ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យ និងចាត់វិធានការ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ ដែលអាចនឹងបញ្ជាឲ្យក្រុមហ៊ុនចាក់ដីលុបឆ្នេរព្រែកត្រែងកាយដីចេញវិញ។ យ៉ាងណាមិញ លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងសិក្សាករណីមិនប្រក្រតីលើរឿងនេះ។
លោក សោម លាភ រាយការណ៍៖
បើតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍនៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ។
លោក ថោង ខុន បន្ថែមទៀតថា គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់និងករណីនេះ ហើយនឹងឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។
យ៉ាងណាមិញ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឱ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុនរបស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ។
លោក ថោង ខុន អំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការឲ្យបានតឹងរឹងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ កុំឲ្យមានការសាងសង់រំលោភ និងទន្ទ្រានផ្សេងៗ។
ស្របគ្នានេះដែរ លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស ឬដែលគេស្គាល់ថា លោក វីលា្លម ហ្គង់ ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើទំព័រហ្វេសបុករបស់លោកថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងចុះសិក្សាការចាក់ដីលើសមុទ្រ «ខុសច្បាប់» នៅក្រុងព្រះសីហនុ តំបន់ព្រែកត្រែង។ គណបក្សខ្មែរក្រោក នឹងចុះសិក្សាស្រាវជ្រាវលម្អិតរកអំពើឃុបឃិត ឬតម្រុយពុករលួយណាមួយរបស់អាជ្ញាធរពាក់ព័ន្ធដែលអនុញ្ញាតិអោយក្រុមហ៊ុន។
លោក វីល្លាមថា ចាក់ដីក្រហមក្នុងទន្លេតំបន់ព្រែកត្រែងនេះ គឺអនុក្រឹត្យលេខ ០១ សរណន ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជានៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ។
លោក វីល្លាម ស្នើឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ គួរត្រួតពិនិត្យមើលអនុក្រឹត្យ និង រាល់បទដ្ឋានគតិយុត្តឲ្យបានគ្រប់ជ្រុងជ្រោយ មុនអនុម័តលើអាជ្ញាប័ណ្ណវិនិយោគឱ្យទៅក្រុមហ៊ុនណាមួយ។ ជាងនេះ លោកបន្ថែមថា លោក យន្ត មីន គួរធ្វើសេចក្តីថ្លៃងការ ឬផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថាការចាក់ដីលុបសមុទ្រនេះជាការអភិវឌ្ឍន៍ស្របច្បាប់។
សូមបញ្ជាក់ថា ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជាក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៧ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន ១៥%។ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរ ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣៣៣.៤៣៦នាក់ កើន ១៦,៣៧%។
តាមការព្យាករណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់៕ អត្ថបទដោយលោក សោម លាភ