ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាប្រកាសថា គណៈកម្មការកោសល្យវិច័យ និងត្រួតពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ដោយចាប់ផ្ដើមពិនិត្យនៅថ្ងៃពុធ ទី ១២កញ្ញា នេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី ១២ កញ្ញានេះ បញ្ជាក់ថា ក្រសួងអប់រំនឹងពិនិត្យដោះស្រាយបញ្ហាទាំងឡាយទៅលើការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងបាក់ឌុបកន្លងទៅថ្មីៗនេះ ជូនដល់បេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក ។ យ៉ាងណា ក្រសួងនឹងដោះស្រាយលើបញ្ហានេះចាប់ពីថ្ងៃនេះតទៅ ហើយប្រើពេល ១សប្ដាហ៍។
គួររំលឹកថា មានសិស្សពូកែផ្នែកគណិតវិទ្យាជាច្រើនដែលធ្លាក់លើមុខវិទ្យានេះ ក្នុងនោះមានសិស្សពូកែមេដាយមាសទូទាំងប្រទេស និងថ្នាក់ពិភពលោកផងដែរ ដែលបានតវ៉ាមកក្រសួងដើម្បីពិនិត្យនិងដោះស្រាយឱ្យបានលឿន៕