ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានអន្ដរាគមន៍ជួយពលរដ្ឋខ្មែរ ៥៥នាក់ ២៣នាក់ជាកុមារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ជាបន្ដបន្ទាប់ចន្លោះពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែកញ្ញា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ផ្សព្វផ្សាយថ្ងៃទី១៧ ខែកញ្ញា។
កាលពីថ្ងៃទី០២ ខែកញ្ញា ពលរដ្ឋខ្មែរ ២២នាក់ដែលធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ីបានមកដល់កម្ពុជាវិញ ក្រោមកិច្ចអន្ដរាគមន៍របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីនោះ។ ពលរដ្ឋទាំងនោះមានស្រុកកំណើតនៅខេត្ដ កំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងខេត្ដស្វាយរៀង។
ដោយឡែកថ្ងៃទី១៤ ខែកញ្ញា ពលរដ្ឋខ្មែរ ៣១នាក់ ហើយ ២៣នាក់ជាកុមារ ត្រូវបាននាំមកដល់កម្ពុជាវិញ ក្រោមកិច្ចអន្ដរាគមន៍របស់អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហ៊ូជីមិញ ប្រទេសវៀតណាម។ ពួកគេទាំង ៣១នាក់នេះ មានស្រុកកំណើតនៅខេត្ដស្វាយរៀង ដែលជាខេត្ដជាប់ព្រំដែនវៀតណាម។
ចំណែកកាលពីថ្ងៃទី១៦ ខែកញ្ញា ម្សិលមិញ ស្ដ្រីខ្មែរពីរនាក់ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន អន្ដរាគមន៍នាំមកកម្ពុជាវិញ បន្ទាប់ពីពួកគេត្រូវបានមេខ្យល់បោកយកទៅរៀបការជាមួយបុរសជនជាតិ។ ស្ដ្រីខ្មែរទាំងពីររូបនេះ មានស្រុកកំណើតនៅខេត្ដកំពង់ចាម និងខេត្ដត្បូងឃ្មុំ៕