ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់ គ្រប់ម្ចាស់អាជីវកម្ម ភោគជនីយដ្ឋាន អាហារដ្ឋានទាំង ឲ្យឈប់ប្រើឈ្មោះមុខម្ហូប “ព្រះផ្លោះជញ្ជាំងស៊ុប” ជាបន្ទាន់ បើពុំនោះទេ ក្រសួងនឹងផាកពិន័យស្របតាមច្បាប់។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងទេចរណ៍ បញ្ជាក់ថា កន្លេងមកក្រសួងសង្កេតឃើញថា មានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូប មានឈ្មោះថា “ព្រះផ្លោះជញ្ជាំងស៊ុប”។ ការដាក់ឈ្មោះមុខម្ហូបនេះ គឺបានប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។ ដូច្នេះក្រសួងទេសចរណ៍ ណែនាំថា គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឈ្មោះនេះ។
ក្រសួងទេសចរណ៍បន្ដថា គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបទាំងឡាយណា ដែលប៉ះពាល់ដល់សាសនាឡើយ។ បន្ថែមពីនេះក្នុងករណីមានអ្នកល្មើសនឹងសារាចរណែនាំនេះ អាជីវកម្មនោះ នឹងទទួលរងការផាកពិន័យតាមប្រកាសរួមចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្ដរការណ៍ ជាប្រាក់ចំពោះអ្នកប្រព្រឹត្ដល្មើស និងលិខិតបទដ្ឋានគតិយុត្ដ ស្ដីពីទេសចរណ៍៕