ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំយុវជនកីឡា កំពុងតែបើក និងទទួលពាក្យបណ្ដឹងរបស់បេក្ខជនដែលប្ដឹងមិនទទួលស្គាល់លទ្ធផលប្រឡងរបស់ពួកគាត់។ ដោយសាររឿងនេះ ក្រសួងថា នឹងបង្កើតគណៈកម្មការកោសលវិច្ច័យលើសន្លឹកកិច្ចការរបស់ពួកគាត់ទាំងអស់ដើម្បីមានចំណាត់ការបន្ទាប់។
លោក រឿន ឬទ្ធីជូនសេចក្ដីរាយការណ៍ពីព័ត៌មាននេះ!
បន្ទាប់ពីការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចមកធ្វើឱ្យ មានសិស្សមួយចំនួន និងគ្រូរបស់ពួកគាត់មិនអាចទទួលយកលទ្ធផលនោះបានដោយសារ សិស្សទាំងនោះ ថា មុខវិជ្ជាគណិតវិទ្យា មិនសមនឹងពួកគេ ធ្លាក់ឡើយ។ ការណ៍នេះធ្វើឱ្យមានការតវ៉ាសុំឱ្យពិនិត្យលើវិញ្ញាសារឡើងវិញដើម្បីទទួលបានយុត្តិធម៌សម្រាប់ពួកគាត់។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក ឌី ខាមបូលី ប្រធាននាយកដ្ឋានគោលនយោបាយ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ១១ កញ្ញាថា ក្រសួងកំពុងតែបើកឱ្យមានការដាក់ពាក្យបណ្ដឹងទៅក្រសួងចំពោះសិស្សណាដែលមិនពេញចិត្តទៅនឹងលទ្ធផលនេះ។ យ៉ាងណាមិញ លោក ឌី ខាមបូលី បញ្ជាក់ថា មកទល់ពេលនេះ សិស្សដែលដាក់ពាក្យស្នើទៅក្រសួងមានប្រមាណជិត ២០០ពាក្យបណ្ដឹងហើយ។
លោក ឌី ខាមបូលី បញ្ជាក់បន្ថែមថាករណីនេះ ក្រសួងនឹងបង្កើតគណៈកម្មការកោសល្យវិច្ច័យ ដើម្បីពិនិត្យនិងឆ្លើយតបទៅនឹងបញ្ហាទាំងនេះ។តែជាមួយគ្នានេះ លោក ឌី ខាមបូលី បានជម្រុញឱ្យអ្នកដែលមិនពេញចិត្តទៅនឹងលទ្ធផលនេះ មកដាក់ពាក្យប្ដឹងឱ្យបានគ្រប់ៗគ្នា។
យ៉ាងណាមិញ មានការបញ្ចេញមតិមួយចំនួនតាមបណ្ដាញសង្គមហ្វេសបុកថា បើសិនរកឃើញកំហុសបច្ចេកទេស ដូចជាបញ្ជូលពិន្ទុខុស ច្រឡំ បញ្ហាបច្ចេកទេស លទ្ធផលបាក់ឌុបនឹងប្រែប្រួលទូទាំងប្រទេស ចំនួនភាគរយជាប់ក៏ប្រប្រួល ចំនួនសិស្សនិទ្ទេស A, B, C, D, E ក៏នឹងប្រែប្រួលដែរ។
ជាបញ្ហាចោទនៅចំពោះមុខ ប្រសិនបើត្រួតពិនិត្យក្រដាសកិច្ចការហើយ ក្រសួងពិតមានកំហុសដោយប្រការផ្សេងៗ នោះក្រសួងត្រូវតែត្រួតពិនិត្យកិច្ចការសិស្សទាំង ៧៥ ០៥៩ នាក់ ព្រោះវាជាទំនួលខុសត្រូវ និងជាមនសិការចំពោះសិស្ស។
បើសិនជារកឃើញថា មានកំហុសនោះលទ្ធផលបាក់ឌុបនឹងត្រូវប្រកាសជាលើកទី២ និន្ទេសសិស្សនឹងប្រែប្រួល១០០%យ៉ាងប្រាកដ ហើយសញ្ញាបត្របណ្ណោះអាសន្នគួរតែផ្អាកដកសិនដោយរង់ចាំលទ្ធផលសម្រេចចុងក្រោយ។
ផ្ទុយពីនេះ ប្រសិនបើរកឃើញថាពុំមានកំហុសអ្វីទេនោះ ពោលគឺសិស្សពិតជាទទួលបាននិទ្ទេស F នៃការប្រឡងមែននោះ គឺអាចបញ្ជាក់យ៉ាងច្បាស់ថាកម្រិតការយល់ដឹងគណិតវិទ្យារបស់សិស្សនៅទាប ហើយវាក៏ជាបញ្ហាលើសមត្តភាពគ្រូគណិតវិទ្យាទាំងអស់ក្នុងការផ្ទេរចំណេះដឹងឱ្យសិស្ស។ ជាងនេះទៅទៀត ក៏បញ្ជាក់ថាវិញ្ញាសារគណិតវិទ្យាដែលដាក់ប្រឡងនោះ គឺលំបាកខ្លាំងដែលជាហេតុធ្វើឱ្យសិស្សធ្លាក់ជាច្រើននោះ។
មិនខុសគ្នានោះទេ បើសិស្សជាសាកលវិទ្យាល័យធ្វើការទម្លាក់និន្ទេសរហូតដល់ F ក៏សិស្សអាចប្រឡងចូលបាន វាបញ្ជាក់ថាវិស័យអប់រំនៅកម្ពុជាមិនទាន់រីកចម្រើននៅឡើយ។ តែនេះជា ការយល់ឃើញ របស់ សិក្សាមួយចំនួន ដែលបង្ហោះលើបណ្ដាញសង្គម ដែលត្រូវបានមើលឃើញ ជាសាធារណៈ។ពាក់ព័ន្ធរឿងនេះ លោក ឌី ខាមបូលី បានបញ្ជាក់ថា មិនទាន់គិតដល់ដំណាក់កាលនេះទេ។
គួររំលឹកថា អ្នកប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅសម័យប្រឡង២០ ខែសីហា ឆ្នាំ២០១៨ នៅទូទាំងប្រទេស មានសិស្សជាប់ចំនួន ៧៥.០៥៩នាក់ ត្រូវជា៦៦.២១% ច្រើនជាងឆ្នាំ២០១៧ ដែលមានតែ៦៣.៨៤%។ ផ្អែកលើលទ្ធផលនេះ បញ្ជាក់ថា សិស្សជាប់និទ្ទេស A មានចំនួនថយចុះ ខណៈដែលលទ្ធផលជាប់ទាំងអស់មានចំនួនកើនឡើង៕