ភ្នំពេញ ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ជាក់ថា ក្នុងចំណោមបេក្ខជនសរុបប្រមាណជាង ១សែននាក់ សិស្សប្រឡងជាប់មានចំនួនជាង ៧ម៉ឺននាក់ ហើយក្នុងនោះសិស្សស្រីប្រឡងជាប់ជាង ៦៨ភាគរយ។ ករណីនេះ នាយិកាអង្គការមួយរូប យល់ឃើញថា ស្ដ្រីបានអនុវត្ដឱកាសរបស់ខ្លួនបានកាន់តែប្រសើរ។
លោក លៀ ស៊ីណា រាយការណ៍ ៖
របាយការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យដឹងថា សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប មានចំនួន ៧ម៉ឺន ៥ពាន់ ០៥៩នាក់ (៧៥០៥៩នាក់)។ ផ្អែកតាមតួលេខនេះ ក្រសួងអប់រំ បានបញ្ជាក់ថា ចំនួនសិស្សស្រីដែលប្រឡងជាប់នៅឆ្នាំ២០១៨នេះ មានប្រមាណ ៦៨,៥០ភាគរយ។
ចំនួនសិស្សស្រី ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ និង ២០១៨ នេះបានកើនឡើងគួរឲ្យកត់សម្គាល់។ ទាក់ទិនចំណុចនេះ មន្ដ្រីនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍តាមសារអេឡិចត្រូវនិច ប្រាប់វិទ្យុស្ដ្រីថា ទាំងសិស្សស្រី និងសិស្សប្រុស សុទ្ធតែខិតខំប្រឹងប្រែងរៀនសូត្រដូចគ្នា។ តែជាលទ្ធផលសិស្សស្រីជាប់ច្រើនជាង នេះគឺជាតថភាពជាក់ស្ដែង ដែលគ្រប់គ្នាត្រូវទទួលស្គាល់។
មន្ដ្រីនាំពាក្យ ក្រសួងអប់រំ បន្ដថា ក្រសួងអប់រំ បានផ្ដល់ឱកាសស្មើៗគ្នា សម្រាប់សិស្សទាំងពីរភេទ និងការទទួលបានការសិក្សា ប្រកបដោយគុណភាព។ ជាងនេះការអប់រំ គឺមិនមានការរើសអើងនោះទេ។ លោកបន្ដទៀតថា ស្របពេលដែលក្រសួងអប់រំផ្ដល់ឱកាសស្នើៗគ្នា ក្នុងការសិក្សានេះ ការចូលរួមពីអាណាព្យាបាល គឺជារឿងកាន់តែសំខាន់ ដើម្បីធានានូវសមធម៌ នៃការអប់រំ។
លោក ឌី ខាំបូលី សំណូមពរដល់អាណាព្យាបាល លើកទឹកចិត្ដ និងគាំទ្រឲ្យកូនៗរបស់ខ្លួន បន្ដរៀនសូត្រឲ្យបានខ្ពស់ ដើម្បីក្លាយជាកោសិកាដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ គ្រួសារ និងខ្លួនឯង។
ទាក់ទិនលទ្ធផលប្រឡងដែលមើលឃើញថា សិស្សស្រីមានចំនួនកាន់តែច្រើនបានប្រឡងជាប់នេះ លោកស្រីនាយិកាអង្គការ សីលការ បង្ហាញទស្សនរបស់លោកស្រីថា សិស្សស្រីបានអនុវត្ដតួនាទីរបស់ខ្លួនបានល្អ និងយកចិត្ដទុកខ្ពស់ជាងសិស្សប្រុស។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ ដែលជាស្ដ្រីឈានមុខ ក្នុងការតស៊ូមតិ ដើម្បីឲ្យមានសំឡេងស្ដ្រី ក្នុងវិស័យនយោបាយ មានប្រសាសន៍ថា ស្ដ្រីមានឱកាសបានចូលរៀនស្មើនិងបុរស តែស្ដ្រីបានយកចិត្ដទុកដាក់លើការសិក្សាបានល្អជាងបុរស។ លោកស្រីបន្ដថា ស្ដ្រីគឺជាសក្កដានុពលដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ សង្គមជាតិ។
នាយិកាអង្គការសីលការ សំណូពរដល់អាណាព្យាបាលគ្រប់រូប ត្រូវគិតថា ធនធានមនុស្ស ទាំងស្ដ្រី និងបុរស គឺដូចគ្នា ដូច្នេះត្រូវតែផ្ដល់ឱកាសឲ្យស្ដ្រីបានសិក្សា ដល់ថ្នាក់ឧត្ដម ដូចកូនប្រុស ដោយមិនត្រូវមានការរឹតត្បិតនោះទេ ៖«យើងមើលឃើញថា នៅក្នុងពេលបច្ចុប្បន្ននេះកូនស្រី ចាប់យកឱកាស ហើយនិងអនុវត្ដឱកាសរបស់គាត់បានល្អ ដែលជាធនធានរបស់គ្រួសារ ធនធានរបស់គាត់ផ្ទាល់ ក៏ដូចជារបស់សង្គមទៅអនាគតដែរ។ ដូច្នេះកុំឲ្យត្បិតត្បៀត ហើយគាំទ្រ កូនប្រុស កូនស្រី ឲ្យបានស្មើគ្នា»។
សូមជម្រាបថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ឆ្នាំ២០១៨នេះ មានសិស្សប្រឡងជាប់ចំនួន ៧ម៉ឺន ៥ពាន់ ០៥៩នាក់ (៧៥០៥៩នាក់) ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ២៩០នាក់ ហើយ ១៤១នាក់ជាស្ដ្រី។ ចំណែកនិទ្ទេស B សិស្សប្រឡងជាប់ ១៥៣២នាក់ ហើយ ៧៦០នាក់ជាស្ដ្រី និងនិទ្ទេស C សិស្សប្រឡងជាប់ ៤៦៣១នាក់ ហើយសិស្សស្រី ២៥៦៨នាក់។
យោងតាមតួរលេខនេះ ចំនួនសិស្សប្រឡងជាប់ឆ្នាំ២០១៨ កើនឡើងជាងឆ្នាំ២០១៧ ក៏ប៉ុន្ដែចំនួនសិស្សប្រឡងជាប់និទ្ទេស A B និង C បានថយចុះ។ ឆ្នាំ២០១៧ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B ២ ៤៦៤នាក់ និងនិទ្ទេស C សិស្សប្រឡងជាប់ចំនួន ៥០០០នាក់។ ចំណែកសិស្សស្រីវិញបានប្រឡងជាប់ នៅឆ្នាំសិក្សា២០១៧ មាន ៥១,២ភាគរយ ហើយសិស្សប្រុស បានប្រឡងជាប់ ៤៨,៨ភាគរយ។
យោងតាមសចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យបេក្ខជនទទួលបាននិទ្ទេស A, B និង C មានចំនួនធ្លាក់ចុះនៅឆ្នាំ២០១៨នេះ គឺដោយសារតែក្រសួងអប់រំបានបង្កើនស្ដង់ដាប្រធានវិញ្ញាសាប្រឡង ឲ្យខ្លាំងជាងមុន ក្នុងគោលដៅពង្រឹងគុណភាពអប់រំ និងជំរុញបេក្ខជន ឲ្យខិតខំរៀនសូត្រ ឲ្យកាន់តែមានចំណេះដឹងជ្រៅជ្រះបន្ថែមទៀត។
ឆ្នាំ២០១៨នេះ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១៨ខេត្ដ នៅភ្នំពេញ ១៣៥នាក់ សៀមរាប ២១នាក់ កណ្ដាល ១៦នាក់ បាត់ដំបង ១៥នាក់ តាកែវ ១៥នាក់ កំពង់ចាម ១៣នាក់ កំពត ១១នាក់ ត្បូងឃ្មុំ ៩នាក់ កំពង់ធំ ៩នាក់ កំពង់ឆ្នាំ ៩នាក់ បន្ទាយមានជ័យ ៩នាក់ ព្រៃវែង ៨នាក់ ក្រចេះ ៦នាក់ ពោធិ៍សាត់ ៤នាក់ ស្វាយរៀង ៣នាក់ កំពង់ស្ពឺ ៣នាក់ ព្រះសីហនុ ៣នាក់ និងខេត្ដរតនគិរី ១នាក់៕