en     km
en     km

ភ្ញៀវ​បរទេស​ជាង​ ៣​លាន​នាក់​មក​កម្ពុជា​ នៅ​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ​

Share

​ភ្នំពេញ​៖​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បង្ហាញ​ថា​ រយៈពេល​៧​ខែ​ ឆ្នាំ​២០១៨​ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជិត​ ៣.៥​លាន​នាក់​ ចូល​មក​ទស្សនា​នៅ​កម្ពុជា​ ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​ចេញ​ទៅ​ទស្សនា​ក្រៅប្រទេស​មាន​ប្រមាណ​ ជាង​មួយ​លាន​នាក់​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​ ១៧​ កញ្ញា​នេះ​។​

​លោក​ ថោ​ង​ ខុន​ បាន​ប្រាប់​ឱ្យ​ដឹង​ដូចនេះ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​រយៈពេល​៩​ខែ​ ឆ្នាំ​២០១៨​ និង​ទិស​ដៅ​អនុវត្ត​បន្ត​កាលពី​ថ្ងៃ​ទី​ ១៤​ កញ្ញា​។​

​លោក​ ថោ​ង​ ខុន​ បង្ហាញ​ ថា​ក្នុង​រយៈពេល​៧​ខែ​ ឆ្នាំ​២០១៨​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ ជាង​ ៣​លាន​៤​សែន​នាក់​ ដោយ​កើនឡើង​ ១១.១%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​។​ ​រីឯ​ទេសចរ​កម្ពុជា​ដែល​ចេញ​ទៅ​ក្រៅប្រទេស​ រយៈពេល​៧​ខែ​ ឆ្នាំ​២០១៨​នេះ​ មាន​ចំនួន​ជាង​មួយ​លាន​នាក់​ កើនឡើង​ ១០.៦%​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​។​

​សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៧​ វិស័យ​ទេសចរណ៍​បាន​នាំ​មក​នូវ​ចំណូល​ទេសចរណ៍​ អន្តរជាតិ​ ប្រមាណ​ ៣៦៣៨​លាន​ដុល្លារ​អា​មេ​រិ​ក​។​ វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រមាណ​ ១២.៣%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ (GDP)​ និង​តំណាង​ឲ្យ​ប្រមាណ​ ៣០%​ នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា​។​ មួយវិញទៀត​ វិស័យ​ទេសចរណ៍​បង្កើត​ការងារ​ដោយ​ផ្ទាល់​ជាង​ ៦០​ម៉ឺន​នាក់​ និង​ការងារ​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ទៀត​៕ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image