ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួន ដែលបាននាំកូន-ចៅទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា បង្ហាញការសោកស្ដាយចំពោះ មរណភាព លោកវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ព្យាបាលកុមាររាប់ម៉ឺនសែននាក់ ដោយឥតគិតថ្លៃ។ ពួកគាត់សំណូមសប្បុរសជន បន្ដជួយគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាបន្តទោះបីអត់លោក វេជ្ជបណ្ឌិតរូបនេះក៏ដោយ។
លោក លៀ ស៊ីណា រាយការណ៍៖
ប្រជាពលរដ្ឋមួយចំនួន ដែលបាននាំកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដែលវិទ្យុស្ដ្រីបានជួបសម្ភាស បាននិយាយដូចៗគ្នាថា ពួកគាត់មានអារម្មណ៍ក្ដុកក្ដួល ពេលដែលឮដំណឹងថា ស្ថាបនិក របស់មន្ទីរពេទ្យសប្បុរសធម៌ គន្ធបុប្ផាទទួលមរណភាព។
អ្នកស្រី ស៊ីនួន ទីលំនៅបច្ចុប្បន្ននៅខេត្ដរតនគិរី ដែលបានមករង់ចាំផ្ដល់ឈាមឲ្យក្មួយប្រុស នៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផាទី០២ ក្បែរព្រះបរមរាជវាំង បាននិយាយថា អ្នកស្រី បើទោះជាមិនធ្លាប់បានឃើញមុខលោកវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ក្ដី ក៏ប៉ុន្ដែអ្នកស្រីមានអារម្មណ៍សោកស្ដាយ ចំពោះមរណភាពស្ថាបនិករូបនេះ ៖«មានអារម្មណ៍ថា សោកស្ដាយគ្រាន់តែថា ខ្ញុំមិនដែលឃើញមុខគាត់ មិនដែលបានមកពេទ្យហ្នឹងមែន គ្រាន់តែគិតថា សម្រាប់គេឧបត្ថមក្នុងមន្ទីរពេទ្យងហ្នឹង ដូចថា ក្នុងមនុស្សម្នាក់ដែលគេឧបត្ថមអញ្ចឹង វាមានតម្លៃខ្លាំងណាស់សម្រាប់ប្រជារាស្ដ្រយើងក្រីក្រ»។
មន្ទីរពេទ្យគន្ធបុប្ផាគឺជាមន្ទីរពេទ្យសប្បុរធម៌ ដែលប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា តែងតែនឹកដល់មុនគេ នៅពេលដែលកូនៗ ឬក៏ពួកគេមានជំងឺធ្ងន់ធ្ងរណាមួយ។ មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាមាន ៣កន្លែង នៅភ្នំពេញ និងនៅខេត្តសៀមរាប។
អ្នកស្រី ស៊ីនិត វ័យ ២៨ឆ្នាំ ដែលបាននាំកូនមកពីខេត្ដកណ្ដាលដើម្បីព្យាបាលជំងឺ បាននិយាយថា ជាសំណាងរបស់កុមារកម្ពុជា ដែលមានមន្ទីរពេទ្យសប្បុរសធម៌ គន្ធបុប្ផា ព្យាបាលដោយមិនគិតប្រាក់ដូច្នេះ។ អ្នកស្រីត្រេកអរ ចំពោះវត្ដមានមន្ទីរពេទ្យមួយនេះ។ អ្នកស្រី សំណូមពរឲ្យអ្នកមានទ្រព្យសម្បត្ដិ ជួយគាំទ្រដល់មន្ទីរពេទ្យសប្បុរធម៌មួយនេះ ដើម្បីបន្ដបេសកម្មជួយដល់ពលរដ្ឋក្រីក្រនៅកម្ពុជា ដែលមានជំងឺបន្ដទៀត ៖«ចាស ខ្ញុំសូមសំណូមពរអស់លោក ដូចថា អ្នកមានៗទាំងឡាយណា ដែលមានសទ្ធាជ្រះថ្លា មានចិត្ដ បរិច្ចាក មកមន្ទីរពេទ្យគន្ធបុប្ផាហ្នឹងឲ្យបានច្រើនផង ព្រោះអីប្រជាជនមានជំងឺច្រើនណាស់»។
ពលរដ្ឋខ្មែរមួយចំនួនធំ បានដាក់សេចក្ដីទុក្ខចិត្ដទៅលើមន្ទីរពេទ្យគន្ធបុប្ផាយ៉ាងមុតមាំ ពីព្រោះតែបទពិសោធន៍ និងគុណភាពវិជ្ជជីវៈ បុគ្គលិករបស់មន្ទីរពេទ្យមួយនេះ។ ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ពួកគាត់ចាត់ទុកលោវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ជាព្រះដែលបានមកស្រង្គ្រោះដល់កុមារក្រីក្រនៅកម្ពុជា។
មិនថាតែពលរដ្ឋនោះទេ សូម្បីរដ្ឋមន្ដ្រីក្រសួងសុខាភិបាលក៏បានបង្ហាញក្ដីសោកស្ដាយជាខ្លាំងផងដែរ ចំពោះការបាត់បង់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។
លោកវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ស្ថាបនិកមន្ទីរពទ្យគន្ធបុប្ផា បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទសស្វីស បន្ទាប់ពីបានធ្លាក់ខ្លួនឈឺជាទម្ងន់ក្នុងខែមីនា ឆ្នាំ២០១៧។
មន្ទីរពេទ្យគន្ធបុប្ផា គឺជាកេរ្ដិ៍មរតករបស់លោក វេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ដែលមានសញ្ជាតិស្វីស។ ប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានចាត់ទុកលោកវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ ជាព្រះដែលបានជួយដល់កុមារក្រីក្រ នៅកម្ពុជារាប់លាននាក់។ លោកវេជ្ជបណ្ឌិត ប៊ីត រីចច្នឺ បានចាប់ផ្តើមបើកដំណើរការ មន្ទីរពេទ្យគុន្ធបុប្ផា នៅឆ្នាំ១៩៩២ ដើម្បីជួយព្យាបាលកុមារ និងស្ដ្រីកម្ពុជា ដែលមានជីវភាព ក្រីក្រដោយឥតគិតថ្លៃ។ ក្នុងមួយថ្ងៃៗ មន្ទីរពេទ្យនេះ ទទួលព្យាបាលកុមារ និងស្ដ្រី ក្រីក្រ មកពីគ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា យ៉ាងហោចណាស់ ១៥០ ទៅ ២០០នាក់។ គិតមកដល់ឆ្នាំ២០១៨នេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការជាង ២៥ឆ្នាំ។ ក្នុងរយៈពេលនេះ កុមារ និងស្ដ្រីមានផ្ទៃពោះជិត ១៨លាននាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យនេះ។
មន្ទីរពេទ្យគន្ធបុប្ផាក្នុងមួយឆ្នាំៗ ត្រូវចំណាយថវិកាអស់ប្រមាណជា ៤០លានដុល្លារ។ ការចំណាយលើដំណើរការមន្ទីរពេទ្យទាំងមូល គឺមានការចូលរួមពីរដ្ឋាភិបាលស្វីសចំនួន ៤លានហ្វ្រង់ស្វីស ឬប្រហាក់ប្រហែល ៤លានដុល្លារ វិភាគទានពីរដ្ឋាភិបាលកម្ពុជា ១២លានដុល្លារ និងថវិកាប្រមាណជា ២៤លានដុល្លារទៀត បានពីការជួយឧបត្ថម ពីសប្បុរសជនក្នុងនិងក្រៅប្រទេស។ យោងតាមរបាយការណ៍របស់អគ្គកុងស៊ុលស្វីស ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានចាប់ផ្ដើមផ្ដល់ការគាំំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ១៩៩៤ ដែលរហូតមកដល់ពេលនេះ បានចំណាយថវិកាសរុបអស់ប្រមាណជា ៦០លានស្វីសហ្វ្រង់។
សម្ដេច ហ៊ុន សែន កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានចុះហត្ថលេខាបង្កើតជាផ្លូវការ នូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្ដសកម្មភាព របស់មន្ទីរពេទ្យមនុស្សធម៌មួយនេះ ឲ្យមានវត្ដមាននៅកម្ពុជាបន្ដទៀត ដើម្បីការរស់រានរបស់កុមារក្រីក្រ រាប់លាននាក់នៅកម្ពុជា។ សម្ដេចបន្ដថា កន្លងមកមន្ទីរពេទ្យគន្ធបុប្ផា មានមូលនិធិនៅក្រៅប្រទេស ហើយនៅពេលនេះមន្ទីរពេទ្យគន្ធបុប្ផា នឹងមានមូលនិធិនៅក្នុងប្រទេសបន្ថែមទៀត ដើម្បីប្រមូលធនធានក្នុងប្រទេស ជួយដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាក្នុងបទសម្ភាសន៍ផ្ដាចមុខ ជាមួយវិទ្យុស្ដ្រី លោកស្រី Rahel Boesch ប្រធានអគ្គកុងស៊ុលស្វីស ប្រចាំប្រទេសកម្ពុជា បង្ហាញក្ដីសង្ឃឹមថា មន្ទីពេទ្យគន្ធបុប្ផានឹងក្លាយជាមន្ទីរពេទ្យដែលមានគុណភាពខ្ពស់ ប្រកបដោយទំនុកចិត្ដ ពីប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ជួយដល់កុមារក្រីក្រនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ លោកស្រីក៏សំណូមពរដល់ប្រជាពលរដ្ឋខ្មែរដែលមានលទ្ធភាព ចួលរួមផ្ដល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបានផងដែរ៕