ភ្នំពេញ៖ អាជ្ញាធរប៉ូលីសប៉ុស្តិ៍ឃុំអំពិល បានចុះហាមឃាត់ការបើកវគ្គបណ្ដុះបណ្ដាលចិញ្ចឹមមាន់តាមភូមិរបស់សមាគមន៍សាមគ្គីរមាសហែក ដែលជាសមាជិករបស់សម្ព័ន្ធសហគមន៍កម្ពុជា នៅព្រឹកថ្ងៃទី ១៧ កញ្ញានេះ។
អាជ្ញាធរប៉ូលីឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចុះបញ្ឈប់សកម្មភាពនៃការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមមាន់បែបធម្មជាតិ និងបែបបច្ចេកទេសដល់ពលរដ្ឋរស់នៅសហគមន៍នៅឃុំនោះ។
អ្នកស្រី ខៀវ សារុន គណៈកម្មការសហគន៍ នៃសមាគមន៍សម្ព័ន្ធសហគមន៍កម្ពុជា ប្រាប់វិទ្យស្ត្រីថា ការចុះហាមឃាត់មិនឱ្យបន្តវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ដល់អ្នករស់នៅក្នុងសហគមន៍នេះ អាជ្ញាធរទាំងនោះមិនមានមូលហេតុច្បាស់លាស់នោះទេ។
យ៉ាងណា អ្នកស្រី ខៀវ សារ៉ុនថា អ្នកស្រីបានស្នើសុំទៅទាំងអាជ្ញាធរភូមិ ឃុំ និងមន្ទីរកសិកម្មស្រុករួចរាល់ហើយ តែមិនបានស្នើដល់ខេត្តនោះទេ។
សូមបញ្ជាក់ថា ការបើកវគ្គបណ្ដុះបណ្ដាលចិញ្ចឹមមាន់របស់សហគមន៍រមាហែក ដែលជាសមាជិករបស់សម្ព័នសហគមន៍កសិករកម្ពុជា មិនមានយកប្រាក់កម្រៃនោះទេ។ យ៉ាងណាមិញ ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យសហគមន៍ផ្ទាល់មានការរីកចម្រើនផ្នែកជីវភាព និងចេះចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ។
មកដល់ពេលនេះ វិទ្យុស្ត្រីមិនអាចទាក់ទង អធិការស្រុករមាហែកបានទេ ដោយហៅចូលតែមិនមានអ្នកទទួល៕ អត្ថបទដោយលោក សោម លាភ