ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បង្ហាញថា រយៈពេល៧ខែ ឆ្នាំ២០១៨ មានភ្ញៀវទេសចរណ៍បរទេសប្រមាណជិត ៣.៥លាននាក់ ចូលមកទស្សនានៅកម្ពុជា ខណៈដែលពលរដ្ឋកម្ពុជាចេញទៅទស្សនាក្រៅប្រទេសមានប្រមាណ ជាងមួយលាននាក់។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ១៧ កញ្ញានេះ។
លោក ថោង ខុន បានប្រាប់ឱ្យដឹងដូចនេះក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តកាលពីថ្ងៃទី ១៤ កញ្ញា។
លោក ថោង ខុន បង្ហាញ ថាក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ជាង ៣លាន៤សែននាក់ ដោយកើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ រីឯទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេស រយៈពេល៧ខែ ឆ្នាំ២០១៨នេះ មានចំនួនជាងមួយលាននាក់ កើនឡើង ១០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ វិស័យទេសចរណ៍បាននាំមកនូវចំណូលទេសចរណ៍ អន្តរជាតិ ប្រមាណ ៣៦៣៨លានដុល្លារអាមេរិក។ វិស័យទេសចរណ៍បានរួមចំណែកប្រមាណ ១២.៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) និងតំណាងឲ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។ មួយវិញទៀត វិស័យទេសចរណ៍បង្កើតការងារដោយផ្ទាល់ជាង ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់ម៉ឺននាក់ទៀត៕ អត្ថបទដោយលោក សោម លាភ