ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់អ្នកវិនិយោគទុនចិន អំពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សម្ដេចតេជោហ៊ុនសែន នៅថ្ងៃទី ១១ កញ្ញានេះ។
តាមហ្វេសបុកនេះ ការបង្ហាញពីគំនិតខ្ចីប្រាក់ពីភាគីចិននេះ ធ្វើឡើងនៅពេលដែលសម្ដេចហ៊ុនសែន បានចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនរបស់ចិន នៅថ្ងៃទី ១១ កញ្ញានេះ ខណៈសម្ដេចកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន។
យ៉ាងណាក្ដី សម្ដេចថា កម្ពុជាដែលនឹងស្នើទៅរដ្ឋាភិបាលចិននេះ គឺដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជាដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ។
សម្ដេចហ៊ុនសែន បញ្ជាក់ក្នុងកិច្ចសន្ទនានោះថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ជាពិសេសវិនិយោគទុនចិនដែលមានវត្តមាន និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ។
សម្ដេចផ្ដល់ទំនុកចិត្តទៅក្រុមហ៊ុនវិនិយោគចិនថា រដ្ឋាភិបាលថ្មី នឹងមិនលុបចោលកុងត្រាចាស់របស់ក្រុមហ៊ុនវិនិយោគណាមួយឡើយ។ យ៉ាងណាកម្ពុជា នឹងបន្តការពារផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ដែលវិនិយោគនៅកម្ពុជា។
មិនតែប៉ុណ្នោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបន្តអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេស កម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស កម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕