loader

តើអ្នកគាំទ្រឱ្យ​កម្ពុជា​មានច្បាប់​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ដែរឫទេ?

same-sex-love-cover
ភ្នំពេញ​៖​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ស​ម្តៅ​លើ​បុរស​ស្រឡាញ់​បុរស​ ស្ត្រី​ស្រឡាញ់​ស្ត្រី​ដូច​គ្នា​ ប្រាថ្នា​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ មិនមែន​មាន​តែ​នៅ​ក្នុង​សង្គម​បរទេស​ផ្សេងៗ​នោះ​ទេ​ នៅ​ក្នុង​សង្គម​កម្ពុជា​ក៏​មាន​ខ្លះ​ដែរ​ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នៃ​ស្នេហា​បែប​អាថ៌​កំបាំង​ភេទ​ដូច​គ្នា​នេះ​ តែង​មាន​ការ​បន្តុះបង្អាប់​រិៈ​គន់​ សង្គមមនុស្ស​មិនសូវ​ឱ្យ​តម្លៃ​ ចោទ​ថា​ខុស​ទំនៀមទម្លាប់​ប្រពៃណី​ជាដើម​។​ ទន្ទឹម​គ្នា​នេះ​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ ចង់ឱ្យ​កម្ពុជា​មានច្បាប់​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ដើម្បី​បំពេញ​បំណងប្រាថ្នា​ស្នេហា​ភេទ​ដូច​គ្នា​ដែល​មាន​និស្ស័យ​ពី​ធម្មជាតិ​ ព្រមទាំង​ការ​ពារ​ពួក​គេ​ពី​ការ​រិៈ​គន់​ផ្សេងៗ​។

​មនោសញ្ចេតនា​ស្នេហា​ចាក់ទឹកមិនលិច​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា​ ហាក់​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​តម្លៃ​ដូច​ស្នេហា​បុរស​ស្ត្រី​ធម្មតា​នោះ​ទេ​។​ គំនាប​ផ្លូវចិត្ត​ អន្ទាក់​ទំនៀមទម្លាប់​ប្រពៃណី​បាន​ឃាត់ឃាំង​ស្នេហា​អ្នកមាន​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ មិន​ឱ្យ​ស្រឡាញ់​គ្នា​ដោយ​បើក​ចំហរ​បាន​ឡើយ​។​ ដូច្នេះ​ តើ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ត្រូវការ​តម្លៃ​និង​សេរីភាព​នៃ​ស្នេហា​របស់​ពួក​គេ​ពី​សង្គម​ដែរ​ឬទេ​?​ ហេតុ​អ្វី​ពួក​គេ​ចង់ឱ្យ​កម្ពុជា​​មានច្បាប់​អនុញ្ញាតិ​ឱ្យ​មនុស្ស​មាន​ភេទ​ដូច​គ្នា​មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ដែរ​ឬទេ​?

THE NEW NORMAL -- "Pilot" -- Pictured: -- (Photo by: Trae Patton/NBC)
THE NEW NORMAL — “Pilot” — Pictured: — (Photo by: Trae Patton/NBC)

​យុវជន​ សីហា​ អាយុ​ ២២​ ឆ្នាំ​បាន​និយាយ​ដោយ​អារម្មណ៍​អឹមអៀន​ថា​ រូបគេ​មាន​និស្ស័យ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា​ចាប់តាំងពី​វ័យ​កុមារ​មក​ម្ល៉េះ​ ហើយ​​នេះ​ជា​និស្ស័យ​មាន​តាំងពី​កំណើត​។​ សីហា​ បាន​បន្ត​ឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​រូបគេ​ចង់​និយាយ​ថា​ខ្លួន​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ចង់ឱ្យ​គេ​ឯង​ដឹង​ការ​ពិត​នោះ​ អារម្មណ៍​ខ្មាស់​អៀន​ក៏​ចាប់ផ្តើម​កើត​មាន​ឡើង​ភ្លាមៗ​ ព្រោះ​ខ្មាស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យ៉ាង​ខ្លាំង​ ខ្លាច​មនុស្ស​ជុំវិញ​ខ្លួន​រើសអើង​សើច​ចំអក​ បាន​ត្រឹមតែ​លាក់​ទុក​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ​។​ ប្រសិនបើ​មានច្បាប់​អនុញ្ញាតិ​ឱ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការ​ មានច្បាប់​ការពារ​ការ​រើសអើង​ផ្សេងៗ​ វា​ជា​រឿង​សំខាន់​មួយ​ដែល​រូបគេ​ចង់បាន​ ព្រោះ​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​សង្គម​កម្ពុជា​មិន​បាន​អនុញ្ញាតិ​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​​សិទ្ធិ​រៀប​ការ​បាន​នោះ​ទេ​ ហើយ​ផ្នត់គំនិត​រិៈ​គន់​របស់​មនុស្ស​នៅ​ក្នុង​សង្គម​ ក៏​មិន​បាន​បើកចំហរ​សេរីភាព​ឱ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គ្រប់គ្រាន់​ក្នុង​បង្ហាញ​អារម្មណ៍​កក់ក្តៅ​ដែរ​។​

​សីហា​ បាន​បញ្ជាក់​ថា​៖​ «​សម្រាប់​ខ្ញុំ​បើ​មានច្បាប់​គឺ​ល្អ​ ព្រោះ​បើ​មាន​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​មានឱកាស​ស្រឡាញ់​គ្នា​កាន់​ខ្លាំង​ មិន​មាន​ការ​រើសអើង​ ស្រឡាញ់​គ្នា​ដោយ​ពេញ​មុខ​ស្របច្បាប់​ ដូច​នៅ​បរទេស​ដែរ​»​។

​មិន​ខុស​ពី​យុវជន​ខាងលើ​ កញ្ញា​ ចាន់​ សុជាតា​ ជា​ស្សិត​ឆ្នាំ​ទី​ ៤​ នៅ​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​ ប្រសិនបើ​មានច្បាប់​អនុញ្ញាតិ​ឱ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការ​បាន​នោះ​ ជា​ការ​ប្រសើរ​បំផុត​សម្រាប់​កញ្ញា​ ព្រោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​មានឱកាស​ហ៊ាន​​និយាយ​បើកចំហរ​ពី​ការ​ស្រឡាញ់​របស់​គាត់​ទៅ​កាន់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ និង​បង្ហាញ​ការ​ពិត​ទៅ​កាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។

«​បើ​មានច្បាប់​អនុញ្ញាតិ​ឱ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀប​ការ​បាន​ ពិតជា​ងាយស្រួល​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ព្រោះ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​…​ ធ្វើ​ម្តេច​បើ​គ្នា​កើតមក​មាន​និស្ស័យ​បែប​ហ្នឹង​។​ មានច្បាប់​ការពារ​នេះ​ មនុស្ស​នៅ​ក្នុង​សង្គម​មិន​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ហើយ​អាច​កែប្រែ​ផ្នត់គំនិត​ឱ្យ​គិត​វិជ្ជមាន​ទៅ​លើ​ពួក​គេ​។​ សម្រាប់​ខ្ញុំ​ នៅ​ស្រុក​យើង​មានការ​បើកចំហរ​សិទ្ធិ​សេរីភាព​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហើយ​នា​ពេល​​បច្ចុប្បន្ន​ ប៉ុន្តែ​វា​ហាក់​ស្ថិត​នៅ​ក្រោម​គំនាប​ទំនៀមទម្លាប់​ប្រពៃណី​នៅឡើយ​ មនុស្ស​មិន​ទាន់​មានការ​យល់​ដឹង​ទូលំទូលាយ​នោះ​ទេ​»​។​ នេះ​ជា​ការ​បញ្ជាក់​ពី​កញ្ញា​ កញ្ញា​ ចាន់​ សុជាតា​ បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​។

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នកស្រី​ ប៉ែន​ ចាន់ធូ​ក​ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ទឹកថ្លា​ រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​ អ្នកស្រី​មិន​គាំទ្រ​ចំពោះ​ស្នេហា​​មនុស្ស​ភេទ​ដូច​គ្នា​នោះ​ទេ​ កុំ​ថា​ឡើយ​បង្កើត​ឱ្យ​មានច្បាប់​អាពាហ៍ពិពាហ៍​ ព្រោះ​បច្ចុប្បន្ន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កំពុង​មាន​សំទុះ​កើតឡើង​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​ ហើយ​ប្រសិនបើ​បណ្តោយ​ឱ្យ​បញ្ហា​មួយ​នេះ​កាន់តែ​រីក​រាលដាល​ទៅ​ សង្គម​ខ្មែរ​នឹង​មាន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កាន់តែ​ច្រើន​។​ អ្នកស្រី​បាន​បន្ថែម​ថា​ បើ​សង្គម​ជាតិខ្មែរ​អនុញ្ញាតិ​ឱ្យ​មានច្បាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀប​ការ​បាន​មែន​នោះ​ មាន​ន័យ​ថា​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​​ជា​ច្រើន​នៅ​ថ្ងៃក្រោយ​ជាក់​ជា​ពុំខាន​។​ បញ្ហា​ទាំងនោះ​ មាន​ដូច​ជា​បញ្ហា​ខុស​ទំនៀមទម្លាប់​ប្រពៃណី​ដូនតា​ខ្មែរ​ ខុសច្បាប់​រៀប​អាពាហ៍ពិពាហ៍​ ជា​ពិសេស​អាច​ឱ្យ​កម្ពុជា​បាត់​ធនធានមនុស្ស​បន្ត​ជំនាន់​នៅ​ក្នុង​សង្គម​។

​ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ខាងលើ​ កញ្ញា​ ឈុ​ន​ មុន្នី​វិ​ជ្ជ​រ៉ា​ ប្រធាន​គណៈ​ក​ម្មា​ការ​ប្រតិបត្តិ​បណ្តាញ​ចតុមុខ​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ បាន​និយាយ​ថា​ ការ​រស់នៅ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​ មាន​ភាព​រើសអើង​ច្រើន​នៅ​តាម​ទី​សា​ធារ​ណៈ​ និង​នៅ​កន្លែង​បំពេញការងារ​។​ ប្រធាន​គណៈ​ក​ម្មា​ការ​ប្រតិបត្តិ​បណ្តាញ​ចតុមុខ​រូប​នេះ​ រំពឹង​ថា​ បើ​មានច្បាប់​ការពារ​ ឬ​ច្បាប់​អាពាហ៍​ពិពាហ៍​អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​រដ្ឋាភិបាល​បង្កើត​ឡើង​មែន​នោះ​ នោះ​នៅ​ក្នុង​សង្គម​នឹង​មិន​មានការ​រើសអើង​ភេទ​ឡើយ​ ព្រោះ​បុគ្គល​​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បានការ​ពារ​ពេញលេញ​ដោយ​ច្បាប់​។​

tumblr_m97n3cui7A1qb9xaao1_1280ទាក់ទិន​នឹង​បញ្ហា​នេះ​ លោក​ នួន​ ស៊ី​ដា​រ៉ា​ មន្ត្រី​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ​ និង​អត្តសញ្ញាណ​យេ​ន​ឌ័​រ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​ បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ ក្រុមហ៊ុន​ឯង​ជន​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​មួយ​កាលពី​ថ្ងៃ​ទី​ ២៨​ កញ្ញា​ ឆ្នាំ​ ២០១៥​ គាំទ្រ​រដ្ឋាភិបាល​ចំពោះ​ការ​គាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ម្តង​រួច​មក​ហើយ​។

«​ក្រៅពី​សិទ្ធិ​មួយ​ចំនួន​ដូច​ជា​ សិទ្ធិ​ទទួល​បានការ​អប់រំ​ សិទ្ធិ​នៅ​ក្នុង​ការ​រស់នៅ​ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ហ្នឹង​ក៏​ជា​តម្រូវការ​ដែល​ពួក​គាត់​ចង់បាន​ផង​ដែរ​…​ យើង​មើល​ក្រមរដ្ឋប្បវេណី​របស់​ខ្មែរ​យើង​នៅ​ឆ្នាំ​ ២០០៧​ ក៏​ដូច​ជា​ក្រម​អនុវត្ត​បន្ថែម​នៅ​ឆ្នាំ​ ២០១១​ ហ្នឹង​គឺ​បាន​ដក​ចេញ​អស់​ហើយ​​ចំណុច​ហាមឃាត់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ ពីព្រោះ​បើ​យើង​ប្រៀបធៀប​ច្បាប់​អាពាហ៍ពិពាហ៍​ ១៩៨៩​ ត្រង់​មាត្រ​ ៦​ គេ​ហាមឃាត់​តែ​ម្តង​ចំពោះ​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​។​ ប៉ុន្តែ​បច្ចុប្បន្ន​យើង​នៅ​ខ្ទាស់​ត្រង់​ថា​រដ្ឋធម្មនុញ​របស់​យើង​ជា​ច្បាប់​កំពូល​របស់​ប្រទេស​គឺ​បាន​ដាក់​ថា​ អាពាហ៍​ពិពាហ៍​​គឺ​ធ្វើ​ឡើង​សម្រាប់​បុរស​និង​ស្ត្រី​ មិន​បាន​និយាយ​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​…​ ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យល់​ទាស់​អី​ដែរ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ​កន្លង​ទៅ​»​។​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ លោក​ នួន​ ស៊ី​ដា​រ៉ា​ មន្ត្រី​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ​ និង​អត្ត​សញ្ញា​ណ​យេ​ន​ឌ័​រ​។

​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ​ និង​អត្តសញ្ញាណ​យេ​ន​ឌ័​រ​ លោក​ នួន​ ស៊ី​ដា​រ៉ា​ បានឱ្យ​ដឹង​ទៀត​ថា​ កន្លង​ទៅ​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​មានការ​យល់​ខុស​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ថា​ បើ​អនុញ្ញាតិ​ឱ្យ​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​នឹង​កាត់​បន្ថយ​កំណើនប្រជាជន​ ប៉ុន្តែ​មិន​ដូច្នេះ​ទាំងស្រុង​នោះ​ទេ​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​មាន​វិធីសាស្ត្រ​មាន​ផ្ទៃពោះ​បាន​ធម្មតា​ និង​អាច​ចូលរួម​សកម្មភាព​ការងារ​ជួយ​សង្គម​ជាតិ​​បាន​យ៉ាងច្រើន​ ប្រសិនបើ​មានច្បាប់​ការពារ​ពួក​គាត់​បាន​យ៉ាង​ត្រឹមត្រូវ​។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាងលើ​ ជុំវិញ​ការ​យល់​ឃើញ​ពី​បញ្ហា​អ្នក​ស្រឡាញ់​ភេទ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ឱ្យ​ដឹង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​នៅ​ថ្ងៃនេះ​ថា​ សង្គម​ខ្មែរ​បានឱ្យ​តម្លៃ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​ពេញលេញ​ មិន​មានការ​រើស​អើង​​នោះ​ទេ​ ព្រោះ​អ្នក​ទាំងនោះ​បាន​ដើរតួ​នាទី​យ៉ាងច្រើន​ជួយ​ដល់​សង្គម​កម្ពុជា​យ៉ាងច្រើន​ក្នុង​ពេល​កន្លង​ទៅ​។

«​វប្បធម៌​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា​ គ្មាន​មាត្រា​ណា​ ឬ​ចំណុច​ណា​ចែង​ថា​ ប្រឆាំង​នឹង​ភេទ​ដូច​គ្នា​រៀប​អាពាហ៍ពិពាហ៍​ អាហ្នឹង​តាម​ទម្លាប់​ ប៉ុន្តែ​ច្បាប់​មិន​មាន​ចែង​ច្បាស់​ថា​ ហាម​មិន​ឱ្យ​ភេទ​ដូច​គ្នា​រៀប​អាពាហ៍ពិពាហ៍​ទេ​…​ ប៉ុន្តែ​ពាក្យ​ដែល​ពិបាក​វាង​នៅ​ក្នុង​ច្បាប់​នោះ​ ដែល​គេ​និយាយ​ថា​ប្តី​ស​ម្តៅ​ភេទ​ប្រុស​ ប្រពន្ធ​ស​ម្តៅ​ភេទ​ស្រី​ អា​នុង​ហើយ​ដែល​យើង​ជួប​បញ្ហា​។​ ដូច្នេះ​ ជា​ទស្សនៈ​ផ្ទាល់​ការ​ទទួលស្គាល់​របស់​កម្ពុជា​ ភេទ​ទី​បី​ហ្នឹង​គេ​បាន​ក្លាយ​ទៅជា​ភ្នាក់ងារ​មួយ​កសាង​សង្គម​ជាតិ​យ៉ាង​សំខាន់​ មាន​ដូច​ជាតា​រា​ ដូច​ជា​ការ​ចូល​រួមការ​កម្សាន្ត​ និន្នាការ​របស់​សង្គម​យើង​ដូច​ជា​អត់​បាន​ប្រឆាំង​​នឹង​សាច់​រឿង​នេះ​ទេ​ ប៉ុន្តែ​ឆ្គង​ជាមួយនឹង​ច្បាប់​…​ សង្គម​ខ្មែរ​អត់​រើសអើង​ទេ​»​។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ (LGBT)​ នៅ​កម្ពុជា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​ ២០១៤​ នៅ​សណ្ឋាគារ​សាន់​វ៉េ​ រាជធានី​ភ្នំពេញ​ក្នុង​ពេល​កន្លង​ទៅ​ មានការ​ស្នើ​សុំ​ជា​សាធារណៈ​ទៅ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំងអស់​ កុំ​ប្រើ​ពាក្យ​ថា​ «​ខ្ទើយ​ ឬ​ប្រើ​ពាក្យអសុរស​ អា​ខ្ទើយ​ មី​ខ្ទើយ​»​ ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ស្ដាប់​មើលទៅ​មានការ​រើសអើង​ខ្លាំង​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ព្រោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ក៏​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ធ្វើ​ការងារ​ដូច​មនុស្ស​ទូទៅ​ដែរ​៕

4 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កម្មករជួសជុលប្រាសាទអង្គរទោះមានប្រាក់ចំណូលទាប តែមានមោទនភាព

ស្ពានហាល និងកស្សិណ នៃសំណង់ប្រាសាទអង្គរតូច កំព[...]

ប្រធានបទ៖ អាជីវករនៅតំបន់ផាប់ស្រ្តីប ខេត្តសៀមរាបបន្តអស់សង្ឃឹម

MC: សៀមរាបជាខេត្តដែលមានសក្ដានុពលផ្នែកទេសចរណ៍ [...]

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញសរសើរថាការប្រមូលសំរាមល្អប្រសើរជាងមុន ខណៈកម្មករក្រុមហ៊ុនសំរាមខិតខំធ្វើការ

ប្រជាពលរដ្ឋមួយចំនួនបានកត់សំគាល់ឃើញថា បរិស្ថាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x