ភ្នំពេញ ៖ សំបុកសត្វក្រៀលមួយសំបុក ត្រូវប្រជាសហគមន៍ប្រទះឃើញ នៅដែនជម្រកសត្វព្រៃលំផាត់ បន្ទាប់ពីវត្ដមានសំបុករបស់បក្សីកម្រនេះ មិនធ្លាប់ប្រទះឃើញទេ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ មន្ដ្រី របស់អង្គការជីវិតសត្វស្លាប សំណូមពរឲ្យពលរដ្ឋចូលរួមការពារពពួកសត្វកម្រនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅថ្ងៃទី១១ ខែកញ្ញានេះ ប្រជាសហគមន៍ និងក្រុមអ្នកភិរក្សសត្វព្រៃ បានរកឃើញ សំបុកសត្វក្រៀ ដែលជាប្រភេទសត្វដ៏កម្រ ជាលើកដំបូងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី។ សត្វក្រៀល គឺជាសត្វស្លាបដែលអាចហោះហើរបាន និងមានកម្ពស់ខ្ពស់ជាងគេបង្អស់ នៅក្នុងចំណោមពពួកសត្វស្លាប។ កម្ពស់របស់វារហូតដល់ ១,៦៥ម៉ែត្រ។ សត្វក្រៀល ជាពពួកសត្វកម្រ មានវត្ដមានតែនៅក្នុងប្រទេសកម្ពុជា ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ប៉ាគីស្ថាន និងប្រទេសអូស្ដ្រាលី តែប៉ុណ្ណោះ។
លោក ប៊ូ វរសក្ស នាយកកម្មវិធិអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានប្រាប់វិទ្យុស្ដ្រីឲ្យដឹងថា នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី វត្ដមានសំបុកសត្វក្រៀល មិនធ្លាប់ត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃ និងប្រជាសហគមន៍ប្រទះឃើញម្ដងណាទេ ក្នុងអំឡុង ៥ឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្ដែការប្រទះឃើញជាថ្មីនៅថ្ងៃនេះ គឺជាដំណឹងដ៏ល្អមួយ ដែលបង្ហាញថា សត្វក្រៀល បានត្រឡប់មកតាំងសំបុកពងកូននៅដែនជម្រកសត្វព្រៃលំផាត់ជាថ្មី។
នាយកកម្មវិធិអភិរក្សរបស់អង្គការជីវិតសត្វស្លាប បន្ដទៀតថា កាលពីមុននៅដែនជម្រកសត្វព្រៃលំផាត់ មានសត្វច្រើនប្រភេទ មកពងកូន បូករួមទាំងសត្វក្រៀលនេះផង។ ក៏ប៉ុន្ដែវត្ដមានសំបុករបស់ពួកវា បានបាត់ទៅៗ ក្រោយពីមានការរំខាន ដោយការទន្ទ្រានព្រៃ និងចំនួនមនុស្សបានចូលទៅរស់នៅក្បែរតំបន់វាពងកូនកាន់តែកើនឡើង ៖«កន្លងមកនៅសៀមប៉ាង នៅលំផាត់ អីជាដើម គឺយើងបាត់ដំណឹងមួយរយៈធំ ដោយសារមានការទន្ទ្រាន ការរំខានច្រើន។ ជង់ជម្រាបថា សត្វក្រៀលនេះ គឺវាពងនៅលើវាលស្មៅ វាអត់ពងនៅលើចុងឈើទេ។ អញ្ចឹងវាពងនៅលើវាលស្មៅ នៅក្នុងត្រពាំង ឬក៏ក្នុងបឹងអីអញ្ចឹង។ អញ្ចឹងវាត្រូវការកន្លែងដែលស្ងាត់ដើម្បីលាក់ខ្លួន ដើម្បីពង។ អញ្ចឹងឥឡូវនេះមនុស្សកាន់តែច្រើន ហើយឆ្កែទៅទៀតកាន់តែច្រើនថែមទៀត អញ្ចឹងវាពិបាកដល់ពួកវាក្នុងការបង្កកំណើតពងកូន»។
យ៉ាងណាសំបុកដែលបានប្រទះឃើញនេះ គឺកូនៗរបស់សត្វក្រៀល បានញាស់ហើរចេញពីសំបុកអស់ទៅហើយ។ សត្វក្រៀល ក្នុងមួយសំបុក អាចមានពងចន្លោះពីមួយគ្រាប់ ទៅពីរគ្រាប់។ លោក វរសក្ស មិនរំពឹងថា ចំនួនសំបុករបស់សត្វក្រៀល អាចនឹងមានចំនួនច្រើននោះទេ ដោយសារតែជារៀងរាល់ឆ្នាំចំនួន មេបា របស់សត្វក្រៀល មានមិនដល់ ១០ក្បាលនោះទេ ដែលបង្ហាញខ្លួននៅដែនជម្រកសត្វព្រៃលំផាត់។
វត្ដមាន សត្វក្រៀលត្រូវបានក្រុមអ្នកអភិរក្ស រកឃើញច្រើនបំផុត នៅខេត្ដព្រះវិហារ។ ខេត្ដព្រះវិហារ ត្រូវបានកំណត់ថា ជាកន្លែងដែលពពួកក្រៀល ចូលចិត្ដពងកូនបំផុត ពីព្រោះតែជាតំបន់ដែលស្ងាត់ស្របទៅតាមចំណូលចិត្ដរបស់ពួកវា។ តែមិនមែនមានតែខេត្ដព្រះវិហារនោះទេ ដែលជាទីតាំងដ៏សំខាន់សម្រាប់សត្វក្រៀលពងកូន គ្រាន់តែតំបន់ផ្សេងៗ ដូចជា ខេត្ដស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ហាក់រងការរំខានច្រើន ទើបសត្វក្រៀលបានទៅប្រមូលផ្ដុំគ្នានៅខេត្ដព្រះវិហារ។
សត្វព្រៃកម្រជាច្រើនប្រភេទ កាន់តែបាត់វត្ដមានជាបណ្ដើរៗពីកម្ពុជា ដោយសារតែការលួចប្រមូលយកពងកូន ការលួចបរបាញ់ ការដាក់អន្ទាក់ ហើយអ្វីដែលជាក្ដីបារម្ភដ៏ធំបំផុតនារយៈពេលចុងក្រោយនេះ របស់ក្រុមអ្នកអភិរក្ស និងក្រសួងបរិស្ថាន គឺការបំពុល។
ក្រុមអង្គការអភិរក្សសត្វព្រៃ បានបង្កើតកម្មវិធីការពារសំបុកសត្វស្លាប ដោយជួលប្រជាសហគមន៍ ផ្ដល់ជាប្រាក់ខែជូនពួកគាត់ ឲ្យថែរក្សាសំបុកសត្វស្លាប ចាប់ពីពេលដែលពួកវាផ្ដើមពង រហូតដល់ពងរបស់ពួកវាញាស់។ លោក ប៊ូ វរសក្ស អំពាវនាវថា ប្រសិនបើពលរដ្ឋបានប្រទះឃើញសំបុកសត្វព្រៃ សូមរាយការណ៍ទៅកាន់មន្ដ្រីអង្គការ ជីវិតសត្វស្លាប់ដែលនៅតំបន់នោះ ឬមន្ដ្រីឧទ្យានុរក្សនៅតំបន់នោះ។ លោកបន្ដថា អ្នកផ្ដល់ដំណឹង នឹងទទួលបានប្រាក់លើកទឹកចិត្ដ ប្រសិនបើក្រោយពេលដែលចុះទៅពិនិត្យឃើញថា សំបុកនោះពិតជាមានពងកូន សត្វព្រៃ ពិតប្រាកដមែន។
លើសពីនេះនាយកកម្មវិធិអភិរក្សរបស់អង្គការជីវិតសត្វស្លាប សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ដែនជម្រកសត្វព្រៃ សូមបញ្ឈប់សកម្មភាពបំពុលផ្សេងៗ ពីព្រោះការបំពុលបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅសត្វព្រៃ មិនថា សត្វស្លាប ឬសត្វជើងបួននោះទេ។ ជាងនេះលោកសំណូមពរ ឲ្យពលរដ្ឋទាំងអស់ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ លោកថា បើសិនជាគ្មានតម្រូវការទីផ្សារ ការបរបាញ់ដោយខុសច្បាប់ នឹងគ្មានបន្ដទៀតឡើយ។
យោងតាមរបាយការណ៍ជំរឿន នៅក្នុងឆ្នាំ២០១៦ បានបង្ហាញថា ចំនួនសត្វក្រៀល បានធ្លាក់ទាបបំផុតនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម គិតតាំងពីឆ្នាំ២០០១មក។ វត្ដមានសត្វក្រៀល ត្រូវបានរកឃើញច្រើនបំផុតប្រចាំឆ្នាំ គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានប្រមាណជាង ៤៣៣ក្បាល៕