en     km
en     km

UNFPA សន្យាជួយបណ្តុះបណ្តាល អប់រំផ្នែកឆ្មប សំដៅកាត់បន្ថយអត្រាមរណភាពមាតា និង ទារកកម្ពុជា

Share

ក្រុងភ្នំពេញ៖ លោកស្រី Rizvina De Alvis តំណាងថ្មីនៃមូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន ហៅកាត់ថា UNFPA បានបេ្តជា្ញបន្តជួយវិស័យសុខាភិបាលកម្ពុជា លើផ្នែកបណ្តុះបណ្តាល និង អប់រំដល់ឆ្មបកម្ពុជា សំដៅចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និង ទារក នៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារនាទីស្តីការក្រសួងសុខាភិបាល រវាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង និង តំណាងថ្មីរូបនេះ ធ្វើឡើងនៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ លោកស្រី Rizvina De Alvis បានថ្លែងបញ្ជាក់ថា ក្រៅពីការជួយបណ្តុះបណ្តាលឆ្មបនេះ មូលនិធិនឹងបន្តជួយលើកកម្ពស់សុខភាពផ្លូវភេទ និង បន្តពូជ ក្មេងជំទង់ និង យុវវ័យ ជាមួយនឹងការការពារជំងឺអេដស៍ ដែលនឹងស្របទៅនឹង កម្មវិធីថ្មី ដែលអង្គការ UNFPA នឹងរៀបចំសម្រាប់ឆ្នាំ ២០១៩ និង ២០២០ ខាងមុខនេះ។

លោកស្រីបន្តថា លោកស្រីនឹងបន្តសហការជាមួយក្រសួងសុខាភិបាល កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារ និង ការរំលោភបំពានផ្លូវភេទលើស្រ្តី ដោយចូលរួមចំណែកជាមួយក្រសួងផែនការ ក្នុងការធ្វើជំរឿន អង្កេតវិទ្យាសាស្រ្ត និង សុខភាព ផ្តោតលើទិន្នន័យ សម្រាប់សេវាសុខភាពបន្តពូជផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានសម្តែងនូវការដឹងគុណ ដែលកន្លងមកនេះ UNFPA បានជួយសហការធ្វើការរួមគ្នាពិសេសធ្វើការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ ក្មេងជំទង់ និង យុវវ័យ ជាមួយការការពារជំងឺអេដស៍ ជាដើម។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីរូបនេះ បានលើកឡើងថា  «ក្រសួងសុខាភិបាល ក្នុងនាមជាដៃគូ ក៏បានខិតខំជំរុញបន្ថែមទៀតក្នុងការអនុវត្ដន៍គោលនយោបាយ ការប្រើប្រាស់ស្រោមអនាម័យ១០០ផងដែរ ដែលយើងធ្វើបន្ដ ទៅតាមផែនការ ដាក់ចេញ ។ក្នុងនោះយើងក៏បានអភិវឌ្ឍរួចមកហើយ នូវដំណាក់កាលទីពីរ នូវផែនទីចង្អុលទិស សម្រាប់សុខភាពមាតា និងទារក តែយើងនឹងបន្ដដំណើរធ្វើយ៉ាងម៉េច រក្សាបាននូវស្ថានភាពនេះកាន់តែល្អ ទោះកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងសុខាភិបាល សម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្ស មុនកាលកំណត់ តែយើងនៅតែប្រឹងប្រែង និងធានាបន្ដជំរុញឲ្យកត្ដាទាំងនោះ ឲ្យកាន់តែចុះថយថែមទៀត ពិសេសនោះ គឺអត្រាស្លាប់របស់មាតា និងទារក»

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានស្នើឲ្យ UNFPA ធ្វើដំណើរទស្សនកិច្ច ទៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលប្រជាពលរដ្ឋខ្វះខាត ដើម្បីស្វែងយល់បន្ថែមទៀត នូវស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា និងស្វែងយល់ពីលទ្ធភាព និងសមត្ថភាព ក្នុងការផ្ដល់សេវា សម្រាប់សុខាភិបាលរបស់យើង និងលោកស្រី អាចនឹងជួយដល់សុខាភិបាល ដើម្បីបំពេញបន្ថែមនូវចំនុចខ្វះខាតនេះបន្ថែមទៀត។ ជាការឆ្លើយតប លោកស្រី គាំទ្រ និងអនុវត្ដន៍នូវចំណុចនេះ នៅពេលខាងមុខ៕

Share

Image
Image
Image