ភ្នំពេញ ៖ គ្រាយប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ០៩គ្រាប់ ត្រូវបានប្រជាពលរដ្ឋនៅខេត្ដបាត់ដំបង ប្រទះឃើញ ខណៈពួកគេទៅបង់ត្រីក្នុងប្រឡាយ។ នេះបើយោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញានេះ។
តាមគេហទំព័រដដែល បញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌទាំង ០៩គ្រាប់នេះ ស្ថិតក្នុងភូមិ ដង្កោក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ដបាត់ដំបង។ គ្រាប់ទាំងនេះ គឺសល់ពីសម័យសង្គ្រាម ប៉ុន្ដែវាបានខូចគុណភាពអស់ទៅហើយ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងទៀតថា ពេលនេះគ្រាប់ទាំងអស់នោះ ត្រូវបានប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ ដើម្បីកម្ទេចចោល។
មជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា ធ្លាប់ប្រាប់ឲ្យដឹងថា ផ្ទៃដី នៃប្រទេសកម្ពុជា ដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា។ ក្នុងឆ្នាំ២០១៧ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីបាន ៨ពាន់ ៦៣៦ហិចតា ។ ក្នុងនោះ គឺបានកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទបានចំនួន ៣ម៉ឺន ៧ពាន់ ៤៤៨គ្រាប់។
លោក ហេង រតនា មជ្ឈមណ្ឌលកម្មភាពកំចាត់មីនកម្ពុជា បានអំពាវនាវថា សុំឲ្យប្រជាពលរដ្ឋគ្រប់រូបរាយការណ៍ដល់ អាជ្ញាធរ នៅពេលដែលបានឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ។ លោកអះអាងថា គ្រាប់ដែលសល់ពីសម័យសង្គ្រាម បើទោះជាកន្លងទៅយូរឆ្នាំក៏ដោយ ក៏វានៅតែមានឥទ្ធិពលអាចបង្កគ្រោះថ្នាក់បានដែរ៕