យោងតាមដំណោះស្រាយព្រាងចុងក្រោយថ្មីទៀតរបស់ សភាសហភាពអឺរ៉ុប ដែលត្រូវបានមើលឃើញនៅលើគេហទំព័ររបស់ស្ថាប័ននេះ បានលើកឡើងជាច្រើនអំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ នៅកម្ពុជា ដែលភ្ជាប់នឹងការឃុំខ្លួនលោក កឹម សុខានិងការទាមទារអោយទំលាក់ចោលបណ្ដឹងប្រឆាំងនឹងលោកកឹម សុខានិង លោកសមរង្ស៊ី ។ ដំណោះស្រាយនេះ បានដាក់ចេញនូវគោលការណ៍គន្លឹះ និងលក្ខខណ្ឌ ចំនួន ១១ចំណុចគឺ ទាមទារឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ជាបន្ទាន់។
លក្ខខណ្ឌ ១១ ចំណុចនោះរួមមាន ៖
១ /អំពាវនាវសុំអោយលោកស្រី Federica Mogherini ប្រមុខការទូត សហភាពអឺរ៉ុប និងតំណាងពិសេសផ្នែកសិទ្ធិមនុស្សរបស់ស្ថាប័នេះ ប្រើគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីការពារសិទ្ធិជាមូលដ្ឋាននៃប្រជាជនកម្ពុជា ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដោយត្រូវធានាឲ្យបានប្រព័ន្ធប្រជាធិបតេយ្យ ពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
២ /សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាភស្ដុតាងមួយបញ្ជាក់ពី វិធានការអត្ដាធិបតេយ្យ ធ្វើឡើងដោយនាយករដ្ឋមន្ដ្រី (សម្ដេច ហ៊ុន សែន)។
៣/ សូមទទូចយ៉ាងខ្លាំង ឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទប្រឆាំងលោក កឹម សុខា និងលោក សម រង្ស៊ី ហើយដោះលែងលោកកឹមសុខាដោយគ្មានបន្ដការឃុំខ្លួនទៀតឡើយ។ ទុកជាមោឃៈនូវសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ដែលមិនបានចូលរួមការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ ហើយត្រូវស្ដារគណបក្សសង្គ្រោះជាតិឡើងវិញ។ អំពាវនវាឲ្យគណៈកម្មការអឺរ៉ុប ព្យូរចោលសហប្រតិបត្ដិការក្នុងនោះមានកម្មវិធី EBA ការអនុគ្រោះពន្ធលើកលែងតែអាវុធ ដរាបណា ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអនុវត្ដតាម ការសុំឲ្យលុបចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា និងលោក សម រង្ស៊ី និងទុកជាមោឃៈការរំលាយ បក្សសង្គ្រោះជាតិ ហើយស្ការឡើងវិញ សមាជិក ក្រុមប្រឹក្សាឃុំ គណបក្សសង្គ្រោះជាតិ ទាំងអស់។
៤/ អំពាវនារដ្ឋាភិបាលកម្ពុជា ទុកជាមោឃៈរាលវិសោធនកម្មច្បាប់ទាំងឡាយណាដែលផ្ទុយនិងរដ្ឋធម្មនុញ្ញ ដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីសហជីព ច្បាប់ NGO ដែលជាការដាក់កម្រិតសេរីភាពបញ្ចេញមតិ ស៊ីវិល និងយោបាយ ដោយចាត់ទុកថា កម្ពុជាធ្វើដូចនេះ មិនបានអនុឡោមទៅតាម កាតព្វកិច្ច និងស្ដងដារអន្ដរជាតិ របស់ខ្លួន។
៥ /អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា បន្ដអនុញ្ញាតិឲ្យមានអនុស្សារណៈយោគយល់ ជាមួយការិយាល័យស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងផុតអាណត្ដិនៅថ្ងៃទី៣១ ធ្នូ ២០១៨ ។
៦/ ក្រើនរំឮក ការអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការបៀបបៀនគ្រប់ទម្រង់ ការបំពាន ផ្នែកនយោបាយ ក្រោមហេតុផលនៃការចោទប្រកាន់ក្រោម ក្រមព្រហ្មទណ្ឌទៅលើ បក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព សកម្មជន និងអ្នកតស៊ូមតិខាងសិទ្ធិមនុស្ស។
៧/ អំពាវានាវឲ្យគណៈកម្មការកិច្ចផ្ទៃក្នុងសហគមន៍អឺរ៉ុប រៀបចំឈ្មោះមន្ដ្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅក្រោមច្បាប់ការដាក់ទណ្ឌកម្ម របស់ហភាពអឺរ៉ុប ។
៨/ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុបចេញផ្សាយអោយបាន ឆាប់បំផុត នូវលទ្ធផល នៃការស្វែងរកការពិតនៃ ក្រុមគណប្រតិភូ សភាអឺរ៉ុប ដែលមកកាន់ប្រទេសកម្ពុជា ហើយ កោះអញ្ជើញ ក្រុមគណៈកម្មការនេះ ដើម្បីចោទសួរ អំពីការវាយតម្លៃរបស់ពួកគាត់ នៅក្នុងគណៈកម្មការសភា។
៩/ អំពាវនាវឲ្យគណៈកម្មការកិច្ចផ្ទៃក្នុង និងរដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ ដឹកនាំការខិតខំប្រឹងប្រែង ជជែក ដើម្បីលើកឡើងពីកម្ពុជា នៅឯកិច្ចប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យជួយអនុម័តដំណោះស្រាយមួយ ស្ដីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៅកម្ពុជា ហើយនិងផ្ដល់អំណាចបន្ថែមទៀត ទៅឲ្យក្រុមប្រឹក្សានេះ ដើម្បីធានាឲ្យបានថា សិទ្ធិស៊ីវិល និងនយោបាយនៅកម្ពុជា ត្រូវបានអនុវត្ដតាមរយៈការបោះឆ្នោតមួយត្រឹមត្រូវ។
១០ /ទទូចឲ្យរដ្ឋាភិបាលសមាជិកសហភាពអឺរ៉ុប ទាំងអស់ លើកឡើងពីអាសនៈរបស់កម្ពុជា នៅឯអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលមិនស្របច្បាប់តាមរយៈការបោះឆ្នោតមួយដែលគ្មានភាព យុត្ដិធម៌ និងពហុបក្ស។
១១ /បញ្ជូនលក្ខខណនៃការទាមទារទាំងនេះ ទៅឲ្យក្រុមប្រឹក្សា គណៈកម្មការ អនុប្រធានគណៈកម្មការ តំណាងជាន់ខ្ពស់ ដើម្បីកិច្ចការនយោបាយ និងគោលនយោបាយសន្ដិសុខ ទៅឲ្យផ្នែកសកម្មភាពផ្ទៃក្នុងសហភាពអឺរ៉ុប និងអគ្គលេខាធិការសមាគមអាស៊ាន រដ្ឋាភិបាល សមាជិករដ្ឋសភា នៃប្រទេសកម្ពុជា។
ដោយ សុំការឆ្លើយតបនឹង ដំណោះស្រាយរបស់សភាសហភាពអឺរ៉ុបនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺលោកផៃឌស៊ីផាន បានផ្ដល់ការចាប់អារម្មណ៍ តាមរយៈបទសម្ភាសខ្លីជាមួយវិទ្យុស្ត្រីនៅរសៀលថ្ងៃពុធទី១២កញ្ញានេះ ដោយបានហៅ ដំណោះស្រាយនេះ ធ្វើឡើងតាមគំនិតរបស់លោកសមរង្ស៊ី ដែលលោកថា គ្មានប្រសិទ្ធភាព គឺសូម្បីប្រទេសអាល្លឺម៉ង់ក៏បានចូលរួមសាទរ រដ្ឋាភិបាលថ្មីរបស់កម្ពុជាដែរ។
សំឡេង លោក ផៃ ស៊ីផាន ៖
តែសូមជម្រាបថាសមាជិកសភាអឺរ៉ុបត្រៀមប្រជុំគ្នារឿងកម្ពុជានៅ ថ្ងៃទី១៣កញ្ញានេះ ដែលក្នុងនោះ ចំណុចទាំង១១ រួមទាំង ការទទូចអោយព្យួរការអនុគ្រោះពន្ធ ពីប្រទេសកម្ពុជា ក៏មានក្នុងរបៀបវារៈនេះដែរ។ យ៉ាងនេះក្ដី បក្សកាន់អំណាចនៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ២៩ កក្កដា ឆ្នាំ២០១៨ កំពុងប្រើសិទ្ធិឆ្លើយតបផងដែរ ចំពោះ ការវាយប្រហារថា កម្ពុជា កំពុងធ្វើអោយលទ្ធិប្រជាធិបតេយ្យគ្រោះថ្នាក់៕