នៅព្រឹកថ្ងៃទី ៥ ខែតុលានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ «ការលើកម្ពស់អំណាចគ្រូបង្រៀន»។ ស្របពេលនៃការប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនេះដែរ លោកគ្រូ អ្នកគ្រូ ប្រមាណជាង២០០នាក់ តំណាងឲ្យទូទាំង ២៣ រាជធានី ខេត្ត បានចូលរួម បង្ហាញពីទុក្ខលំបាក និងបានស្នើរសុំតម្លើងប្រាក់ខែ នៅឆ្នាំ២០១៦ ឲ្យបានចំនួន១លានប្រាំសែនរៀលផងដែរ។
គ្រូបង្រៀនជាង២០០នាក់ មកពី២៣រាជធានី ខេត្ត នៅព្រឹកថ្ងៃចន្ទនេះ បានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្ដែងពីទុក្ខលំបាក និងទាមទារសុំដំឡើងប្រាក់ខែដល់១លាន៥សែនរៀលក្នុងមួយខែ។ ការជួបជុំរបស់គ្រូបង្រៀននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោកគ្រូអ្នកគ្រូទាំងនោះលើកឡើងថា ប្រាក់ខែគ្រូបង្រៀនបច្ចុប្បន្នចំនួន៦០ម៉ឺនរៀលនេះ មិនទាន់បានជួយឲ្យជីវភាពប្រចាំថ្ងៃ នៅក្នុងក្រុមគ្រួសារពួកគាត់ មានភាពល្អប្រសើរនៅឡើយ។
ថ្លែងនៅក្នុងវេទិកានៅថ្ងៃនេះ គ្រូបង្រៀនម្នាក់មកពីសាលាបឋមសិក្សាបាក់ខែង គឺលោកគ្រូ ជាវ ប៊ុនធេង បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់ ចូលរួមនៅថ្ងៃនេះ ដោយសារតែរឿង ប្រាក់ខែគ្រូ ។ លោកគ្រូថា ប្រាក់ខែគាត់បច្ចុប្ប ៦០ម៉ឺនរៀលនេះ មិនបានធ្វើឲ្យជីវភាពគាត់ ល្អប្រសើរទេ ។ លោកថា រដ្ឋាភិបាល ត្រូវតែដំឡើង ប្រាក់បៀវត្សបន្ថែមជូនទៅដល់ គ្រូបង្រៀន។
លោកគ្រូ មានប្រសាសន៍បន្ថែមថា ដោយសារ តែប្រាក់ខែគ្រូតិច គាត់បានបង្ខំសិស្សឲ្យរៀនគួរក្រៅម៉ោង ដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃ។ លោកគ្រូបន្ដទៀតថា ការពឹងទៅលើប្រាក់គួរក្រៅម៉ោង មួយមុខនេះ មិនបានធ្វើឲ្យជីវភាពគ្រួសារ លោកគ្រូល្អប្រសើរនោះទេ ដូចជាពេលខ្លះកូនឈឺថ្កាត់ម្ដងៗ លោកគ្រូ មិនមានប្រាក់គ្រប់គ្រាន់ សម្រាប់មើលជំងឺឲ្យកូនគាត់ក៏មានដែរ «តាមពិតការប្រព្រឹត្តអំពើរាល់ថ្ងៃហ្នឹង មិនមែនជាអំពើពុករលួយទេ ក៏ប៉ុន្ដែ វាជាតម្រូវការរបស់លោកគ្រូអ្នកគ្រូ។ កាលណាប្រាក់ខែតែប៉ុណ្ណឹង បើយើងមិនធ្វើអ្វីបន្ថែម ទៅលើប្រាក់បៀវត្សយើងហ្នឹង យើងមិនអាចរស់បានទេ ។ ដូចរាល់ថ្ងៃយើងមានការយកលុយសិស្សលុយអីណឺង គឺជាការបង់ បង្ខំ បង្ខំ បង្ខំចិត្ត»។
ចំណែកគ្រូបង្រៀនមួយរូបទៀត មកពីសាលាបឋមសិក្សាអង្គឈូក ខេត្តតាកែវ អ្នកគ្រូ ឃុន សុភាព មានប្រសាសន៍លើកឡើងស្រដៀងគ្នាដែរ ថា ប្រាក់ខែគ្រូបង្រៀនសព្វថ្ងៃតិច មិនអាច ឲ្យគ្រូមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមគ្រួសារ ក៏ដូចជាបង្កើនចំណេះដឹង នៅក្នុងការផ្ទេរទៅឲ្យសិស្សជំនាន់ក្រោយបាននោះទេ «ព្រោះអី ខ្ញុំជាគ្រូបង្រៀនទាំងអស់ គ្នាហ្នឹង គឺបានចែកពេលសម្រាប់ទៅបង្រៀនសិស្ស និងចែកពេលទៅរកខាងក្រៅ ។ បើអត់ ទៅរកខាងក្រៅទេ គឺអត់អាចបំពេញក្រពះខ្លួនឯងបាន ហើយចិញ្ចឹមកូនអត់បានទេ ។ ព្រោះ ប្រាក់ខែតិចតួចណាស់ សម្រាប់ទំនិញទីផ្សារយើងចាយអត់គ្រប់» ។
ទន្ទឹមហ្នឹងនេះដែរប្រធានស្ដីទី សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោក ស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ ឲ្យដឹងថា គោលបំណងសំខាន់ដែលរៀបចំឲ្យមានទិវាគ្រូបង្រៀនកម្ពុជា នៅថ្ងៃនេះ គឺដើម្បីលើកកម្ពស់សិទ្ធិអំណាចគ្រូបង្រៀន និងគុណភាពអប់រំនៅកម្ពុជាឲ្យប្រសើរជាងមុន។ លោកស្រី បន្ដថា ដើម្បី លើកកម្ពស់សិទ្ធិអំណាចគ្រូបង្រៀន និងចង់ស្ដារឲ្យគុណភាពអប់រំនៅកម្ពុជាដំណើរការទៅប្រសើរ ដើម្បីប្រកួតប្រជែងនៅអាស៊ាន លុះត្រាតែប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ បានគ្រប់គ្រាន់ «សព្វថ្ងៃនេះយើងឃើញថា ក្រសួងអប់រំ ក៏ដូចរាជរដ្ឋាភិបាល មិនដែលយកចិត្តទុកដាក់ មិនដែលយកចិត្តទុកដាក់ចំពោះលោកគ្រូអ្នកគ្រូ ដែលគាត់ខំប្រឹងប្រែងបង្ហាត់បង្រៀន ។ គាត់ឈរជាថ្នាក់ដឹកនាំមួយ ក៏គាត់ឆ្លងកាត់វិស័យអប់រំដែរ ។ ដូច្នេះបើសិនជាគាត់ចង់ស្ដារ ចង់ឲ្យគុណភាពអប់រំដំណើរការទៅប្រសើរ ដើម្បីប្រកួតប្រជែងនៅអាស៊ាន លុះត្រាតែគាត់ឲ្យប្រាក់បៀវត្សលោកគ្រូ អ្នកគ្រូ យើងគ្រប់គ្រាន់ ទើបគាត់មានពេលវេលាក្នុងការដែលគាត់ រៀបចំឯកសារ ដើម្បីបង្រៀនសិស្ស ផ្ដល់ចំណេះដឹងដល់សិស្ស។ ប៉ុន្ដែសព្វ ថ្ងៃរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំដែរ គាត់ចង់ឲ្យគ្រូបង្រៀនហ្នឹងមានមុខរបរទីពីរ ទីបី ទីបួន ។ បើសិនជាលោកគ្រូអ្នកគ្រូមិនមានមុខរបរទី ទីពីរ ទីបីទេ គឺលោកគ្រូ អ្នកគ្រូយើង ត្រូវប្រឈមនឹងជីវភាពរបស់គាត់ធ្ងន់ធ្ងរ» ។
ទាក់ទងនឹងបញ្ហានេះដែរ វិទ្យុស្ដ្រី មិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ចំពោះសំណើរបស់ក្រុមគ្រូបង្រៀនបានទេ នៅថ្ងៃនេះ។
ជុំវិញរឿងនេះដែរ មន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលធ្វើការតាមដានក្នុងរឿងនេះ លោក សន ជ័យ ក៏បានជំរុញដល់រដ្ឋាភិបាល ឲ្យមានការដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ឲ្យមានជីវភាពស្មើៗគ្នា និងប្រហាក់ ប្រហែលគ្នាដែរ «សព្វថ្ងៃនេះគ្រូបង្រៀនមានជីវភាពមិនដូចៗគ្នាទេ ដោយសារតែមុខវិជ្ជាដែលគាត់បង្រៀនហ្នឹង វាខុសគ្នា ចឹងប្រាក់ចំណូលរបស់គាត់ក៏ខុសគ្នាដែរ ។ ខ្ញុំឧទាហរណ៍ថា ដូចជា គ្រូមុខវិជ្ជាគណិត គីមី ជីវៈ នៅតំបន់ទីប្រជុំជន បាទ៎ មានមួយទៀតមុខវិជ្ជាខ្មែរ អីជាដើមហ្នឹង។ នៅតំបន់ទីប្រជុំជនហ្នឹងគឺ លោកគ្រូ អ្នកគ្រូ ដែលគាត់អាចបង្រៀនគួរលើមុខវិជ្ជា រូបវិទ្យា គីមី ជីវៈ គណិត ខ្មែរអីអីជាដើមហ្នឹង គាត់មានលទ្ធភាពនៅក្នុងការរកប្រាក់ចំណួលបន្ថែមបាន តាមរយៈការបង្រៀនគួរ ។ ប៉ុន្ដែដូចជាគ្រូប្រវត្តិវិទ្យា គេហៈវិជ្ជា ភូមិវិទ្យា ជាពិសេសមុខវិជ្ជា ដែលមិនមិនប៉ះពាល់ ជាមួយថ្នាក់វិទ្យាសាស្ដ្រហ្នឹង គឺពួកគាត់មិនមែនលទ្ធភាព នៅក្នុងការរកប្រាក់បន្ថែមតាមរយៈការបង្រៀនគួរអីណឹងបានទេ។ ចឹងធ្វើឲ្យយើងមើលឃើញថា គ្រូបង្រៀនសព្វថ្ងៃហ្នឹងមានស្ថានភាពខុសៗគ្នា ចឹងវាជាគម្លាតមួយដែរ។ ហើយ ថ្ងៃក្រោយនេះ យើងចង់ឃើញថា ជីវភាពលោកគ្រូ អ្នកគ្រូហ្នឹងគាត់មានស្ថានភាព ជីវភាពហ្នឹង ស្មើៗគ្នា ប្រហាក់ប្រហែលគ្នា តាមរយៈការតម្រូវឲ្យមានការដំឡើងប្រាក់បៀវត្សសម្រាប់គ្រូ បង្រៀនហ្នឹងដែរបាទ»។
យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងសន្និសីទកាសែត ស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាទីស្ដីការក្រសួងអប់រំ កាលពីថ្ងៃទី១៤ ខែសីហា ថា ដើម្បីលើកកម្ពស់គុណភាពអប់រំ ក្រសួងមានផែនការដំឡើងប្រាក់ខែដល់គ្រូបង្រៀននៅឆ្នាំ២០១៦ ខាងមុខ។ ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បញ្ជាក់ថា នឹងដំឡើងប៉ុន្មាននោះទេ។