ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា សម្ដេចជាអ្នករៀបចំផែនការផ្ទេរការឃុំខ្លួនលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះវិញ។ ករណីត្រូវបានអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចបង្ហាញដំណាក់កាលដំបូងមុនការចរចាចាប់ផ្ដើមឡើងក្រោមសម្ពាធអន្តរជាតិ ។
លោក សោម លាភ រាយការណ៍៖
សម្ដេច ស ខេង បានថ្លែងបែបនេះ នៅក្នុងពិធីជួបជុំជាមួយសមាជិកគណបក្សប្រជាជន នៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃអាទិត្យ ទី១៦ ខែកញ្ញាម្សិលមិញនេះ។
សម្តេច ស ខេង ថ្លែងដូចនេះដែលមើលទៅ សម្ដេច ជាអ្នកនៅពីក្រោយការដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំ។ យ៉ាងណា សម្ដេច ស ខេង ថាសម្ដេចជាអ្នកបញ្ជាឲ្យទៅបញ្ជូន លោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ ឱ្យទៅដល់ផ្ទះលោកវិញឲ្យបានមុនម៉ោង៥ព្រឹក ថ្ងៃទី១០ កញ្ញា ហើយធ្វើយ៉ាងណាដើម្បីអោយការឃុំលោកកឹមសុខានៅផ្ទះឱ្យស្របតាមច្បាប់។ជាងនេះ ត្រូវចរចាជាមួយលោក កឹម សុខា ក្នុងការសរសេរសំបុត្រស្នើសុំការការពារសុវត្តិភាពផ្ទាល់ខ្លួន។
សម្ដេច ស ខេង ៖«ឥឡូវនេះ យើងយកមកទុកនៅហ្នឹងផ្ទះ។ ច្បាប់យើង អត់មានច្បាប់ អាដែងនែ ព្រហ្មទណ្ឌហ្នឹងណា អត់អនុញ្ញាតឲ្យឃុំខ្លួននៅផ្ទះទេ អត់មានទេ គឺថា ឃុំខ្លួននៅក្នុងដែនដីណាមួយជាកំណត់ ជាកំណត់ អ៊ីចឹងធ្វើម៉េចឥលូវ ចន្លោះដែរ អ្នកសរសេរច្បាប់ព្រហ្មទណ្ឌហ្នឹង អត់មានច្បាប់ឃុំខ្លួននៅផ្ទះ ដល់អ៊ីចឹងរកវិធី។ ខ្ញុំថា ឥលូវព្រាងឲ្យហើយទៅ ឲ្យផាន យកទៅ ប៉ាវ ហមផាន ព្រាងឲ្យហើយ កាន់ពីហ្នឹងទៅ ទៅដល់ចរចាជាមួយ កឹម សុខា ខ្លួនឯង ព្រោះផាន ហ្នឹងទៅយកមក។ ជជែកគ្នាម៉ោង៣ ប៉ុន្តែថា ធ្វើម៉េចម៉ោង៥ភ្លឺយ៉ាងយូរ ត្រូវយកមនុស្សហ្នឹងមោ ឲ្យដល់ភ្នំពេញ ប្រកបដោយសុវត្ថិភាព ហើយទម្រាំជជែកគ្នាហើយ ម៉ោង៦ហើយ បានចែកផ្លូវគ្នាធ្វើការ។ បើកម្លាំងយើងដាក់ នៅផ្ទះអត់បានទេ ពីព្រោះឃុំខ្លួននៅក្នុងផ្ទះវាអត់មានច្បាប់ តែយើងដាក់ខុសច្បាប់។ អ៊ីចឹងមានតែគូសរង្វង់ផ្ទះ កឹម សុខា នៅហ្នឹងអ៊ីចឹងទៅ អារង្វង់ផ្លូវខាងជើង ខាងត្បូង ខាងលិច ខាងកើត ហ្នឹងប៉ុន្មានៗ អ៊ីចឹងទៅ ហើយយើងការពារហ្នឹង»។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា លោកកឹមសុខា បានស្នើការពារលោកនៅពេលលោកត្រូវបានឃុំខ្លួនក្នុងផ្ទះ។
សម្ដេច ស ខេង ៖«មានអី គាត់អត់ចោទយើងកើតទេ ពីព្រោះអី គាត់អ្នកសុំកម្លាំងការពារ ព្រោះច្បាប់យើងអ៊ីចឹង ច្បាប់យើងអត់មានឲ្យឃុំខ្លួននៅផ្ទះផង។ ប៉ុន្តែសម្រាប់លោក កឹម សុខា នេះគឺទេ ខ្ញុំនិយាយទៅវានេះ ប៉ុន្តែថា យើងត្រូវតែដំណើរការតាមនីតិវិធីឲ្យចប់ ពីព្រោះបើកាលណា យើងមិនធ្វើតាមនីតិវិធីតាមតុលាការទេ រដ្ឋាភិបាលជាអ្នកខុស ជាអ្នកខុស ការចោទប្រកាន់គេមិនត្រឹមត្រូវ។ នេះហើយជាបញ្ហាដែលយើងត្រូវដឹងទាំងអស់គ្នាថាអ៊ីចឹង។ ទោះបីយ៉ាងណាក៏ដោយ វាត្រូវមានទីបញ្ចប់បញ្ហា»។
គេសង្កេតឃើញថា ការថ្លែងរបស់សម្ដេច ស ខេង បែបនេះ ហាក់ស្របនឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលថា ការដោះលែងបណ្ដោះអាសន្នដោយភ្ជាប់ជាមួយលក្ខខ័ណ្ឌរបស់តុលាការ ចំពោះលោក កឹម សុខា ដែលហាមជាច្រើន មិនអោយអតីតមេបក្សប្រឆាំងមានសេរីភាពឡើងវិញឡើយ។
បើទោះបីជាបែបណាក្ដី មជ្ឈដ្នានអ្នកវិភាគ និងមន្ត្រីអតីតគណបក្សប្រឆាំងថា ការដោះលែងលោក កឹម សុខាបែបនេះ ដោយសារតែការគាបសង្កត់ពីអន្តរជាតិ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយ បានពន្យល់ថាអ្វីដែលសម្ដេចសខេង ក្នុងឋានៈជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំហរដូចនេះ គឺជាយុទ្ធសាស្ត្រមួយក៏បានដែរ ប៉ុន្តែលោក គិតថា លុះត្រាសហគមន៍អន្តរជាតិមានវិធានការជាក់ស្ដែងជាមុនសិនទើបអាចមានការចរចាកើតឡើង។
យ៉ាងណាមិញ លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចបានប្រាប់វិទ្យុសស្ត្រីថា ការដោះលែងលោក កឹម សុខា គឺដោយសារមនុស្សធម៌ មិនមែនដោយសារការគាបសង្កត់ពីអន្តរជាតិនោះទេ។ លោកបានច្រានចោលការគាបសង្កត់មកលើកម្ពុជាកម្ពុជា លើមធ្យោបាយណាមួយ ដែលលោកថា កម្ពុជា ជារដ្ឋឯករាជ្យ និងអធិបតេយ្យមិនអាចទទួកការជ្រៀតជ្រែកពីបរទេសបានឡើយ។ តែលោកប្រាប់វិទ្យុអាស៊ីសេរីថា ទ្វារចរចានៅបើកចំហនៅឡើយ។
កាលពីថ្ងៃទី១៣កញ្ញា សមាជិកសភាសហភាពអឺរ៉ុបបានអនុម័តជាឯកច្ឆ័ន្ទ ដោយតម្រូវអោយកម្ពុជា ទម្លាក់ចោលទាំងស្រុង បទចោទទៅលើលោក កឹម សុខា និង លោក សម រស្ស៊ី ហើយការចរចាជាមួយ មេដឹកនាំទាំងពីរនេះ ដោយដាក់ឱសានវាទរយៈពេល៣ ខែ បើពុំនោះទេសហភាពអឺរ៉ុបនឹង ដកការអនុគ្រោះពន្ធពីកម្ពុជាដែលនាំទំនិញចូលទីផ្សារអឺរ៉ុប ក្នុងតម្លៃពន្ធក្នុងមួយឆ្នាំៗជិត៧០០លានដុល្លារអាមេរិក៕