្ដហោះក្រុងព្យុងយ៉ាង ដោយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
លោក មូនចាវអ៊ីន បានជាន់ទឹកដីទីក្រុងព្យុងយ៉ាង ជាលើកដំបូងនេះ តាមរយៈការអញ្ជើញរបស់លោក គីម ជុងអ៊ុន ដើម្បីបើកកិច្ចពិភាក្សាទ្វេភាគី រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលកំពុងតែលុបលាងស្នាមដំបៅចាស់ កាលពីជាង ៦០ឆ្នាំមុន។
បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយថា ពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំកូរ៉េខាងត្បូង ដោយការក្រាលកម្រាលព្រំ ត្រែទ័ព និងពលរដ្ឋកូរ៉េខាងជើងមកសាទរផងដែរ។
មេដឹកនាំប្រទេសបងប្អូនទាំងពីរនេះ បានឱបរឹតគ្នា មើលទៅពួកគេទើបតែជួបគ្នាលើកដំបូង តែការពិតនេះជាជំនួបលើកទី៣។ ជំនួបកំពូលរវាងមេដឹកនាំទាំងពីរនេះគ្មានអ្វីក្រៅពី ស្វែងរកការផ្សះផ្សាគ្នា ដើម្បីបញ្ចប់អនុស្សាវរីយដ៏ជូចត់ កាលពីអតីតកាល ដោយដំណើរឆ្ពោះទៅរក ឧបទ្វីកូរ៉េ មានសន្ដិភាពបរិបូរណ៍ និងគ្មានការបំភាយអាវុធនុយក្លែអ៊ែទៀតឡើយ។
លោក គីម ជុងអ៊ុន បានសន្យានៅចំពោះមុខប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅក្នុងជំនួបកាលពីថ្ងៃទី១២ មិថុនានៅប្រទេសសិង្ហបុរី ថា នឹងរំលាយកម្មវិធីអាវុធនុយក្លែអ៊ែ ជាថ្នូរ និងការស្ដារឲ្យមានសន្ដិភាពលើឧបទ្វីកូរ៉េ។ ប៉ុន្ដែចាប់តាំងពីនោះមក ក្រុងព្យុងយ៉ាង នៅតែស្ទាក់ស្ទើរមិនបានអនុវត្ដការសន្យារបស់ខ្លួនពេញលេញនោះទេ ដោយសារតែរបបកុំម្មុយនីស្ដ ប្រទេសនេះដាក់លក្ខខណ្ឌឲ្យអាមេរិកលុបចោលទណ្ឌកម្មជាមុនសិន។ ដោយសារករណីនេះ ធ្វើឲ្យការរំលាយអាវុធនុយក្លែអ៊ែរបស់ទីក្រុងព្យុងយ៉ាង គ្មានភាពជឿនលឿនអ្វីឡើយ។
គេរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង មូនចាវអ៊ីន នឹងទទួលយកកិច្ចព្រមព្រៀងជាថ្មីទៀតជាមួយលោក គីម ជុងអ៊ុន ដើម្បីទៅប្រាប់លោក ដូណាល់ត្រាំ។
យ៉ាងណាក៏ដោយចាប់តាំងពីមេដឹកនាំទាំងពីរជួបគ្នាលើកដំបូងនៅថ្ងៃទី ២៧ មេសា ២០១៨ ឃើញថា ប្រទេសទាំងពីរបានធ្វើសហប្រតិបត្ដិការជាមួយគ្នាបានយ៉ាងច្រើន ដោយផ្អាកទាំងស្រុកការធ្វើសមយុទ្ធយោធា និងការបាញ់សាកល្បងកាំជ្រួច ដែលតែងតែធ្វើឡើងដោយទីក្រុងព្យុងយ៉ាង៕