ភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រ ជីម លី នៅសង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណជាង ៥០០នាក់ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៤ រាជធានីភ្នំពេញ ដោយទាមទារបើកប្រាក់ខែ។ ក្រុមកម្មករ បានបើកផ្លូវវិញនៅថ្ងៃត្រង់ នៅថ្ងៃចន្ទ ទី១៧ កញ្ញានេះ ដោយទុកពេលពីរថ្ងៃ រង់ចាំលទ្ធផលបឋម។ មន្ដ្រីនាំពាក្យក្រសួងការងារ ស្នើឲ្យកម្មករ កុំមានភាពជ្រួលច្របល់ ខណៈអះអាងថា រដ្ឋាភិបាលមិនឲ្យកម្មករ បាត់បង់ប្រាក់បៀវត្សឡើយ។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ កំណាត់ផ្លូវជាតិលេខ ៤ បានកកស្ទះដោយសារក្រុមកម្មករ កម្មការិនី នៅរោងចក្រ ជីម លី បានប្រមូលផ្ដុំគ្នាបិទផ្លូវ ដើម្បីទាមទារដំណោះស្រាយប្រាក់ឈ្នូលរបស់ពួកគេ។ ការប្រមូលផ្ដុំគ្នានេះ គឺបន្ទាប់ពីពួកគេ ឃើញថៅកែរោងចក្រនេះ បានប្រមូលយកសម្ភារក្នុងរោងចក្រ លក់ចេញ ហើយមិនបើកប្រាក់ខែឲ្យពួកគេ។ តែយ៉ាងណាកំណាត់ផ្លូវផ្លូវជាតិលេខ ៤ ត្រូវបាកបើកវិញ នៅម៉ោងប្រមាណជាង ១២ថ្ងៃនេះ បន្ទាប់ពីមានការចរចារវាងក្រសួងការងារ និងកម្មករ។
បុរសម្នាក់ ដែលជាកម្មករ ក្នុងរោងចក្រនេះ សុំមិនបញ្ចេញឈ្មោះបានប្រាប់វិទ្យុស្ដ្រីថា ការលើកគ្នាមកតវ៉ានេះ គឺបន្ទាប់ពីរង់ចាំដំណោះស្រាយរបស់ក្រសួងការងារ តែមិនទទួលបានលទ្ធផល។ លោកបន្ដថា រោងចក្រនេះមានបញ្ហាតាំងពីខែមេសា មកម្លេះ លុះដល់ពាក់កណ្ដាលខែសីហា ថៅកែរោងចក្រ ជីម លី បានប្រមូលយកសម្ភារក្នុងរោងចក្រចេញ។
តែកាលនោះក្រសួងការងារ បានអះអាងថា រោងចក្រនេះមិនបិទនោះទេ ហើយក្រសួងស្នើឲ្យកម្មករ បន្ដការងាររបស់ពួកគេ។ កម្មករដដែលនេះបន្ដទៀតថា ក្រោយពីកម្មករ បន្ដធ្វើការបានមួយរយៈ ក្រសួងការងារបានចុះជួបប៉ុន្ដែមិនមានដំណោះស្រាយសម្រាប់ពួកគាត់ឡើយ។
រហូតមដល់ថ្ងៃទី១៧ កញ្ញានេះ កម្មករដដែលនេះ អះអាងថា ថៅកែរោងចក្រ ជីម លី មិនទាន់ទូទាត់ប្រាក់ខែ ក្នុងខែសីហាឲ្យកម្មករនៅឡើយ ៖«អត់បានលុយ គេអត់ព្រមបង់ឲ្យកម្មករ ទាំងអស់គ្នា តែគ្រាន់តែថា ឲ្យគ្នាធ្វើការ ហើយគ្នាការ តែអត់មានដំណោះស្រាយឲ្យកម្មករ។ (ថៅកែ អត់បង់លុយឲ្យគ្នា) គ្នាមិនអាចទ្រាំនៅធ្វើការទៀត ព្រោះរោងចក្រអត់បើកលុយឲ្យគ្នា»។
តាមការប្រាប់ពីកម្មករ គឺរោងចក្រនេះ មានបុគ្គលិកចំនួន ២៥០០នាក់ ហើយភាគច្រើនជាស្ដ្រី។ ការខកខានបើប្រាក់ខែសម្រាប់កម្មករ បានធ្វើឲ្យពួកគេជួបផលលំបាក ដោយគ្មានប្រាក់ចាយវាយប្រចាំថ្ងៃ និងបង់ថ្លៃផ្ទះជាដើម។ កម្មកររូបនេះអះអាងថា នៅពេលនេះក្រុមកម្មករ សុខចិត្ដរង់ចាំតាមការស្នើរបស់អាជ្ញាធរ ប៉ុន្ដែបើពីរថ្ងៃទៀតរឿងនៅជាប់គាំងកម្មករ និងមកបិទផ្លូវម្ដងទៀត ៖«គ្រាន់តែថា បើកផ្លូវហ្នឹងចាំមើលគេដោះពីរថ្ងៃ តែបើថា ពីរហ្នឹងដោះស្រាយមិនបានទេ បងប្អូនយើងនឹងនាំគ្នាបិទផ្លូវម្ដងទៀត»។
លោកបន្ដថា កន្លងមកកម្មករ ធ្លាប់បានទៅតវ៉ានៅក្រសួងការងារម្ដងរួចហើយ ប៉ុន្ដែដំណោះស្រាយក្រសួង បានត្រឹមអន្ដរាគមន៍ឲ្យតែអ្នកក្នុងការិយាល័យរោងចក្រប៉ុណ្ណោះដែលបានបើកប្រាក់ខែ។
ពាក់ព័ន្ធបញ្ហានេះ មន្ដ្រីនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា ករណីនេះក្រុមការងារ របស់គណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម របស់ក្រសួងការងារ បានចុះទៅជួបកម្មករ ជារឿយៗចំពោះរឿងនេះ។
ពាក់ព័ន្ធករណីដែលថា ក្រសួងការងារ ដោះស្រាយបញ្ហាសម្រាប់តែអ្នកក្នុងការិយាល័យរោងចក្រ មន្ដ្រីនាំពាក្យ បានបដិសេធ ដោយអះអាងថា រាល់ដំណោះស្រាយទាំងអស់គឺធ្វឡើងជាកញ្ចប់។ លោកគិតថា ករណីនេះអាចមានអ្នកបំភ្លៃព័ត៌មាន បំណងឲ្យកម្មករ ជ្រួលច្របល់ ៖«អាចជាការយល់ច្រឡំ ហើយអាចមានអ្នកទៅបំផុសបំផុលខុសពីការពិត។ អ្វីដែលដោះគឺដោះជាកញ្ចប់រួមតែម្ដង មិនមានរំលងបុគ្គលណាម្នាក់នោះទេ ហើយកម្មករ និយោជិត និមួយៗមានកិច្ចសន្យាផ្សេងគ្នា។ អ្នកខ្លះជាអ្នកដែលប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី គឺត្រូវដោះទៅតាមរយៈកិច្ចសន្យារយៈពេលខ្លី ហើយកម្មករ និយោជិត ដែលប្រើប្រាស់កិច្ចសន្យាគ្មានថេរវេលាកំណត់ គឺត្រូវដោះស្រាយតាមរបៀបកិច្ចសន្យាគ្មានរយៈពេលកំណត់»។
លោក ហេង សួរ សង្កត់ធ្ងន់ថា បើទោះជារោងចក្រនេះត្រូវបិទ ក៏ប្រាក់អត្ថប្រយោជន៍របស់កម្មករ កម្មការិនី គ្រប់រូប នឹងមិនត្រូវបាត់បង់ឡើយ។ លោកបន្ដថា រាជរដ្ឋាភិបាលនឹងចេញមុខមកទូទាត់ប្រាក់ឈ្នួលទាំងនោះជូនកម្មករ គ្រប់រូប ហើយនឹងដោះស្រាយជាមួយថៅកែរោងចក្រនោះតាមក្រោយ។ លោកអំពាវនាវថា ខណៈនេះសុំឲ្យកម្មករ កម្មការិនី ទាំងអស់ រក្សាភាពនឹងន ដោយមិនត្រូវជ្រួលច្របល់តាមពាក្យដែលគេបំផុសបំផុលនោះទេ។
ជុំវិញរឿងនេះ ក្រសួងការងារបានជូនដំណឹងថា ក្រសួងនឹងខិតខំ ពន្លឿន រៀបចំទូទាត់ប្រាក់បៀវត្សជូនកម្មករ ដោយស្នើសុំប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល បើកជូនកម្មករ កម្មការិនី ទាំងអស់។ ប៉ុន្ដែក្នុងលិខិតមិនបានកំណត់ថ្ងៃជាក់លាក់ក្នុងការបើកប្រាក់ជូនកម្មករនោះទេ។ តែជាមួយគ្នានេះ ក្រសួងស្នើសុំឲ្យកម្មករ រក្សាភាពស្ងៀមស្ងាត់ និងត្រូតពិនិត្យប្រាក់អីតភាពផ្ទាល់ខ្លួនម្នាក់ៗ៕